វិភាគ៖ តួនាទីពលរដ្ឋនិងអ្នកការទូតក្នុងការដោះស្រាយជម្លោះនយោបាយ

ឯកអគ្គរាជទូតប្រទេសកាណាដាប្រចាំព្រះរាជាណាចក្រកម្ពុជា លោក ហ្វីលីព ខាលវើត និងលោក កឹម សុខា (រូបភាពពីហ្វេសប៊ុកលោក កឹម សុខា)

កម្ពៅនយោបាយរវាងគណបក្សប្រជាជនកម្ពុជានិងគណបក្សសង្គ្រោះជាតិស្ទើរមួយអាណត្តិនេះ ឡើងក្តៅជាប្រចាំ។ មួយរយៈកាលចុងក្រោយនេះកម្តៅនយោបាយហាក់ឡើងដល់ចំណុចខ្ពស់ជាថ្មីទៀត នៅពេលលោក កឹម សុខា ត្រូវសមត្ថកិច្ចតាមចាប់ខ្លួន លោក សម រង្ស៊ី គេចចេញទៅក្រៅប្រទេស ហើយតំណាងរាស្ត្របក្សប្រឆាំងប្រកាសឈប់ចូលសភា។

លោក កឹម សុខា ប្រធានស្តីទីគណបក្សសង្គ្រោះជាតិសម្រេចស្នាក់នៅក្នុងស្នាក់ការកណ្តាលគណបក្សតាំងពីថ្ងៃទី២៦ខែឧសភាមករហូតដល់ពេលនេះ ដើម្បីគេចចេញពីការតាមចាប់ខ្លួនរបស់សមត្ថកិច្ច។

សមត្ថកិច្ចបានតាមចាប់ខ្លួនលោក កឹម សុខា តាំងពីថ្ងៃទី២៦ខែឧសភាមក ពាក់ព័ន្ធការចោទប្រកាន់ថាបានប្រព្រឹត្តបទល្មើសជាក់ស្តែងដោយសារមិនចូលខ្លួនធ្វើជាសាក្សីតាមការកោះរបស់តុលាការ។ ការមិនចូលខ្លួននេះដោយលោក កឹម សុខា បញ្ជាក់ថាលោកមានអភ័យឯកសិទ្ធិសភា ហើយថាតុលាការកំពុងរំលោភច្បាប់ឬគោរពអភ័យឯកសិទ្ធិអ្នកតំណាងរាស្ត្រ។

ចាប់តាំងពីលោក កឹម សុខា សម្រេចស្នាក់នៅក្នុងស្នាក់ការគណបក្សគេចចេញពីការចាប់ខ្លួនមកសកម្មជននិងអ្នកគាំទ្រគណបក្សសង្គ្រោះជាតិពីរាប់រយទៅរាប់ពាន់នាក់សម្រេចនាំគ្នាប្រមូលផ្តុំនៅស្នាក់ការគណបក្សប្រឆាំងនេះទាំងថ្ងៃទាំងយប់ ដើម្បីតាមដានស្ថានការណ៍នយោបាយនិងរារាំងសមត្ថកិច្ចមិនឲ្យចាប់ខ្លួនលោក កឹម សុខា។

ទន្ទឹមនឹងប្រជាពលរដ្ឋប្រមូលផ្តុំនៅស្នាក់ការកណ្តាលគណបក្សសង្គ្រោះជាតិនៅសង្កាត់ចាក់អង្រែលើ ក្នុងខណ្ឌមានជ័យនោះ មន្ត្រីទួតក៏បានចូលទៅជួបលោក កឹម សុខា នៅស្នាក់ការគណបក្សនេះជាបន្តបន្ទាប់ដែរ។

កាលពីថ្ងៃទី១៥ខែមិថុនា លោក Gerd Müller រដ្ឋមន្រ្ដីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចនិងអភិវឌ្ឍនៃរដ្ឋាភិបាលសហព័ន្ធអាល្លឺម៉ង់និងទូតអាល្លឺម៉ង់ប្រចាំកម្ពុជា បានជួបលោក កឹម សុខា។ បន្ទាប់មកឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុប, បារាំង និងកាណាដា ជាដើមបានចូលជូបជាមួយលោក កឹម សុខា ជាបន្តបន្ទាប់។

តើប្រជាពលរដ្ឋនិងមន្ត្រីទូតនានាមានតួនាទីសំខាន់ទេ ក្នុងការដោះស្រាយជម្លោះនយោបាយនៅពេលបច្ចុប្បន្ន?

អ្នកស្រាវជ្រាវនយោបាយជាតិនិងអន្តរជាតិលោក ឯម សុវណ្ណរ៉ា លើកឡើងថាការចូលរួមពីប្រជាពលរដ្ឋនិងអ្នកការទូតដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញឲ្យគណបក្សទាំងពីរចរចារកចំណុចរួមដោយឈរលើផលប្រយោជន៍របស់ជាតិ។

លោក ឯម សុវណ្ណរ៉ា ហៅការដែលមន្ត្រីទូតចូលជួបជាមួយគណបក្សប្រឆាំងបន្តបន្ទាប់នេះថា ជាដំណាក់កាលស្ទាបស្ទង់មួយចង់ដឹងពីស្ថានភាពពិតដែលរដ្ឋាភិបាលចោទប្រកាន់។ លោកបន្តថាជំហានបន្ទាប់មន្ត្រីទូតដែលមានការឈឺឆ្អាលនិងជាម្ចាស់ជំនួយរបស់កម្ពុជាទាំងនោះនឹងប្រមូលព័ត៌មានពីភាគីពាក់ព័ន្ធ ហើយទើបទៅជួបជាមួយរដ្ឋាភិបាលដើម្បីសម្រុះសម្រួល។

លោក ឯម សុវណ្ណរ៉ា បញ្ជាក់ថាចរិតអ្នកនយោបាយខ្មែរមិនសូវឲ្យតម្លៃខ្មែរគ្នាឯងក្នុងការចរចាទេ លុះត្រាតែមានភាគីទីបីឬបរទេសមកសម្រួលសម្រួលដូចជាកិច្ចព្រមព្រៀងទីក្រុងបារីស២៣តុលាជាដើម។

ពេលសួរថា តើអ្នកការទូតទាំងនោះមានឥទ្ធិពលលើកម្ពុជាដែរទេ បើលោកនាយករដ្ឋមន្ត្រីធ្លាប់បញ្ជាក់ថាកម្ពុជាជាប្រទេសមានអធិបតេយ្យភាពនិងមិនខ្វល់ពីអន្តរជាតិផ្តាច់ជំនួយនោះ?

លោក ឯម សុវណ្ណរ៉ា បញ្ជាក់ថា មានឥទ្ធិពលប្រសិនជាអន្តរជាតិរកឃើញថាប្រជាធិបតេយ្យនៅកម្ពុជាដើរផ្លូវខុសនោះ ពួកគេនឹងអនុវត្តតាមជំហានៗជាមួយរដ្ឋាភិបាល។ លោកបន្តថា “ភ័យបារម្ភហើយ អត់បារម្ភម៉េចការផ្តាច់ជំនួយជារឿងធំ កាលណាការផ្តាច់ជំនួយជាជំហានទី១របស់សហភាពអឺរ៉ុបហើយ បន្តបន្ទាប់ទៀតវាអាចទៅលើការនាំទំនិញទៅសហគមន៍អឺរ៉ុបឬទីផ្សារអាមេរិក នេះជាបញ្ហាដែលត្រូវគិតមិនមែនជាបញ្ហាដែលលោកចេះតែថានោះទេ”។

សាស្ត្រាចារ្យនយោបាយលោក សូ ចន្ថា ក៏យល់ឃើញប្រហាក់ហែលលោក ឯម សុវណ្ណរ៉ា ដែរគឺលោកថាបច្ចុប្បន្នស្ថានការណ៍នយោបាយកំពុងប្រាប់ទៅគណបក្សកាន់អំណាចឲ្យពិចារណាថាសកម្មភាពរបស់គណបក្សប្រឆាំងកំពុងទទួលបានការគាំទ្រពីប្រជាពលរដ្ឋនិងអ្នកការទូត។

លោក សូ ចន្ថា មើលឃើញថាការចូលរួមពីប្រជាពលរដ្ឋនិងអ្នកការទូតកំពុងធ្វើឲ្យកម្តៅនយោបាយបច្ចុប្បន្នធូរស្រាលមួយចំនួន៖ “រដ្ឋាភិបាលហាក់មិនសូវសំដែងការប្រើប្រាស់កម្លាំងក្នុងការចាប់ខ្លួនឯកឧត្តម កឹម សុខា ហ្នឹងជាការបន្ថយកម្តៅនយោបាយ ការបន្ថយនេះដោយសារប្រជាពលរដ្ឋសំដែងការគាំទ្រផងទី១ និងទី២ការចេញសេចក្តីថ្លែងការណ៍ពីអន្តរជាតិនិង ការសួរលោកសុខទុក្ខឯកឧត្តម កឹម សុខា ពីមន្ត្រីទូតបន្តបន្ទាប់”។

ផ្ទុយទៅវិញប្រសិនជាមិនមានការចូលរួមពីប្រជាពលរដ្ឋនិងអ្នកការទូតនានានោះលោក សូ ចន្ថា យល់ថាលោក កឹម សុខា នឹងត្រូវចាប់ខ្លួនជាមិនខាន។ លោកបញ្ជាក់ថាពេលមានការចាប់ខ្លួនលោក កឹម សុខា គឺកម្តៅនយោបាយមិនបញ្ចប់ទេ តែផ្ទុយទៅវិញនិងធ្វើឲ្យបញ្ហាកាន់តែរីករាលដាលខ្លាំង៖ “ជារួមពេលដែលមានការចាប់ខ្លួនអាចនឹងមានបាតុកម្មអាចនឹងមានការតវ៉ាពីប្រជាពលរដ្ឋដែលពួកគាត់យល់ថាការចោទប្រកាន់ហ្នឹងមិនត្រឹមត្រូវដែលមិនស្របទៅនឹងការពិតដែលពួកគាត់ថាផ្ទុយពីច្បាប់”។

រយៈពេល៥ឆ្នាំនៃអាណត្តិទី៥ជិតអស់ហើយតែក្នុងពេលដែលអស់នោះអ្នកនយោបាយប្រើពេលច្រើន ដើម្បីដោះស្រាយទំនាស់ដូចជាលោក ហ៊ុន សែន ទាស់ជាមួយលោក សម រង្ស៊ី រឿងចំនួនអ្នកចុចចូលចិត្តឬចុច Like ហ្វេសប៊ុក រឿងចោទថា លោក កឹម សុខា មានស្រីស្នេហ៍លួចលាក់ រឿងលោក ហ៊ុន សែន ប្រតិកម្មនិងអ្នកគាំទ្រគណបក្សប្រឆាំងចោទថាកូនប្រុសច្បងរបស់លោកជាកូនមេដឹកនាំវៀតណាមជាដើម។

រហូតដល់ចុងខែមិថុនា ឆ្នាំ២០១៦នេះ គេនៅមិនទាន់ដឹងឲ្យច្បាស់ថាអ្នកនយោបាយគណបក្សទាំងពីរគិតបន្តជម្លោះនេះ រហូតដល់ពេលឃោសនារកសំឡេងឆ្នោតនៅអាណត្តិក្រោយបន្ទាប់ទៀតឬយ៉ាងណានោះទេ?

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ