អាជ្ញាធរ​ឧតុនិយម​ព្រមាន​ពលរ​ដ្ឋ​ឲ្យ​ប្រុងប្រយ័ត្ន​ចំពោះ​ខ្យល់​កន្ត្រាក់​នៅ​ចុងខែ​នេះ​

រូបអគារស្ថានីយ៍ឧតុនិយមនៃ​ក្រសួងធនធានទឹក​និង​ឧតុនិយមកម្ពុជា

ក្រសួងធនធានទឹក និងឧតុនិយមកម្ពុជា បានព្រមានថា ប្រទេសកម្ពុជា អាចទទួលរងឥទ្ធិពលនៃកូនព្យុះមួយ ដែលបណ្ដាលមកពីជ្រលងសម្ពាធទាបកើតនៅសមុទ្រចិនខាងត្បូង។

អាជ្ញាធរឧតុនិយមកម្ពុជា បានឲ្យប្រកាសកាលពីថ្ងៃម្សិលមិញថា កូនព្យុះនេះ នឹងចាប់ផ្ដើមវិវត្តចាប់ពីថ្ងៃទី ២៥ ខែមិថុនានេះ ហើយវាធ្វើដំណើរទៅភាគពាយ័ព្យក្នុងល្បឿន ២០គីឡូម៉ែត្រក្នុងមួយម៉ោង ដែលមានឥទ្ធិពលលើតំបន់មួយចំនួនដូចជា តំបន់មាត់សមុទ្រ វាលទំនាប និង ខ្ពង់រាប។

បើតាមការព្យាករណ៍របស់ក្រសួងធនធានទឹក ស្ថានភាពនេះនឹងបង្កឲ្យមានភ្លៀងធ្លាក់ជាបន្តបន្ទាប់ លាយឡំនឹងខ្យល់បក់បោកខ្លាំងនៅតំបន់មាត់សមុទ្រចាប់ពីថ្ងៃទី ២៧ ខែ មិថុនា ដល់ថ្ងៃទី ០៣ ខែកក្ដដា។ ចំណែកឯខេត្តមួយចំនួននៅតំបន់វាលទំនាប នឹងមានភ្លៀងធ្លាក់បង្គួរទៅច្រើនរហូតដល់ដើមខែកក្ដដា។ ដោយឡែកតំបន់ខ្ពង់រាបមានដូចជាខេត្ត កំពង់ចាម ត្បូងឃ្មុំ មណ្ឌលគិរី និង ក្រចេះ នឹងមានភ្លៀងធ្លាក់ច្រើនបំផុត។

បើតាមស្ថានការណ៍នៃអាកាសធាតុនេះ ក្រសួងក៏ជំរុញឲ្យស្ថាប័នពាក់ព័ន្ធ ជាពិសេស ពលរដ្ឋបង្កើនការប្រុងប្រយ័ត្នខ្ពស់ចំពោះបាតុភូត ភ្លៀងលាយឡំនឹងផ្គររន្ទះ និងខ្យល់កន្ត្រាក់។ ដោយឡែកប្រជានេសាទ និងអ្នកទេសចរណ៍តាមកោះនានា ក្នុងលំហសមុទ្រ ត្រូវបង្កើនការប្រុងប្រយ័ត្នខ្ពស់ ដើម្បីជៀសវាងនូវគ្រោះថ្នាក់ផ្សេងៗ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ