នាយករដ្ឋមន្រ្តីសរសើរកញ្ញា ធី សុវណ្ណថា រឿងជួយការពារព្រៃឈើ

កញ្ញា ធី សុវណ្ណថា(រូបថតពីហ្វេសប៊ុក​របស់កញ្ញា)​

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅថ្ងៃសុក្រនេះ បានសរសើរសកម្មជនហ្វេសប៊ុក កញ្ញា ធី សុវណ្ណថា ដែលលោកថាបានចូលរួមក្នុងការជួយការពារបរិស្ថាន។

ក្នុងទិវាមច្ឆជាតិ នៅអាងទឹកអន្លង់ជ្រៃ ឃុំប្រាំបីមុំ ស្រុកថ្ពង ខេត្តកំពង់ស្ពឺ លោក ហ៊ុន សែន បានថ្លែងយ៉ាងខ្លីបែបសរសើរថាកញ្ញា ធី សុវណ្ណថា បានដឹកនាំក្រុមទៅតំបន់អារ៉ែង ដែលលោកនេះជាចលនាជួយការពារបរិស្ថានមួយ។ លោកបន្តថាលោកជំរុញនិងលើកទឹកចិត្តឲ្យមានចលនាបែបនេះ។ លោកថ្លែងថា៖ “កញ្ញាធី សុវណ្ណថាដែលជាគេហៅថាអ្នកលេងខាងហ្វេសប៊ុក គាត់ធ្លាប់ដឹកនាំក្រុមធ្វើដំណើរទៅតំបន់អារ៉ែង អញ្ចឹងទេអាហ្នឹងវាជាចលនាជួយការពារមួយ ជំរុញលើកទឹកចិត្តឲ្យពួកគាត់បន្តទៅ។ វាអត់មានអីខុសទេ ឲ្យទៅជួយការពារព្រៃឈើ កុំទៅជួយកាប់ឈើ កុំទៅជួយលួយលាក់ឈើ ប៉ុន្តែប្រជាពលរដ្ឋទាំងអស់ស្រឡាញ់ព្រៃឈើ ហើយគាត់ក៏ចូលរួមស្អប់ខ្ពើមចំពោះឈ្មួញនិងពួកអ្នកកាប់ឈើដែរ”។

នេះជាលើកដំបូងហើយដែលលោក ហ៊ុន សែន និយាយពីឈ្មោះធី សុវណ្ណថា ដែលបច្ចុប្បន្នជាប្រធានអង្គការយុវជនកិច្ចការសង្គម។ ក្នុងឱកាសទិវាមច្ឆានោះ លោក ហ៊ុន សែន ក៏បានលើកឡើងពីកញ្ញាមាស សុខសោភា តារាចម្រៀងផលិតកម្មថោន ក្នុងការបំបួសដើមឈើផងដែរ។ លោកជំរុញឲ្យការពារព្រៃឈើដែលកំពុងមាននិងដាំដើមឈើបន្ថែមទៀត។

មួយរយៈចុងក្រោយនេះ កញ្ញា ធី សុវណ្ណថា រងការរិះគន់ជាបន្តបន្ទាប់ពីសំណាក់អ្នកប្រើប្រាស់ហ្វេសប៊ុក ក្រោយពីកញ្ញាបានប្តឹងលោក កឹម សុខា ប្រធានស្តីទីគណបក្សសង្រ្គោះជាតិពី”អំពើបរិហារកេរ្តិ៍ តាមរយៈខ្សែអាត់សំឡេងផ្សព្វផ្សាយក្នុងសារព័ត៌មានFreshnews កាលពីថ្ងៃទី១ ខែមីនា ឆ្នាំ២០១៦និងតាមហ្វេសប៊ុកឈ្មោះរឿងពិតCNRP”។

កាលពីថ្ងៃទី១៣ ខែឧសភា កញ្ញា ធី សុវណ្ណថា បានប្រកាសថាខ្លួននឹងប្រមូលស្នាមមេដៃពីអ្នកគាំទ្រគណបក្សប្រឆាំងឲ្យបាន១លាននាក់ ដើម្បីទាមទារឲ្យលោក កឹម សុខា ចុះចេញពីតំណែងដែលមានក្នុងបក្ស។ ដោយសារការចេញមុខប្តឹងលោក កឹម សុខានិងចូលរួមសកម្មភាពមួយចំនួនប្រឆាំងនឹងលោក កឹម សុខា ហ្វេសប៊ុករបស់កញ្ញាត្រូវបានមនុស្សមួយចំនួនឈប់ចុចLikesជាបន្តបន្ទាប់។

ក្រោយការបោះឆ្នោតខែកក្កដា ឆ្នាំ២០១៣ កញ្ញា ធី សុវណ្ណថា បានចេញមុខចូលរួមបាតុកម្មរបស់គណបក្សសង្រ្គោះជាតិ។ កញ្ញាបានចេញមុខរិះគន់ការដឹកនាំរបស់រដ្ឋាភិបាលនិងលោកនាយករដ្ឋមន្រ្តី  ហ៊ុន សែន ផងដែរ។ កញ្ញាក៏ត្រូវបានលើកឡើងថាជាជនបង្កប់របស់គណបក្សប្រជាជនកម្ពុជាផងដែរ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ