បទយកការណ៍៖ ពលរដ្ឋនៅលើភ្នំគូលេនកើតកង្វល់ក្រោយអាជ្ញាធរគ្រោងជម្លៀសចេញពីតំបន់ទេស​ចរណ៍

ពលរដ្ឋជាង៣០០គ្រួសាររស់នៅលើភ្នំគូលេនបានត្អូញត្អែរប្រហាក់ប្រហែលគ្នា ក្រោយពីមានគម្រោងជម្លៀសពួកគេចេញពីចេញ ខណៈពួកគេបានប្រកបមុខរបរនៅតំបន់ទេសចរណ៍នោះតាំងពីអំឡុងឆ្នាំ១៩៩៧មក។ ក្រុមអ្នកភូមិសម្ដែងការព្រួយបារម្ភខ្លាចបាត់បង់ទ្រព្យសម្បត្តិរបស់ពួកគេនៅលើភ្នំគូលេនដោយបានសង់ផ្ទះធំទ្រនំខ្ពស់និងជីវភាពធូរធារ ក៏ដោយសារការបំរើសេវាទេសចរណ៍នៅតំបន់នោះដែរ។

កំពុងសម្លឹងមើលគេហដ្ឋានដែលមិនទាន់សង់រួចរាល់ បុរសវ័យចំណាស់ម្នាក់ លោក មាឃ ខុន បានសម្ដែងក្ដីបារម្ភពីការបាត់បង់លំនៅឋាននិងមុខរបរប្រចាំថ្ងៃដែលថាអ្នកភូមិគ្មានមុខរបរស្រែចំការក្រៅពីការលក់ដូររបស់របរបន្ដិចបន្ដួចឲ្យភ្ញៀវទេសចរណ៍នោះទេ។ បុរសវ័យ៦៣ឆ្នាំរូបនោះ បានឲ្យដឹងថារូបគាត់មកតាំងទីលំនៅជិត២០ឆ្នាំមកហើយ ប៉ុន្ដែបើអាជ្ញាធរមានគម្រោងឲ្យចាកចេញនោះ រូបគាត់នឹងជួបការលំបាក ខណៈដែលលោកមានវ័យកាន់តែចាស់។ លោកបន្ដថា៖ “បារម្ភខ្វះខាតលុយកាក់គ្រប់បែបយ៉ាងព្រោះតែយើងក្រហើយទៅនៅទីនោះគ្មានអីទីពឹង។ នៅទីនេះគ្រាន់បានលក់ដូរតិចតួចគ្រាន់បានចិញ្ចឹមជីវិតរកបានដោះអង្គការ[សងទៅគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ]ដើម្បីយកលុយធ្វើផ្ទះ។ ខ្ញុំមិនទាន់ដឹងទៅឬមួយយ៉ាងមិច ចាំមើលសមូហភាពគេ”។

ទោះជាយ៉ាងណាកាលពីដើមខែមិថុនា អ្នកភូមិឲ្យដឹងថាអាជ្ញាធរបានអះអាងថាមិនមានការរុះរើឬប្ដូរទីតាំងថ្មីនោះទេ ប៉ុន្ដែអាជ្ញាធរហាមពួកគាត់សាងសង់ផ្ទះបន្ដនិងរួមគ្នាថែរក្សាបរិស្ថាននិងហាមឃាត់ការកាប់បំផ្លាញព្រៃឈើដែលនាំឲ្យប៉ះពាល់ដល់ធនធានធម្មជាតិនៅតំបន់អតីតក្រុងអាណាចក្រខ្មែរនោះ។

ប៉ុន្តែនៅដើមខែកក្កដានេះ មន្ទីរបរិស្ថានខេត្ដសៀមរាបថាពលរដ្ឋជាង៣០០គ្រួសារនៅភូមិព្រះអង្គធំ ភ្នំគូលេន ស្រុកស្វាយលើ នឹងត្រូវជម្លៀសចេញទៅតំាងទីលំនៅផ្សេង ដើម្បីរៀបចំថែរក្សាបរិស្ថាននៅតំបន់ទេសចរណ៍ប្រវត្តិសាស្ដ្រដែលថាតំបន់នោះគ្រោងចុះបញ្ជីជាសម្បត្ដិបេតិកភណ្ឌវប្បធម៌ធម្មជាតិពិភពលោក។

ទោះជាយ៉ាងណាតាមពលរដ្ឋ គម្រោងជម្លៀសអ្នកភូមិនោះមិនទាន់មានអាជ្ញាធរមូលដ្ឋានជូនដំណឹងដល់អ្នកភូមិពីការផ្លាស់ប្ដូរទីតាំងថ្មីនៅឡើយទេ។

ស្ដ្រីជាអាជីវករជាង១០ឆ្នាំម្នាក់ទៀតអ្នកស្រី តូយ សាមឿន សម្ដែងការមិនពេញចិត្ដចំពោះគម្រោងនោះ ដែលអ្នកស្រីថាពួកគាត់មិនអាចចុះពីលើភ្នំទៅទីតាំងលំនៅផ្សេងបាននោះឡើយបើទោះបីអាជ្ញាធរផ្ដល់សំណងក្ដី។ អ្នកស្រីថាមុខរបរលក់ដូរវត្ថុអនុស្សាវរីយ៍ឲ្យភ្ញៀវទេសចរណ៍អាចផ្គត់ផ្គង់គ្រួសារបានធូរធារនិងផ្គត់ផ្គង់ដល់ការសិក្សារបស់កូនៗផងដែរ។

ស្ដ្រីសម្បុរសវ័យជិត៤០ឆ្នាំរូបបនោះនិយាយថាពួកគេរស់នៅភូមិទេសចរណ៍នោះគ្មានប៉ះពាល់ដល់បរិស្ថាននិងធនធានធម្មជាតិនៅលើភ្នំនោះឡើយ។ អ្នកស្រីបន្ថែមថាលំនៅឋាននិងមុខរបរនីមួយៗ ពួកគេបង្កើតឡើងដោយខ្ចីលុយពីធនាគារ ប៉ុន្ដែបើមានការជម្លៀសចេញពីតំបន់នោះ ធ្វើឲ្យគាត់ប្រឈមការរឹបអូសទ្រព្យសម្បត្ដិនិងបាត់បង់ការងារ។ អ្នកស្រីបន្ថែមថា៖ “និយាយឲ្យត្រង់ទៅខំលក់កេពីស្រុកដើម្បីរកស៊ីសង្ឃឹមថាយើងនៅទីនោះរហូតដោយគ្មានជម្លៀសចេញព្រោះអីរស់នៅយូឆ្នាំហើយ។ ហើយផ្ទះក៏ធំដុំដែរ ហើយមុខរបរនេះយើងនាំគ្នាដោះដូរយកលុយធនាគារមកធ្វើខ្ចីគេជាក្រុមក្នុងមួយក្រុមពីរលានបីលានយកមករកស៊ីហើយរកស៊ីនេះហើយមួយៗជំពាក់គេដែរ ហើយបើរដ្ឋាភិបាលចង់ដេញ ប្រជាជនមិនពេញចិត្ដដែរគឺមិនព្រមចេញទេ”។

តាមឯកសារផ្សេងៗបានបង្ហាញថាភ្នំគូលេនជាអតីតក្រុងអាណាចក្រខ្មែរនៅសតវត្សរិ៍ទី៥នៃស្ដេចជ័យវរ្ម័នទី២ ដែលមានចំងាយជិត៦០គីឡូម៉ែត្រពីខាងជើងក្រុងអង្គរ ហើយភ្នំនេះជាតំបន់ទេសចរណ៍ប្រវត្ដិសាស្ដ្របុរាណមួយដែលភ្ញៀវជាតិនិងអន្ដរជាតិទៅទស្សនាជារៀងរាល់ថ្ងៃ។ ថ្មីៗនេះភ្នំគូលេនត្រូវបានអ្នកបុរាណវិទូរកឃើញមានទីក្រុងបុរាណនិងប្រាសាទបុរាណជាច្រើននៅតំបន់ភ្នំគូលេននោះផងដែរ។

បុរសវ័យ៦២ឆ្នាំមួយរូបទៀតក្នុងចំណោមអ្នកភូមិជាច្រើនទៀតដែលមានបុខរបរដឹកភ្ញៀវទេសចរណ៍បានផ្ដល់បទសម្ភាសន៍ដល់VODកាលពីថ្ងៃអង្គារទី៤ខែកក្កដានេះ។ លោក ម៉ក់ ឃាង បានលើកឡើងពីច្បាប់ភូមិបាលថាពលរដ្ឋដែលរស់នៅមុនច្បាប់នោះចេញកាលពីឆ្នាំ២០០១មិនអាចជម្លៀសចេញពីភូមិដើម្បីធ្វើការអភិវឌ្ឍនោះបានឡើយ បើមិនមានការយល់ព្រមពីភាគីពាក់ព័ន្ធ។ លោកថាអាជ្ញាធរគួរតែរៀបចំភូមិដ្ឋានឲ្យពលរដ្ឋនៅតំបន់ទេសចរណ៍នោះឲ្យមានស្ដង់ដារតឹ្រមត្រូវប្រសើរជាងការជម្លៀសទៅតំបន់ផ្សេង ខណៈដែលពួកគេមានមុខរបរស្របច្បាប់ត្រឹមត្រូវ និងបានចំណាយពេលរាប់សិបឆ្នាំដើម្បីឲ្យជីវភាពគ្រួសារប្រសើរឡើង។ លោកបន្ដថា៖ “គាត់មិនចុះទេ បានថាមិនចុះគាត់តស៊ូយូរហើយទី១ ទី២គាត់រស់នៅដោយសារលក់របស់របរអនុស្សាវរីយ៍តិចតួចដើម្បីចិញ្ចឹមជីវិតហើយគាត់ដោះដូរឲ្យទៅនៅក្រោមឲ្យគាត់រកស៊ីអីឲ្យឡើងមកលក់វិញអូនគិតមើលដី២០គីឡូម៉ែត្រពីជើងភ្នំកមកកន្លែងលក់នេះទៅហើយហ្នឹង មកធ្វើមិនរួចទេ។ គឺគាត់មិនចុះទេតែបើយើងមានវិធានការណាមួយឲ្យមានលំដាប់ទឹកស្អាតអនាម័យហ្នឹងបានយើងអាចធ្វើបាន”។

ទឹកមុខបង្ហាញពីក្ដីបារម្ភផង បុរសវ័យចំណាសរូបនោះបន្ដថាការផ្លាស់ប្ដូរពួកគាត់ឲ្យទៅជើងភ្នំវិញនោះ ពួកគេធ្វើការបដិសេធដោយសារកន្លែងថ្មីមានចំងាយប្រមាណ២០គីឡូម៉ែត្រពីកន្លែងចាស់ដែលលោកថាពិបាកធ្វើដំណើរឡើងចុះភ្នំក្នុងការប្រកបរបរសេវាកម្មទេសចរណ៍។

ដោយឡែកលំនៅឋានពលរដ្ឋនៅភូមិព្រះអង្គធំខ្លះធ្វើអីពីថ្មនិងមួយចំនួនទៀតសាងសង់ពីឈើប្រក់ស៊ីប្រូស៊ីម៉ង់ត៍ដែលពលរដ្ឋអះអាងថាបានចំណាយថវិការាប់ម៉ឺនដុល្លារកសាងលំនៅឋានទាំងនោះ ដែលមកដល់ពេលនេះខ្លះរស់នៅជិត២០ឆ្នាំមកហើយ។

ករណីនេះប្រធានមន្ទីរបរិស្ថានខេត្ដសៀមរាបលោក ភួង លីណា មានប្រសាសន៍ថាពលរដ្ឋដែលត្រូវចាកចេញពីភូមិព្រះអង្គធំមានប្រមាណជាង៣០០គ្រួសារដែលជាគ្រួសារកងទ័ពនិងពលរដ្ឋដែលបានតាំងទីលំនៅថ្មីៗ ប៉ុន្ដែលោកថាចំណែកសំណង់លក់ដូរផ្សេងៗអាជ្ញាធរនឹងរៀបចំឲ្យមានសណ្ដាប់ធម្មតាឡើងវិញ ដែលលោកថាទីតាំងថ្មីស្ថិតនៅមិនឆ្ងាយពីទីតាំងចាស់។ លោកបន្ដថា៖ “បើគាត់រស់នៅលើហ្នឹងយើងមិនអាចយកគាត់រស់នៅឆ្ងាយពីកន្លែងហ្នឹងបានទេ ប្រាកដជានៅជិតៗហ្នឹង តាមព័ត៌មានយកគាត់យើងយកតែលំនៅឋានទេតែអាជីវកម្មយើងមិនយកគាត់ទេ”។

ឃុំខ្នងភ្នំ ស្រុកស្វាយលើ មានចំនួន៩ភូមិដែលមាននៅពលរដ្ឋរស់នៅ៩៧០គ្រួសារ ពួកគេភាគច្រើនប្រកបរបរធ្វើស្រែចំការវិលជុំ ប៉ុន្ដែសម្រាប់ភូមិព្រះអង្គធំភាគច្រើនពួកគេរស់នៅក្រោយឆ្នាំ១៩៩៨និងមានមុខរបរលក់ដូរវត្ថុអនុស្សាវរីយក្រោយការរៀបចំតំបន់ទេសចរណ៍ទឹកធ្លាក់ភ្នំគូលេននោះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ