​អ្នកភូមិ​នៅ​សៀមរាប និង​ឧត្ដរមានជ័យ ចោទ​ទាហាន​មួយក្រុម​ថា​បំផ្លាញ​ដំណាំ​កសិកម្ម​ពួកគេ​

​ដំណាំ​កសិកម្ម​របស់ពលរដ្ឋ​ដែលត្រូវ​ទាហាន​មួយ​ក្រុម​បាន​បំផ្លាញ(រូបថត៖ បូ សាវី)

អ្នកភូមិមានជម្លោះដីធ្លីនៅស្រុកស្វាយលើ ខេត្ដសៀមរាប និងស្រុកត្រពាំងប្រាសាទ ខេត្ដឧត្ដរមានជ័យ បានចោទប្រកាន់យោធាមួយក្រុមនៃយោធភូមិភាគទី៤ថា បានបំផ្លាញដំណាំកសិកម្មរបស់ពួកគេជាច្រើនហិកតា ដើម្បីបណ្ដេញពួកគេចេញពីដីមានជម្លោះ។

ពលរដ្ឋនៅភូមិសែនជ័យ ឃុំកន្ទួត លោក ម៉ុក ស៊ីណា បានប្រាប់វីអូឌី( VOD) កាលពីថ្ងៃសុក្រម្សិលមិញថា ចាប់តាំងពីដើមខែកក្កដានេះ ដំណាំកសិកម្មអ្នកភូមិរួមមាន ដំឡូង និងស្រូវជាច្រើនហិកតា នៅតំបន់អូរទី៤ ក្នុងស្រុកស្វាយលើ ត្រូវបានក្រុមទាហានប្រដាប់ដោយអាវុធ នៅយោធភូមិភាគទី៤ បានកាប់បំផ្លាញ និងបាញ់ថ្នាំឲ្យងាប់ ដែលលោកថា សកម្មភាពទាំងនោះក្នុងគោលបំណងដើម្បីបណ្ដេញពួកគាត់ចេញពីដីមានជម្លោះ។

លោកបន្ដថា ជម្លោះដីធ្លីបានកើតឡើងជាច្រើនឆ្នាំមកហើយ ដោយមានចំណាពីខុទ្ធកាល័យនាយករដ្ឋមន្ដ្រីឲ្យថ្នាក់ក្រោមជាតិដោះស្រាយ ប៉ុន្ដែ លោកថា អភិបាលរងខេត្ដសៀមរាបលោក លី សំរិទ្ធិ បានចុះដល់ដីមានជម្លោះនោះ គ្រាន់តែបន្ថយកម្ដៅពលរដ្ឋប៉ុណ្ណោះ ដែលលោកថា មិនមានវិធានការណាដែលអាចឲ្យពលរដ្ឋជឿជាក់ឡើយ។

មេភូមិផ្អាវ ឃុំត្រពាំងប្រាសាទ លោក ជិន ជួន ឲ្យដឹងថា ដំណាំស្រូវពលរដ្ឋជាងមួយហិកតា ក៏បានខូចខាតផងដែរ ដែលលោកថា ដោយសារយោធាបាញ់ថ្នាំឲ្យងាប់រួចហើយយកដីនោះកាន់កាប់។ លោកបន្ដថា ពលរដ្ឋបានបង្កបង្កើនផលជាច្រើនឆ្នាំមកហើយ ប៉ុន្ដែ នៅដើមខែកក្កដានេះ ត្រូវក្រុមកងទ័ពដែលប្រចាំការនៅទីនោះ បាញ់ថ្នាំឲ្យងាប់ជាបន្ដបន្ទាប់ ដោយគ្មានដំណោះស្រាយទៅវិញ។

VOD មិនអាចទាក់ទងក្រុមយោធានៃយោធភូមិភាគទី៤ ដើម្បីឆ្លើយតបពីការចោទប្រកាន់នោះបានទេ។ ចំណែកអាជ្ញាធរស្រុកត្រពាំងប្រាសាទ ខេត្ដឧត្ដរមានជ័យ VOD ក៏មិនអាចទាក់ទងបានដែរ។

អភិបាលរងខេត្ដសៀមរាប លោក លី សំរិទ្ធិ មានប្រសាសន៍ថា លោកកំពុងពិនិត្យលើដីជម្លោះនោះ ប៉ុន្ដែ លោកថា រឿងការបំផ្លាញដំណាំកសិកម្មនោះ លោកមិនបានដឹងនោះឡើយ។

មន្ដ្រីឃ្លាំមើលការរំលោភសិទ្ធិមនុស្ស នៃសមាគមអាដហុកខេត្ដសៀមរាប លោក សួស ណារិន មានប្រសាសន៍ថា បើសិនយោធាបំផ្លាញដំណាំកសិកម្មពលរដ្ឋមែននោះ លោកថា ជាទង្វើមួយខុសគោលការណ៍របស់រដ្ឋាភិបាល និងរំលោភសិទ្ធិរស់រានមានជីវិតពលរដ្ឋ ដែលថាមានចែងក្នុងច្បាប់រដ្ឋធម្មនុញ្ញ។

លោកបានស្នើឲ្យអាជ្ញាធរដោះស្រាយដោយសន្ដិវិធី ជាជាងការគំរាមកំហែងដល់ពួកគេ។

បើតាមពលរដ្ឋឲ្យដឹងថា ដំណាំកសិកម្មទំហំ ២ហិកតារបស់ប្រជាពលរដ្ឋ ៤គ្រួសារ នៅភូមិសែនជ័យ ស្រុកស្វាយលើ ត្រូវបានបំផ្លិចបំផ្លាញអស់ ខណៈដែលដំណាំកសិកម្មទំហំ ១ហិកតាកន្លះរបស់ប្រជាពលរដ្ឋ ២គ្រួសារទៀតស្ថិតនៅភូមិផ្អាវ ស្រុកត្រពាំងប្រាសាទ ក៏រងការបំផ្លិចបំផ្លាញផងដែរ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ