នាយករដ្ឋមន្រ្តី​បញ្ជាឲ្យ​សមត្ថកិច្ច​ចាត់វិធា​ន​ការម៉ឹងម៉ាត់ចំពោះការបាញ់សម្លាប់លោក កែម ឡី​

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន កាលពីកន្លងទៅ​

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅរសៀលថ្ងៃអាទិត្យនេះ បានចូលរួមរំលែកទុក្ខដល់សពលោក កែម ឡី អ្នកវិភាគសង្គម ដែលត្រូវបានបាញ់សម្លាប់កាលពីព្រឹកមិញ។

លោកបណ្ឌិត កែម ឡី អ្នកវិភាគព្រឹត្តិការណ៍សង្គមឯករាជ្យត្រូវបានខ្មាន់កំាភ្លើងបាញ់សម្លាប់នៅម៉ោងប្រមាណ៩ព្រឹកថ្ងៃអាទិត្យនេះនៅម៉ាតលក់ទំនិញមួយក្បែរស្តុបបូកគោ។

លោក ហ៊ុន សែន បានសរសេរនៅម៉ោងជាង៣រសៀលលើហ្វេសរបស់លោកថា៖ “ខ្ញុំសូមចូលរួមមរណទុក្ខចំពោះមរណភាពរបស់លោក កែម ឡី ដែលត្រូវខ្មាន់កាំភ្លើងបាញ់ប្រហារយ៉ាងឃោរឃៅដែលខ្ញុំសូមថ្កោលទោសអំពើរដ៏ព្រៃផ្សៃនេះ”។ លោកបន្ថែមថា៖ “សូមឱ្យស្ថាប័នមានសមត្ថកិច្ចចាត់វិធានការយ៉ាងម៉ឹងម៉ាត់ចំពោះករណីយនេះនិងខិតខំត្រួតពិនិត្យអាវុធជាតិផ្ទុះនិងចាត់វិធានការពង្រឹងសន្តិសុខដើម្បីការពារសុវត្ថិភាពប្រជាជននៅទូទាំងប្រទេស”។

ភរិយារបស់លោក កែម ឡី អ្នកស្រី ប៊ូ រចនា បានប្រាប់វីអូឌីថាប្តីរបស់អ្នកស្រីមិនដែលមានបញ្ហាជាមួយអ្នកណានោះទេ។ អ្នកស្រីបានច្រានចោលការលើកឡើងថាលោក កែម ឡី ជំពាក់លុយគេមិនសង។ អ្នកស្រីចាត់ទុកករណីនេះជារឿងនយោបាយ។

ក្រោយពីការបាញ់សម្លាប់ ខ្មាន់កាំភ្លើងម្នាក់ដែលគេអះអាងថាជាអ្នកបាញ់លោក កែម ឡី ត្រូវបានសមត្ថកិច្ចចាប់ខ្លួន។

ក្រសួងមហាផ្ទៃបានចេញសេចក្តីប្រកាសព័ត៌មានមួយថាក្រសួងនឹងបន្តចាត់វិធានការស្រាវជ្រាវស៊ើបអង្កេតឲ្យបានល្អិតល្អន់ថែមទៀតតាមនីតិវិធីចំពោះឃាតកម្មលើលោកបណ្ឌិត កែម ឡី។ ក្រសួងបានថ្កោលទោសយ៉ាងដាច់អហង្ការចំពោះ”អំពើមនុស្សឃាតដ៏សាហាវឃោឃៅនេះ”ហើយក្រសួងនេះប្ដេជ្ញាចាត់វិធានការស្រាវជ្រាវស៊ើបអង្កេតឲ្យបានល្អិតល្អន់ថែមទៀតតាមនីតិវិធី។ ក្រសួងមហាផ្ទៃក៏បានអំពាវនាវឲ្យមហាជន ទុកលទ្ធភាពឲ្យកម្លាំងមានសមត្ថកិច្ចបន្តកិច្ចការតាមជំនាញនិងដើម្បីបញ្ចៀសការផ្សព្វផ្សាយព័ត៌មានមិនពិត។

ក្រសួងមហាផ្ទៃក៏បានឲ្យដឹងថាខ្មាន់កាំភ្លើងដែលបានបាញ់ប្រហារលោកបណ្ឌិត កែម ឡី មានឈ្មោះ ជួប សម្លាប់ អាយុ៣៨ឆ្នាំ និងមានស្រុកកំណើតនៅឯស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ។ ទោះជាយ៉ាងណា ក្រសួងមហាផ្ទៃពុំបានបញ្ជាក់ពីមូលហេតុនៃបាញ់ប្រហារលើលោកបណ្ឌិត កែម ឡី នោះឡើយ ដោយគ្រាន់តែប្រាប់ថាជនដៃដល់ធ្លាប់ទៅរស់នៅនិងធ្វើជាកម្មករនៅចម្ការដំណាំនៅខេត្តស្រះកែវ ប្រទេសថៃ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ