សង្គមស៊ីវិល៖ ចំណូលពីការជួលដីសម្បទានមិនស្មើនឹងការបាត់បង់ធនធានធម្មជាតិ

រដ្ឋាភិបាលអះអាងថាថវិកាបានពីជួលដីសម្បទានសេដ្ឋកិច្ចមានជាងមួយលានដុល្លារកាលពីឆ្នាំ២០១៥និងជាង៦០ម៉ឺនដុល្លារគិតត្រឹមពាក់កណ្តាលឆ្នាំ២០១៦ ខណៈដែលអ្នកជំនាញដីធ្លីនិងសកម្មជនបរិស្ថានយល់ឃើញថាចំណូលនេះហាក់មិនសមស្របនឹងផ្ទៃដីសរុបជាង១,៥លានហិកតានោះ។

រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក វេង សាខុន ថ្លែងនៅក្នុងពិធីជួបសំណេះសំណាលជាមួយក្រុមហ៊ុនវិនិយោគសម្បទានសេដ្ឋកិច្ចកាលពីម្សិលមិញថា ចំណូលដែលក្រសួងទទួលបានពីថ្លៃឈ្នួលដីសម្បទានសេដ្ឋកិច្ចបានជាង៦០ម៉ឺនដុល្លារគិតត្រឹមពាក់កណ្តាលឆ្នាំ២០១៦នេះ ហើយក្រសួងរំពឹងថាចំណូលនេះនឹងអាចកើនដល់ជិត២លានដុល្លារនៅដំណាក់ឆ្នាំនេះ។

ការប៉ាន់ប្រមាណអំពីចំណូលពីការជួលដីសម្បទានសេដ្ឋកិច្ចត្រូវបានមន្រ្តីសង្គមស៊ីវិលយល់ឃើញថាវាគួរតែបានច្រើនជាងអ្វីដែលក្រសួងបង្ហាញឲ្យដឹង។

ប្រធានក្រុមកិច្ចការពិសេសសិទ្ធិមនុស្សកម្ពុជា (CHRTF) លោក អ៊ូច ឡេង និងជាសកម្មជនព្រៃឈើគិតថា ចំណូលដែលក្រសួងទទួលបាននោះនៅតិចតួច បើធៀបនឹងតម្លៃធនធានធម្មជាតិដែលលោកថាមានតម្លៃរាប់កោដិដុល្លារបានបាត់បង់នៅក្នុងការសម្បទានដីធ្លីនោះ។ លោកដាក់ការសង្ស័យថាមានភាពមិនប្រក្រតីច្រើនក្នុងការបង់ពន្ធរបស់ក្រុមហ៊ុនទាំងនោះ។

លោកនិយាយថា៖ “រដ្ឋាភិបាលគួរតែចាត់វិធានការយ៉ាងម៉េចថាយើងប្រើប្រាស់ធនធានធម្មជាតិ ហើយយើងបានចំណូលជាជាងយើងយកពន្ធដោយសារបន្លំប្រកូវជាមួយក្រុមហ៊ុនឯកជន”។

បើតាមក្រសួងកសិកម្ម បច្ចុប្បន្នមានក្រុមហ៊ុនសម្បទានដីសេដ្ឋកិច្ចកំពុងធ្វើសកម្មភាពចំនួន២២៣ក្រុមហ៊ុនក្នុងខេត្តចំនួន១៨ដែលមានផ្ទៃដីតាមកិច្ចសន្យានិងគោលការណ៏ចំនួនប្រមាណ១ ៥៥២ ៧០០ ហិកតានិងផ្ទៃដីអាជីវកម្ម-ផលិតកម្មសរុបប្រមាណ១លាន៦៩ពាន់ហិកតា។

យោងតាមកិច្ចសន្យាជួលសម្បទានដីសេដ្ឋកិច្ច សម្បទានិកឬអ្នកជួលដីត្រូវបង់ប្រាក់៥ដុល្លារក្នុងមួយហិកតាក្នុងមួយឆ្នាំគិតពីឆ្នាំទី៦ទៅ។

ប្រធានផ្នែកដីធ្លីនៃសមាគមអាដហុកលោក ឡាត់ គី សុំមិនធ្វើការអត្ថាធិប្បាយច្រើនទៅលើបញ្ហាប្រាក់ចំណូលនៃការជួលដីសម្បទានសេដ្ឋកិច្ច ដោយលោកថាព្រោះតែក្រសួងកសិកម្មក៏ដូចជារដ្ឋាភិបាលមិនបើកចំហរព័ត៌មាននេះឲ្យសាធារណៈជន។ បញ្ហានេះហើយ លោកថាប្រាក់ចំណូលបានពីដីសម្បទានសេដ្ឋកិច្ចមិនសូវមានតម្លាភាព។

លោកប្រាប់ថា៖ “ជាទូទៅយើងបានដឹងហើយថាអាដហុកក៏បានធ្វើការស្រាវជ្រាវរឿងបញ្ហាសម្បទានសេដ្ឋកិច្ចហ្នឹងមុនគេ ហើយយើងរកអត់ឃើញពីផលចំណេញប៉ុន្មានទេ សម្រាប់រាជរដ្ឋាភិបាលអីចឹងហើយបានជាយើងផ្តល់អនុសាសន៍នៅក្នុងការជំរុញឲ្យមានការពិចារណាឡើងវិញ”។

កាលពីខែវិច្ឆិកា ឆ្នាំ២០១៥ រដ្ឋាភិបាលបានចេញការព្រមានក្រុមហ៊ុន ម៉ុង ឫទ្ធី ដែលធ្វើការវិនិយោគដូងប្រេងនិងដំណាំកសិឧស្សាហកម្មនៅខេត្តព្រះសីហនុ ដោយថាបង់ថ្លៃដីសម្បទានសេដ្ឋកិច្ចយឺតពេល។ ករណីនេះក្លាយជាបញ្ហាចម្រូងចម្រាស ខណៈក្រុមហ៊ុនបានលើកឡើងថាខ្លួនបានបង់ប្រាក់រួចមកហើយ។

បើតាមរបាយការណ៍ស្តីពីដីសម្បទានសេដ្ឋកិច្ចរបស់វេទិកានៃអង្គការមិនមែនរដ្ឋាភិបាលស្តីពីកម្ពុជាហៅកាត់ NGO forum ការផ្តល់សម្បទានដីរយៈពេល២០ឆ្នាំមកនេះមិនបានជួយកាត់បន្ថយភាពក្រីក្ររបស់ជនជាតិដើមភាគតិចដែលរស់នៅភូមិភាគខាងជើងនិងភាគឦសាននោះទេ។

តែរបាយការណ៍នោះបញ្ជាក់ថាការផ្តល់ដីសម្បទាននោះបានធ្វើឲ្យប៉ះពាល់ដល់ជីវភាព វប្បធម៌ ទំនៀមទម្លាប់ប្រពៃណី របស់ជនជាតិដើម ដូចជាការបាត់បង់ដីចំការវិលជុំ ដីកប់សពដូនតា ដីអារក្ស និងការស្វែងរកអនុផលព្រៃឈើសម្រាប់ចិញ្ចឹមជីវិតប្រចាំថ្ងៃ បើទោះបីរដ្ឋាភិបាលបានចេញសារាចរណែនាំលេខ០១កាលពីឆ្នាំ២០១២ប្រកាសឈប់ផ្តល់ដីសម្បទាននិងបញ្ជាឲ្យដោះស្រាយជម្លោះដីធ្លី ដោយតម្រូវឲ្យកាត់ឃ្វៀលដីអ្នកភូមិចេញពីដីក្រុមហ៊ុន ដើម្បីកាត់បន្ថយជម្លោះក៏ដោយ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ