​កម្ពុជា​លក់​ឥណទាន​កាបូន​ខ្នាត​ធំ​លើក​ដំបូង​ដល់​ក្រុមហ៊ុន​ភាពយន្ត​អាមេរិក​

ប្រទេស​កម្ពុជា បានសម្រេច​លក់​គម្រោង​ឥណទាន​កាបូន​ធំជាងគេ​លើកដំបូង​របស់​ខ្លួន ស្ថិត​ក្នុង​ដែន​ជម្រង​សត្វ​ព្រៃកែ​វសីមា ខេត្ត​មណ្ឌលគិរី ទៅឲ្យ​ក្រុមហ៊ុន​ផលិត​ភាពយន្ត​គំនូរជីវចល​ដ៏​ធំ​មួយ​របស់​អាមេរិក មានតម្លៃ​ជាង ២​លាន​ដុល្លារ​សម្រាប់​រយៈពេល​ពីរ​ឆ្នាំ​។​ ​ក្នុង​សេចក្តីប្រកាស​ព័ត៌មាន​មួយ​ចុះ​ថ្ងៃ​ទី​២៣ ខែកក្កដា ឆ្នាំ​២០១៦ អង្គការ​សមាគម​អភិរក្ស​សត្វព្រៃ (WCS) លើកឡើងថា ឥណទាន​កាបូន ជា​ការរួមចំណែក​ក្នុង​ការកាត់បន្ថយ​ការបញ្ចេញ​ឧស្ម័ន​កាបូនិច​ទៅ​ក្នុង​បរិយាកាស និង​កាត់បន្ថយ​ការប្រែប្រួល​អាកាសធាតុ តាមរយៈ​ការ​យក​ថវិកា​ទាំងនោះ​ទៅ​ប្រើប្រាស់​ក្នុង​ការអភិរក្ស​ព្រៃឈើ​។

ប្រទេសកម្ពុជា បានសម្រេចលក់គម្រោងឥណទានកាបូនធំជាងគេលើកដំបូងរបស់ខ្លួន ស្ថិតក្នុងដែនជម្រងសត្វព្រៃកែវសីមា ខេត្តមណ្ឌលគិរី ទៅឲ្យក្រុមហ៊ុនផលិតភាពយន្តគំនូរជីវចលដ៏ធំមួយរបស់អាមេរិក មានតម្លៃជាង ២លានដុល្លារសម្រាប់រយៈពេលពីរឆ្នាំ។

ក្នុងសេចក្តីប្រកាសព័ត៌មានមួយចុះថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៦ អង្គការសមាគមអភិរក្សសត្វព្រៃ (WCS) លើកឡើងថា ឥណទានកាបូន ជាការរួមចំណែកក្នុងការកាត់បន្ថយការបញ្ចេញឧស្ម័នកាបូនិចទៅក្នុងបរិយាកាស និងកាត់បន្ថយការប្រែប្រួលអាកាសធាតុ តាមរយៈការយកថវិកាទាំងនោះទៅប្រើប្រាស់ក្នុងការអភិរក្សព្រៃឈើ។

បើតាមសេចក្តីប្រកាសព័ត៌មានដដែល ដែនជម្រកសត្វព្រៃកែវសីមាមានទំហំផ្ទៃព្រៃសរុរសជិត ៣០ម៉ឺនហិកតា ហើយអាចស្រួបឧស្ម័នកាបូនិចបានចំនួន ១៤លានតោន នៅចន្លោះឆ្នាំ២០១០ ដល់ឆ្នាំ២០១៩។

មន្ត្រីគម្រោងកាត់បន្ថយឧស្ម័នផ្ទះកញ្ចក់ ដែលបណ្តាលមកពីការបាត់បង់ព្រៃឈើ និងការរេចរឹលព្រៃឈើរបស់អង្កការ WCS លោក យៀង ដូណាល់ ប្រាប់វីអូឌីថា ក្រុមហ៊ុន Disney បានចំណាយប្រាក់ ២,៦លានដុល្លារ ទិញកាបូនចំនួន ៣៦ម៉ឺនតោនពីដែនជម្រកសត្វព្រៃមួយនេះ ចាប់ពីឆ្នាំ២០១៧ ដល់២០១៨។

លោកថា ការទិញនេះមិនទាន់អស់លទ្ធភាពដែលតំបន់ជម្រកសត្វព្រៃនេះ អាចស្រូបឧស្ម័នកាបូនិចនេះនៅឡើយ។ លោកសង្ឃឹមថា នឹងមានក្រុមហ៊ុនល្បីៗដទៃទៀតចូលរួមទិញឥណទាណការបូនដូចក្រុមហ៊ុន Disney ដែរ។

លោកបន្ថែមថា៖ “ក្រុមហ៊ុន Disney ជាក្រុមហ៊ុនផលិតគំនូរជីវចលដែលសម្តែងទាក់ទងនឹងព្រៃឈើបរិស្ថាន ដែលនាំឲ្យគាត់ចូលចិត្ត និងពេញចិត្តការពារបរិស្ថាន…ក្រុមហ៊ុនបានទិញឥណទានកាបូននៅប្រទេសផ្សេងទៀតផងដែរ“។

បើតាមលោក យៀង ដូណាល់ ថវិកាបានពីការលក់ឥណទានកាបូននេះនឹងយកទៅប្រើប្រាស់សម្រាប់ការអភិរក្សព្រៃឈើក្នុងតំបន់អភិរក្ស និងជីវភាពរបស់សហគមមូលដ្ឋាននៅក្នុងតំបន់កែវសីមានេះ។

លោកបន្តថា កន្លងមកធ្លាប់មានគម្រោងលក់ឥណទានកាបូនដូចគ្នានេះដែរ នៅក្នុងខេត្តឧត្តរមានជ័យ ប៉ុន្តែ លោកថា ក្នុងទំហំព្រៃតូច និងថវិកាប្រហែលជា ៥ ទៅ ៧ម៉ឺនដុល្លារប៉ុណ្ណោះ។

រដ្ឋមន្ត្រីក្រសួងបរិស្ថាន លោក សាយ សំអាល់ ត្រូវបានដកស្រង់សម្តីដាក់ក្នុងសេចក្តីប្រកាសព័ត៌មានថា ការទិញឥណទានកាបូននេះនឹងផ្តល់នូវនីរន្តរភាពថវិកាសម្រាប់ព្រៃឈើនៅកម្ពុជា និងថា ថវិកាស្ទើរទាំងអស់ ត្រូវចំណាយទៅលើការការពារព្រៃឈើ និងអភិវឌ្ឍសហគមន៍៕

CCIM/VOD

រក្សាសិទ្វិគ្រប់យ៉ាង។ គ្មានផ្នែកណាមួយនៃអត្ថបទនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។