មន្រ្តីរដ្ឋាភិបាលមួយរូបថាអត់ជំនឿបានយុត្តិធម៌ពីតុលាការករណីវិវាទដីវិហារឥស្លាម

វិហារឥស្លាមក្នុងតំបន់បឹងកក់

មន្រ្តីរដ្ឋាភិបាលមួយរូបមិនមានជំនឿថានឹងទទួលបានយុត្តិធម៌ពីតុលាការនោះទេ ករណីរងបណ្តឹងបរិហារកេរ្តិ៍រឿងវិវាទដីវិហារឥស្លាមក្នុងតំបន់បឹងកក់។

តុលាការនៅរសៀលថ្ងៃអង្គារម្សិលមិញបានបើកសវនាការជំនុំជម្រះបណ្តឹងបរិហារកេរ្តិ៍មួយ ដែលរដ្ឋលេខាធិការក្រសួងការងារនិងជាប្រធានមូលនិធិអភិវឌ្ឍន៍មូស្លីមលោក អូស្មាន ហាស្សាន់ ប្តឹងរដ្ឋលេខាធិការក្រសួងសង្គមកិច្ចលោក អះម៉ាត់ យ៉ះយ៉ា។

លោក អូស្មាន ហាស្សាន់ បានទាមទារសំណងជំងឺចិត្តចំនួន១លានដុល្លារអាមេរិកពីលោក អះម៉ាត់ យ៉ះយ៉ា ហើយតុលាការនឹងប្រកាសសាលក្រមនៅថ្ងៃទី១៥ខែសីហាខាងមុខនេះ។

រដ្ឋលេខាធិការក្រសួងសង្គមកិច្ច លោក អះម៉ាត់ យ៉ះយ៉ា ប្រាប់អ្នកសាព័ត៌មានក្រោយចេញពីសវនាការថា លោកមានសង្ឃឹមតិចតួចក្នុងការទទួលបានយុតិ្តធម៌សម្រាប់ខ្លួន ប៉ុន្តែលោកមិនបញ្ជាក់ពីមូលហេតុដែលលោកសង្ឃឹមតិចក្នុងការទទួលបានយុត្តិធម៌នេះទេ។

លោក អះម៉ាត់ យ៉ះយ៉ា ត្រូវបានរដ្ឋលេខាធិការក្រសួងការងារនិងជាប្រធានមូលនិធិអភិវឌ្ឍន៍មូស្លីមលោក អូស្មាន ហាស្សាន់ ប្តឹងពីបទបរិហារកេរិ៍្តកាលពីខែឧសភាឆ្នាំ២០១៦ទាក់ទងនឹងគម្រោងធ្វើផ្លូវកាត់វិហារឥស្លាមនៅតំបន់បឹងកក់។

តែទោះយ៉ាងណាលោក អះម៉ាត់ យ៉ះយ៉ា អះអាងថាលោកមិនបានបរិហារកេរ្តិ៍ លោក អូស្មាន ហាស្សាន់ នោះទេ។ ដោយលោកបញ្ជក់ថាលោកគ្រាន់តែនិយាយថាលោក អូស្មាន ហាស្សាន់ ជាអ្នកគូសប្លង់គឺជារឿងពិត ហើយពាក់ព័ន្ធក្នុងរឿងគូសប្លង់នេះលោកថា នឹងមានការទទួលផលប្រយោជន៍។ ប៉ុន្តែលោក អះម៉ាត់ យ៉ះយ៉ា អះអាងថាលោកមិនបាននិយាយថាជាផលប្រយោជន៍ផ្ទាល់ខ្លួនរបស់លោក អូស្មាន ហាស្សាន់ នោះទេ។

លោកបញ្ជាក់ថា៖ “គេ[អូស្មាន ហាស្សាន់]ផ្តោតថាយើងថាគេទទួលបានប្រយោជន៍ផ្ទាល់ខ្លួន ប៉ុន្តែខ្ញុំអត់បាននិយាយថាផលប្រយោជន៍ផ្ទាល់ខ្លួនទេ។ ខ្ញុំនិយាយថា បានផលប្រយោជន៍ រឿងគាត់យកទៅធ្វើអីៗអាហ្នឹងរឿងរបស់គាត់។ ហើយតុលាការចំណាយយ៉ាងយូរសួរសាក្សី ហើយថ្ងៃ១៥គេនឹងកាត់សេចក្តី ប៉ុន្តែការសង្ឃឹមរបស់ខ្ញុំតិចតួចណាស់សម្រាប់ខ្ញុំ”។

បើតាមដីកាកោះហៅឲ្យចូលទៅជំនុំជម្រះ ព្រះរាជអាជ្ញារង ស៊ឺ វណ្ណនី ឲ្យដឹងថាលោក អូស្មាន ហាស្សាន់ ប្តឹងលោក អះម៉ាត់ យ៉ះយ៉ា ទៅតុលាការដោយសារលោក អះម៉ាត់ យ៉ះយ៉ា បានផ្តល់សម្ភាសន៍ដល់សារព័ត៌មានថ្មីៗថាខ្ញុំយល់ថាយើងបានវិហារល្អ វាល្អហើយ ក៏ប៉ុន្តែកាលណាគេមកធ្វើផ្លូវទៅ អាដីដែលយើងមានល្អហ្នឹង វាលែងល្អ វាទៅជាអ៊ូអរ វាទៅជាមានបញ្ហា វាទៅជាស្អីៗទាំងអស់ ហើយរឿងទាំងអស់ហ្នឹង វាគ្មានអ្នកណាក្រៅពី អូស្មាន់ ហាស្សាន់ ទេអ្នកគូរប្លង់ឲ្យទៅសាលាក្រុង ដើម្បីឲ្យគេអនុម័ត” និងការថ្លែងថា៖ ម្លោះហើយគេចង់ដោះដូរ ដើម្បីគេបានផលប្រយោជន៍ឯណោះ គេសងដីនៅខាងក្រោយឯណោះ ហើយឭគេថាចង់ធ្វើផ្ទះ ចង់ធ្វើខុនដូ ចង់ធ្វើអីហ្នឹង ម្ល៉ោះហើយវាជាការចង់បានផលប្រយោជន៍ទេ ហើយយើងទេដែលចង់ឲ្យគេធ្វើនោះ

ពាក់ព័ន្ធនឹងគម្រោងធ្វើផ្លូវក្បែរវិហារឥស្លាមនៅតំបន់បឹងកក់បានបង្កឲ្យមានភាពចម្រូងចម្រាស ដោយប្រជាពលរដ្ឋខ្មែរអ៊ីស្លាមមួយចំនួនលើកឡើងថាប្លង់ធ្វើផ្លូវនឹងរំខានដល់ការថ្វាយបង្គំ។

កន្លងមកអតីតនិស្សិតនិងនិស្សិតមូស្លិមកម្ពុជាធ្លាប់បានសរសេរលិខិតចំហមួយកាលពីចុងខែមេសាថាពួកគេមិនគាំទ្រជាដាច់ខាតចំពោះការសាងសង់ផ្លូវកាត់តាមដីវិហារឥស្លាមអាល់សារកាល់ភ្នំពេញ ដោយថាការធ្វើផ្លូវនេះនឹងរំខានការគោរពសក្ការៈព្រះអល់ឡោះ និងធ្លាប់ចេញមុខតវ៉ាចំពោះការរុះរើរបងពេលកន្លងមកផងដែរ។

គួរបញ្ជាក់ថាវិហារហារអាល់សារកាល់ភ្នំពេញមានតម្លៃជាង២,៦លានដុល្លារអាមេរិក ត្រូវបានដាក់សម្ពោធឲ្យប្រើប្រាស់នៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៥ សម្រាប់សហគមន៍ខ្មែរឥស្លាមប្រតិបតិ្ដសាសនា៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ