ពលរដ្ឋខ្លះព្រមានមិនបោះឆ្នោតឲ្យបក្សកាន់អំណាចបើមិនដោះស្រាយជម្លោះដីធ្លី

ប្រជាពលរដ្ឋខេត្តកោះកុងដែលមានជម្លោះដីធ្លី

អ្នកមានជម្លោះដីធ្លីរ៉ាំរៃ ព្រមានមិនបោះឆ្នោតឲ្យគណបក្សកាន់អំណាច ប្រសិនបើមន្រ្តីរដ្ឋាភិបាលមិនអាចដោះស្រាយបញ្ហាដីធ្លីរបស់ពួកគេឲ្យបានបង្កបង្កើនផលឡើងវិញទេនោះ។ ប្រជាពលរដ្ឋមកពីខេត្តកោះកុងប្រមាណជិត១០០នាក់នៅព្រឹកថ្ងៃព្រហស្សតិ៍នេះបានប្រមូលផ្តុំគ្នាមុខរដ្ឋសភា ដើម្បីសុំឲ្យលោក ហេង សំរិន ជួយអន្តរាគមន៍លើជម្លោះដីធ្លីរបស់ពួកគេដែលបានអូសបន្លាយប្រហែល១០ឆ្នាំមកនេះ។

ពេលកំពុងតវ៉ានោះ ក្រុមពលរដ្ឋប្រកាសថាពួកគេនឹងមិនបោះឆ្នោតឲ្យលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ឡើយ ប្រសិនបើជម្លោះដីធ្លីរបស់ពួកគេនៅតែបន្តអូសបន្លាយគ្មានដំណោះស្រាយ។

តំណាងប្រជាពលរដ្ឋអ្នកស្រី ណុំ វណ្ណារី អះអាងថាគ្រួសារអ្នកស្រីក៏ដូចពលរដ្ឋក្នុងសហគមន៍បានបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជារៀងរាល់អាណត្តិ ដោយសារជឿជាក់លើការដឹកនាំរបស់លោក ហ៊ុន សែន។ តែអ្នកស្រីថា ក្រោមការដឹកនាំរបស់លោកនាយករដ្ឋមន្ត្រីនៅអាណត្តិក្រោយៗនេះ ហាក់មិនយកចិត្តទុកដាក់លើពលរដ្ឋនោះទេ ដោយថាមានពលរដ្ឋជាច្រើនរយគ្រួសារក្នុងខេត្តកោះកុងត្រូវបានអ្នកមានលុយនិងមានអំណាចរំលោភយកដីធ្លីព្រមទាំងប្រើអំពើហិង្សា។

អ្នកស្រីបញ្ជាក់ថា៖ “បើសិនជាសម្តេច ហ៊ុន សែន មិនដោះស្រាយមុនពេលបោះឆ្នោតអាណត្តិទី៦នេះទេ ពួកយើងខ្ញុំប្តេជ្ញាចិត្តជាស្រេច នឹងឈប់បោះឆ្នោតឲ្យគាត់ហើយ”។

អ្នកស្រី ណុំ វណ្ណារី បន្ថែមថាពលរដ្ឋបានរកអន្តរាគមន៍តាំងពីអាជ្ញាធរថ្នាក់មូលដ្ឋានរហូតថ្នាក់ជាតិ រួមទាំងលោកនាយករដ្ឋមន្រ្តីផង មកដល់ពេលនេះជាង១០ឆ្នាំហើយមិនមានដំណោះស្រាយឡើយ។

អ្នកស្រីបានទាមទារឲ្យនាយករដ្ឋមន្រ្តីត្រូវដោះស្រាយជម្លោះដីធ្លីក្នុងខេត្តកោះកុងឲ្យបានមុនឆ្នាំ២០១៧ បើមិនដូច្នោះទេអ្នកស្រីថាគណបក្សកាន់អំណាចនឹងបាត់សន្លឹកឆ្នោត។

អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាលោក សុខ ឥសាន្ត មានប្រសាសន៍ថារដ្ឋាភិបាលមានតួនាទីជួយដោះស្រាយបញ្ហារបស់ប្រជាពលរដ្ឋមិនប្រកាន់បក្សពួកនោះទេ។ តែលោកថារដ្ឋាភិបាលក៏មិនចូលចិត្តឲ្យមានការគំរាមឬដាក់លក្ខខណ្ឌដែរ។

លោកបញ្ជាក់ថា៖ “ពួកហ្នឹងគេមិនដោះទេអញ្ចឹងនោះ បើនិយាយគំរាមអញ្ចឹង។ លោកនាយករដ្ឋមន្រ្តីមិនចូលចិត្តឲ្យអ្នកណាគំរាមគាត់ទេ។ ហិសៗៗ(សើច)កុំដាក់លក្ខខណ្ឌអញ្ចឹង បើសំណូមពរសុំសម្តេចជួយផង អាហ្នឹងបាន”។

អ្នកសម្របសម្រួលបច្ចេកទេសឃ្លាំមើលការរំលោភសិទ្ធិមនុស្សអង្គការលីកាដូលោក អំ សំអាត មាន ប្រសាសន៍ថា រដ្ឋាភិបាលកើតចេញពីរាស្រ្តស៊ីប្រាក់ខែរាស្រ្តី ត្រូវមានតួនាទីបំរើរាស្រ្តបើមិនដូច្នេះទេ ពលរដ្ឋមានសិទ្ធិមិនគាំទ្រ។ ហើយលោកថា ការលើកឡើងរបស់ប្រជាពលរដ្ឋនេះជាសារសំខាន់មួយសម្រាប់មន្រ្តីរដ្ឋាភិបាលត្រូវប្រញាប់ប្រញាល់ក្នុងដោះស្រាយបញ្ហាជូនពលរដ្ឋ។

លោកបញ្ជាក់ថា៖ “សម្តេចនាយករដ្ឋគាត់តែងតែរំលឹកដែរថា យើងជាមន្រ្តីជាអ្នកបំរើរបស់រាស្រ្ត មិនមែនរាស្រ្តជាខ្ញុំបំរើរបស់មន្រ្តីទេ ដូច្នេះមន្រ្តីទាំងអស់ហ្នឹងត្រូវខិតខំបំរើរាស្ត្រនិងដោះស្រាយបញ្ហារបស់ពួកគាត់(ពលរដ្ឋ)”។

ពលរដ្ឋឲ្យដឹងថា ពួកគេចំនួន១៤៧គ្រួសារនៅឃុំចំនួន៣ក្នុងស្រុកស្រែអំបិលនិងឃុំមួយទៀតក្នុងស្រុកបុទុមសាគរខេត្តកោះកុងបានបាត់បង់ដីជិត៨០០ហិកតា ដោយសារមានជម្លោះជាមួយក្រុមហ៊ុនកោះកុងស៊ូហ្គ័រនិងកោះកុងផ្លានថេសិន។ ជម្លោះដីធ្លីនេះបានកើតឡើងតាំងឆ្នាំ២០០៦ ពួកគេថានៅពេលពលរដ្ឋចេញតវ៉ាច្រើនដងតែត្រូវបានក្រុមហ៊ុនគំរាមកំហែងនិងថាក្រុមហ៊ុនបានបាញ់សត្វគោក្របីរបស់អ្នកភូមិដែលទៅស៊ីស្មៅក្បែរចំការក្រុមហ៊ុនព្រមទាំងបានឈូសបំផ្លាញដំណាំពលរដ្ឋទៀតផង។

ពលរដ្ឋថាការអូសបន្លាយជម្លោះនេះបានធ្វើឲ្យពួកគាត់ធ្លាក់ខ្លួនក្រីក្រ ដោយបាត់បង់មុខរប គ្មានដីធ្វើស្រែចំការ កូនៗបាត់បង់ការសិក្សារ និងពលរដ្ឋខ្លះត្រូវចំណាក់ស្រុកជាដើម៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ