អ្នកមានជម្លោះដីធ្លីរាំរៃថាពួកគេនឹងនាំគ្នាទៅផ្ទះលោកនាយករដ្ឋមន្រ្តីថ្ងៃស្អែក

ប្រជាពលរដ្ឋខេត្តកោះកុងដែលមានជម្លោះដីធ្លី

អ្នកមានជម្លោះដីធ្លីរាំរៃក្នុងស្រុកស្រែអំបិលខេត្តកោះកុងអះអាងថា ពួកគេនឹងទៅរកអន្តរាគមន៍ពីលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ផ្ទាល់ ដើម្បីឲ្យជួយដោះស្រាយជម្លោះដីធ្លីជិត៨០០ហិកតាដែលបានអូសបន្លាយជាង១០ឆ្នាំ។

តំណាងប្រជាពលរដ្ឋអ្នកស្រី ផាវ ញ៉ឺង ប្រកាសប្រាប់អ្នកសារព័ត៌មានក្នុងសន្និសីទសារព័ត៌មាននៅវត្តសមគ្គីរង្ស៊ីនាព្រឹកថ្ងៃអង្គារនេះថា ពួកគាត់នឹងនាំគ្នាហែយកញត្តិទៅដាក់នៅផ្ទះលោកនាយករដ្ឋមន្រ្តីផ្ទះនៅថ្ងៃពុធស្អែកនេះ។

អ្នកស្រីថាពលរដ្ឋចំនួន១៤៧គ្រួសារនៅឃុំចំនួន៣ក្នុងស្រុកស្រែអំបិលនិងឃុំមួយទៀតក្នុងស្រុកបុទុមសាគរខេត្តកោះកុង បានបាត់បង់ដីជិត៨០០ហិកតា ដោយសារមានជម្លោះជាមួយក្រុមហ៊ុនកោះកុងស៊ូហ្គ័រនិងកោះកុងផ្លានថេសិន។

អ្នកស្រីបន្ថែមថាពលរដ្ឋបានរកអន្តរាគមន៍តាំងពីអាជ្ញាធរមូលដ្ឋានរហូតថ្នាក់ជាតិមកដល់ ពេលនេះមិនមានដំណោះស្រាយទេ ដែលអ្នកស្រីថាមានតែការគំរាមកំហែងពីអាជ្ញាធរមកវិញ។

អ្នកស្រីបន្ថែមថា៖ “នៅសប្តាហ៍នេះ ប្រសិនបើខ្ញុំសួរទៅក្រសួងទាំងអស់នោះ អត់ដឹងថ្ងៃ អត់ដឹងខែទៅដោះស្រាយឲ្យពួកយើងទេ។ ពួកយើង(ប្រជាពលរដ្ឋ)នឹងទៅដាក់ញត្តិនៅខុទ្ទកាល័យសម្តេច ប៉ុន្តែពួកយើងនឹងដង្ហែក្បួននេះទៅផ្ទះសម្តេច ហ៊ុន សែន បើទោះបីជាសមត្ថកិច្ចនៅទីនោះវៃ ដំ សម្លាប់ពួកយើងក៏ដោយ ក៏ពួកយើងដាច់ខាតបន្តដំណើរទៅជួបសម្តេចដែរ”។

ប្រធានរដ្ឋបាលសាលារាជធានីភ្នំពេញ លោក មាន ចាន់យ៉ាដា ប្រាប់វីអូឌីថាសាលារាជធានីភ្នំពេញមិនអនុញ្ញាតឲ្យហែជាក្បួនទៅផ្ទះលោកនាយករដ្ឋមន្រ្តីនោះទេ ដោយថាដើម្បីរក្សាសណ្តាប់ធ្នាប់ក្រុង។

តែទោះយ៉ាងណាលោកថា ប្រជាពលរដ្ឋអាចចាត់តំណាងពីរឬបីនាក់យកញត្តិទៅដាក់នៅខុទ្ទកាល័យនាយករដ្ឋមន្រ្តីបាន។

លោកបន្ថែមថា៖ “ការហែគឺយើងមិនអនុញ្ញាតជូនទេអាចនឹងបង្ករការរំខានដល់ពលរដ្ឋផ្សេងទៀត។ យើងមានស្ថាប័នដោះស្រាយបញ្ហាទាំងអស់ហ្នឹងហើយ ឬពួកគាត់អាចបញ្ជូនតំណាងរបស់ពួកគាត់ត្រឹមតែពីរបីនាក់មកដាក់ញត្តិនៅខុទ្ទកាល័យសម្តេចនៅក្រោមដើមពោធិយើងមិនថាអីទេ”។

កាលពីថ្ងៃទី៤សីហាឆ្នាំ២០១៦ ប្រជាពលរដ្ឋមានជម្លោះដីធ្លីខេត្តកោះកុងប្រមាណជិត១០០នាក់បានដាក់ញត្តិនៅក្រសួងរៀបចំដែនដីនគររូបនីយកម្មនិងសំណង់ ក្រសួងកសិកម្ម និងស្ថាប័នរដ្ឋផ្សេងទៀត ប៉ុន្តែពលរដ្ឋអះអាងថាក្រសួងទាំងនោះហាក់មិនធ្វើតាមការសន្យាឡើយ។

វីអូឌីមិនអាចសុំការឆ្លើយបំភ្លឺពីក្រសួងរៀបចំដែនដីនគររូបនីយកម្មនិងសំណង់បានទេ។

ចំណែកក្រសួងកសិកម្ម មន្ត្រីនៃក្រសួងនេះលោកស្រី ទឹម ស្រីមុំ អះអាងថាមន្រ្តីរបស់ក្រសួងកំពុងតែពិនិត្យលើករណីនេះ ដើម្បីបន្តធ្វើការដោះស្រាយ។

គួររំលឹកថាជម្លោះដីធ្លីនៅខេត្តកោះកុងនោះបានកើតឡើងតាំងឆ្នាំ២០០៦ ហើយថាពលរដ្ឋបានចេញតវ៉ាច្រើនដងតែត្រូវក្រុមហ៊ុនគំរាមកំហែងនិងថាក្រុមហ៊ុនបានបាញ់សត្វគោក្របីរបស់អ្នកភូមិដែលទៅស៊ីស្មៅក្បែរចំការក្រុមហ៊ុនព្រមទាំងបានឈូសបំផ្លាញដំណាំពលរដ្ឋទៀតផង។

ពលរដ្ឋថាការអូសបន្លាយជម្លោះនេះបានធ្វើឲ្យពួកគាត់ធ្លាក់ខ្លួនក្រីក្រ ដោយបាត់បង់មុខរបរ គ្មានដីធ្វើស្រែចំការ កូនៗបាត់បង់ការសិក្សារ និងពលរដ្ឋខ្លះត្រូវចំណាកស្រុកជាដើម៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ