បទយកការណ៍៖ ការ​ត្រៀម​ខ្លួន​របស់​យុវជន​ក្នុង​ការ​ប្រឡង​មធ្យម​សិក្សា​ទុតិយភូមិ​

សិស្ស​រៀនថ្នាក់​ទី​១២កំពុងរៀន​គួរក្រៅ​ម៉ោងនៅសាលាជ័យថាវី (ដោយ មាស មុនី)

ដើរចេញពីបន្ទប់រៀនគួរក្រៅម៉ោងមួយដែលមានសិស្សប្រហែលជា១០០នាក់ យុវតីម្នាក់ដែលមានស្ពាយកាតាប និងកាន់សឺមីនៅនឹងដៃផងនោះ រួមទាំងមិត្តភិក្តនាងម្នាក់ទៀត បានប្រញាប់ប្រញាល់សំដៅទៅបន្ទប់សិក្សាមួយទៀត ដើម្បីរៀនមុខវិជ្ជាគណិតវិទ្យា។

នោះគឺយុវតី ទិត សុគន្ធារី ជាសិស្សរៀនថ្នាក់ទី១២ នៅវិទ្យាល័យទួលអំពិល នាក្រុងភ្នំពេញ បានស្វះស្វែងរៀនគួរក្រៅម៉ោងតាំងពីដើមឆ្នាំ ដើម្បីត្រៀមខ្លូនសំរាប់ការប្រឡងសញ្ញប័ត្រមធ្យមសិក្សាទុតិយភូមិដែលនឹងប្រព្រឹត្តទៅនៅថ្ងៃចន្ទសប្តាហ៍ក្រោយនេះ។

យុវតីរូបនេះថា ខ្លួនបានត្រៀមខ្លួនរួចជាស្រេច សម្រាប់ការប្រឡងសញ្ញាបត្រទុតិយភូមិឬបាក់ឌុប នៅថ្ងៃទី២២សីហាខាងមុខនេះ ដោយមើលមេរៀននិងរៀបចំឯកសារចាស់ៗមករំលឹកជាថ្មី តែនាងបញ្ជាក់ថានាងនៅតែមានអារម្មណ៍ភ័យនៅពេលថ្ងៃប្រឡងកាន់តែខិតចូលមកដល់។

ទិត សុគន្ធារី បាននិយាយថា៖ ខ្ញុំមើលមេរៀនរៀបចំវិញ្ញាសាររៀនអីហើយអស់ហើយ។ ពេលខ្លះខ្លាចយើងធ្វើអត់បាន ខ្លាចវិញ្ញាសារអីតឹងអីអញ្ចឹង ខ្ញុំសង្ឃឹមថាអាចធ្វើវាបាន។ ខ្ញុំរៀនតាំងពីដើមឆ្នាំ ហើយក៏ឈប់មួយរយៈហើយក៏ពេលវ៉ាកងនេះបានមករៀនតទៀត

ស្រដៀងគ្នានេះដែរ យុវសិស្សមកពីវិទ្យាល័យបាក់ទូក សេង លីហេង ដែលកំពុងឈរមើលខិតប័ណ្ណព័ត៌មាននិងកាលវិភាគសិក្សា បានឲ្យដឹងថាខ្លួនបានត្រៀមខ្លួនរួចរាល់សម្រាប់ការប្រឡងថ្នាក់ជាតិមួយនេះ ដោយព្យាយាមរៀនតាំងពីដើមឆ្នាំ ដោយ លី ហេង ឃើញថាការប្រឡងឆ្នាំមុនៗមានការតឹងរឹង។

ជាមួយគ្នានោះដែរ នៅពេលការប្រឡងខិតជិតមកដល់ សេង លីហេង បានរៀនត្រៀមក្រៅម៉ោងជាមួយគ្រូៗ និងបានរៀនត្រៀមខ្លួនឯងបន្ថែមទៀតនៅឯផ្ទះផងដែរ។

កំពុងអង្គុយមុខបន្ទប់រៀនគួររងចាំគ្រូនៅសាលា ជ័យ ថាវី សិស្សនៅវិទ្យាល័យទួលស្វាយព្រៃម្នាក់ទៀត គឺកញ្ញា គឹម ដាលីន មិនបានទុកពេលឲ្យនៅទំនេរឡើយ។ នាងបានឆ្លៀតមើលវិញ្ញាសារលំហាត់គណិតវិទ្យាដែលកាន់នៅនឹងដៃ។

ដាលីន ឲ្យដឹងថា នាងបានរំលឹកមើលមេរៀនណាដែលខ្លួនមិនទាន់សូវច្បាស់។

គឹម ដាលីន និយាយថា៖ ខ្ញុំត្រៀមហើយ ត្រៀមក្នុងការមើលមេរៀន! កន្លែងណាដែលយើងភ្លេចៗ យើងត្រូវការមើលវាឡើងវិញ។ មេរៀនខ្លះយើងអត់ទាន់ចាំច្បាស់ ទីពីរលក្ខណៈថាវាអត់ទាន់ចេះប្រាកដ ភ័យក្នុងចិត្ត

ចំណែកឯសិស្សនៅវិទ្យាល័យឯកជនអន្តរទ្វីបអាមេរិកកាំងក្នុងរាជធានីភ្នំពេញ យុវជន យ៉ាំ ហ្វូគួយ និយាយថា ខ្លួនបានត្រៀមខ្លួនខ្លះហើយ សម្រាប់ការប្រឡង ហើយថាខ្លួនបានមើលវិញ្ញាសារដែលធ្លាប់ចេញកាលពីឆ្នាំមុនៗ។

សិស្សត្រៀមប្រលងមធ្យមសិក្សាទុតិយភូមិកំពុងមើលសៀវភៅវិញ្ញាសារដែលធ្លាប់ចេញកាលពីឆ្នាំមុនៗ
សិស្សត្រៀមប្រលងមធ្យមសិក្សាទុតិយភូមិកំពុងមើលសៀវភៅវិញ្ញាសារដែលធ្លាប់ចេញកាលពីឆ្នាំមុនៗ

យ៉ាំ ហ្វូគួយ និយាយថា៖ និយាយទៅមិនអាចថាបានត្រៀមខ្លួនទាំងអស់ទេ បានត្រៀមខ្លួនបានមួយចំនួនធំ ព្រោះធម្មតាយើងនៅតែភ័យៗសំរាប់សមត្ថភាពយើង ធម្មតាទោះយើងពូកែយ៉ាងណាក៏យើងដឹងថាយើងមានចំនុចខ្វះខាតដែរ។ មើលមេរៀនចាស់ៗ ហើយមើលទម្រង់នៃការប្រឡងចាស់ៗ របស់បងៗឆ្នាំមុនអីអញ្ជឹង

សិស្សថ្នាក់ទី១២ ម្នាក់ទៀតនៅវិទ្យាល័យបឹងត្របែក កញ្ញា ខែម ស្រីណែត ដែលកំពុងតែឈររកទិញសៀវភៅដើម្បីយកមកមើលបន្ថែមនិយាយថា ខ្លួនបានត្រៀមរៀបចំសម្ភារៈដែលត្រូវការសម្រាប់ការប្រឡងនិងបន្តមើលមេរៀនបន្ថែមទៀត តែកញ្ញាបង្ហាញពីអារម្មណ៍ភ័យខ្លាចដែរ ដោយថាខ្លាចវិញ្ញាសារតឹង។

កញ្ញានិយាយថា៖ ត្រៀមហើយៗតែគ្រាន់តែភ័យ នៅតែភ័យដដែល។ និយាយរួម ខ្ញុំមើលសៀវភៅច្រើនហើយរៀនគួរ រៀបចំមើលមេរៀន រៀបចំសំភារៈដែលយើងត្រូវប្រឡង រៀបចំកាត រៀបចំពេលវេលាត្រូវប្រឡងមើលឲ្យបានច្បាស់លាស់

ខណៈដែលថ្ងៃប្រឡងកាន់តែខិតចូលមកដល់ រដ្ឋមន្ត្រីក្រសួងអប់រំ លោក ហង់ ជួនណារ៉ុន កាលពីថ្ងៃទី១៥ ខែសីហា បានដាស់តឿននិងក្រើនរំលឹកតាមរយៈសារវីដេអូខ្លីបមួយដល់បេក្ខជនទាំងអស់ឲ្យខិតខំរៀនសូត្រនិងគោរពតាមបទបញ្ញាតិនានារបស់ក្រសួង ដោយអះអាងថានឹងធ្វើយ៉ាងណាឲ្យលទ្ធផលប្រឡងនេះ ទទួលយកបានទាំងអស់គ្នា ហើយលោកថា “បើចេះ គឺជាប់”។

លោកមានប្រសាសន៍ថា៖ ក្រសួងដូចឆ្នាំមុនៗដែរ នឹងរៀបចំការប្រឡងនេះឲ្យបានល្អ ហើយឲ្យមានលក្ខណៈសុក្រឹត្យដូចឆ្នាំមុនៗដែរ! ដូច្នេះ ខ្ញុំសុំអំពាវនាវឲ្យប្អូនៗជាសិក្សានុសិស្សទាំងអស់ឲ្យខិតខំប្រឹងប្រែងរៀនសូត្រ គោរពនូវបទបញ្ញតិសម្រាប់ការប្រឡងគឺថា មិនត្រូវយកសំណៅឯកសារចូលក្នុងមណ្ឌលប្រឡងទេ ហើយក៏មិនត្រូវយកឧបករណ៍អេឡិចត្រូនិច ដូចជាទូរស័ព្ទដៃចូលក្នុងមណ្ឌលប្រឡងដែរ

លោកបានបញ្ជាក់ថាពិន្ទុពេញគឺ៥០០ពិន្ទុ ពិន្ទុត្រឹមមួយជាប់គឺ២៣៧ពិន្ទុ បេក្ខជនណាដែលបានទទួលបានពិន្ទុពី៩០%ដល់១០០% នឹងទទួលបាននិទ្ទេសA ហើយចន្លោះពី៩០%មក៨០% ទទួលបាននិទ្ទេសB ហើយ៧០% ទទួលបាននិទ្ទេសC។

សម្រាប់សិស្សថ្នាក់វិទ្យាសាស្ត្រពិត វិញ្ញាសាដែលត្រូវប្រឡងរួមមាន គណិតវិទ្យា រូបវិទ្យា គីមីវិទ្យា ជីវវិទ្យា អក្សរសាស្ត្រខ្មែរ ប្រវត្តិវិទ្យា និងភាសាបរទេស។ ចំណែកឯវិញ្ញាសាសំរាប់ថ្នាក់វិទ្យាសាស្ត្រសង្គម ដែលត្រូវប្រឡងរួមមាន អក្សរសាស្ត្រខ្មែរ សីលធម៌-ពលរដ្ឋវិជ្ជា ភូមិវិទ្យា ប្រវត្តិវិទ្យា ភាសាបរទេស គណិតវិទ្យា ផែនដីនិងបរិស្ថានវិទ្យា។

បើតាមរដ្ឋមន្រ្តីក្រសួងអប់រំ បេក្ខជនប្រឡងបាក់ឌុបឆ្នាំនេះមានចំនួនជាង៩ម៉ឺននាក់ ដែលចំនួននេះកើនឡើងលើសឆ្នាំមុន១ម៉ឺននាក់ ដោយសារបេក្ខជនជិត២៥%ក្នុងចំណោមនោះគឺជាសិស្សធ្លាក់កាលពីឆ្នាំមុនៗ។

លោក ហង់ ជួនណារ៉ុន ឲ្យដឹងថាថវិកាប្រមាណ៤លានដុល្លារនឹងត្រូវចំណាយក្នុងការប្រឡងឆ្នាំនេះវិញ ដែលគិតជាមធ្យមសិស្សម្នាក់ ក្រសួងចំណាយអស់ប្រមាណជា១៤ម៉ឺនរៀល។

សិស្សវិទ្យាល័យបាក់ទូក
សិស្សវិទ្យាល័យបាក់ទូក

គួរបញ្ជាក់ថា ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនឹងប្រព្រឹត្តិទៅនៅថ្ងៃទី២២និង២៣ខែសីហា។ សម័យប្រឡងបាក់ឌុបឆ្នាំ២០១៦នេះមានមណ្ឌលប្រឡងចំនួន១៥៧មណ្ឌលនៅទូទាំង២៥រាជធានី-ខេត្តនិងមានអ្នកសង្កេតការណ៍ស្ម័គ្រចិត្តចំនួនប្រមាណជាង៦ពាន់អ្នក។ ចំពោះការប្រកាសលទ្ធផលមណ្ឌលប្រឡងក្នុងរាជធានីភ្នំពេញនិងខេត្តកណ្ដាល ក្រសួងនឹងប្រកាសនាថ្ងៃទី១៣ ខែកញ្ញា រីឯបណ្ដាខេត្តផ្សេងទៀតនឹងប្រកាសនៅព្រឹកថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៦៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ