បណ្តាញសហគមន៍ព្រៃឡង់សាទរចំណាត់ការរដ្ឋាភិបាល ខណៈបារម្ភអំពីប្រសិទ្ធភាពការអនុវត្តច្បាប់

ដី​ដែល​បាន​កាប់រានព្រៃរងទឹកភ្លៀងក្នុងអាងវារីអគ្គិសនីស្ទឹងអាតៃ (រូបភាពពី​ក្រសួង​បរិស្ថាន)

បណ្តាញសហគមន៍ព្រៃឡង់ បានសម្តែងការពេញចិត្ត និងសាទរចំពោះការលើកឡើងរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលជម្រុញឲ្យមានកិច្ចសហប្រតិបត្តិការល្អរវាងក្រសួងពាក់ព័ន្ធចំនួន៦ និងអាជ្ញាធរមូលដ្ឋាន ជាមួយនិងអង្គការសង្គមស៊ីវិលនានា ដែលធ្វើការងារពាក់ព័ន្ធការការពារបរិស្ថាន។

នៅក្នុងវេទិការស្តីពី “ការការពារ និងអភិរក្សធនធានធម្មជាតិ” កាលពីថ្ងៃទី២២ ខែសីហា លោក ហ៊ុន សែន បានស្នើឲ្យមានកិច្ចសហការល្អរបស់អាជ្ញាធរ និងអង្គការសង្គមស៊ីវិល ដើម្បីកិច្ចការពារបរិស្ថាន។

ទោះជាយ៉ាងណា សមាជិកបណ្តាញសហគមន៍ព្រៃឡង់ នៅតែព្រួយបារម្មណ៍អំពីប្រសិទ្ធិភាព ចំណាត់ការ និងការអនុវត្តជាក់ស្តែងរបស់ស្ថាប័នពាក់ព័ន្ធនានា។

សមាជិកបណ្តាញសហគមន៍ព្រៃឡង់ក្នុងខេត្តស្ទឹងត្រែង លោក ជា សុខហឿន បានប្រាប់វីអូឌីថា បន្ទាប់ពីបញ្ចប់វេទិកា ភ្លាមៗនោះ ខាងសាមីក្រសួង និងមន្ទីបរិស្ថានទាំង៤ខេត្ត នៃតំបន់ព្រៃឡង់ បានបន្តកិច្ចប្រជុំ ដើម្បីឆ្លើយតបបន្ថែម ចំពោះសេចក្តីថ្លែងការណ៍ ដែលបានលើកឡើងចំនួន១៦ចំនុច ដែលបណ្តាញសហគមន៍ព្រៃឡង់ចង់លើកឡើងក្នុងវេទិកា។

លោក ជា សុខហឿន បន្តថាលោកមានទំនុកចិត្តចំពោះលទ្ធផល បន្ទាប់ពីបញ្ចប់វេទិកានិងកិច្ចប្រជុំ ព្រោះវាជាការសន្យានិងជាការឆ្លើយតបជាវិជ្ជមាន ដោយលោកស្នើឲ្យមានលិខិតជាក់លាក់ណាមួយដើម្បីអាចធានាពីប្រសិទ្ធភាពនៃការអនុវត្តន៍ជាក់ស្តែង។

លោកមានប្រសាសន៍ថា៖ “សកម្មភាពក៏មិនទាន់មាន ហើយលិខិតជាលាយល័ក្ខអក្សរជាផ្លូវការណាមួយក៏មិនទាន់មាន។ យើងគ្រាន់តែស្តាប់ឭ បានផ្ទាល់មាត់អញ្ចឹងណា! […] អញ្ចឹងថា អ្វីមានទំនុកចិត្ត ភាសាដែលគាត់បានលើកឡើង គឺបានត្រឹម ៥០% ! ចាំតាមដានបន្តទៀត បើសិនជាមានលាយលក្ខអក្សរ ហើយធ្វើសកម្មភាពទៀត អាហ្នឹងយើងប្រាកដជាអាចធ្វើការជាមួយគ្នាបាន ផ្តល់ភាពកក់ក្តៅឲ្យគ្នាបានហើយ “។

នេះមិនមែនជាលើកទី១ទេ ដែលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានស្នើនិងអំពាវនាវឲ្យភាគីពាក់ព័ន្ធចូលរួមពង្រឹងនិងថែរក្សាការពារធនធានធម្មជាតិ ដោយលោកធ្លាប់បានថ្លែងនៅក្នុងទិវាមច្ឆាជាតិ ពិធីបិទសន្និបាតបូកសរុបការងារកសិកម្ម រុក្ឋាប្រមាញ់ និងនេសាទ និងបានចុះហត្ថលេខាលើអនុក្រិត្យលេខ៧៤ អនក្រ.បក ស្តីពីការបង្កើតដែនជំរកសត្វព្រៃ “ព្រៃឡង់” ។

បន្ថែមពីនេះ នាពេលកន្លងទៅ លោកនាយករដ្ឋមន្ត្រីក៏ធ្លាប់បានសន្យាថា នឹងកាត់ក្បាលខ្លួនឯង បើសិនជាការពារព្រៃឈើពីឈ្មួញទុច្ចរិតមិនបាន។

សមាជិកបណ្តាញសហគមន៍ព្រៃឡង់ម្នាក់ទៀត មកពីខេត្តខេត្តព្រះវិហារ លោកស្រី ភោគ ហុង ក៏បានបង្ហាញក្តីបារម្មណ៍ស្រដៀងគ្នានឹងលោក ជា សុខហឿន ដោយលោកស្រីចង់ឃើញមានការអនុវត្តជាក់ស្តែង ដោយមិនធ្វើឲ្យខូចកេរ្តិ៍ឈ្មោះអ្នកការពារព្រៃឈើពិតប្រាកដ។

លោកស្រីមានប្រសាសន៍ថា៖ “បើសិនជាយើងធ្វើជាមួយគ្នា ឧទាហរណ៍ថាត្រីមួយកន្ទ្រក បើស្អុយមួយ ស្អុយទាំងអស់ […] ទៅរកអាឯកសារ ស្រាវជ្រាវឯកសាររបស់ក្រុមហ៊ុន អាជ្ញាបណ្ណរបស់ក្រុមហ៊ុន ឲ្យរកមើល យើងចង់ដឹងថា តើថ្នាក់ណាអ្នកសម្រេចវ៉ៃត្រា ឲ្យក្រុមហ៊ុនដាក់ទុនឲ្យប្រជាពលរដ្ឋអាឈើគ្រប់ប្រភេទ “។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីថ្ងៃទី២២ ក៏បានប្រកាសឲ្យស្ថាប័នដែលធ្វើការពាក់ព័ន្ធនឹងធនធានធម្មជាតិចំនួន៦ មានក្រសួងបរិស្ថាន ក្រសួងកសិកម្ម ក្រសួងរៀបចំដែនដី ក្រសួងរ៉ែនិងថាមពល ក្រសួងឧស្សាហកម្មនិងក្រសួងធនធានទឹក ត្រូវចូលរួមពិភាក្សា និងទទួលយកអនុសាសន៍នានាពីក្រុមអង្គការសង្គមស៊ីវិលជារៀងរាល់៣ខែម្តង ដើម្បីរកវិធីសាស្ត្រការពារ និងដោះស្រាយបញ្ហាធនធានធម្មជាតិឲ្យមានប្រសិទ្ធភាព៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ