បទយកការណ៍៖ សិស្សរំពឹងថា ការប្រលងបាក់ឌុបឆ្នាំនេះជាប់ច្រើនជាងឆ្នាំមុន

សិស្សកំពុងប្រលងបាក់ឌុប (រូបភាពពីហ្វេសប៊ុកក្រសួងអប់រំ)

នៅម៉ោងជាង៤ល្ងាចថ្ងៃទី២៣ខែសីហា ដែលជាថ្ងៃបញ្ចប់ការប្រលងមធ្យមសិក្សាទុតិយភូមិនិងបំពេញវិជ្ជារយៈពេលពីរថ្ងៃ ចាប់ពីថ្ងៃ២២ដល់ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៦នេះ។ ក្រោយពីការបញ្ចប់នៃការប្រលងនេះ បេក្ខជនម្នាក់ៗបានបង្ហាញនូវស្នាមញញឹមនិងសម្ដែងនូវភាពរីករាយ ដែលពួកគេរំពឹងថាការប្រឡងបាក់ឌុបឆ្នាំនេះអាចនឹងទទួលបានលទ្ធផលល្អ ដោយអះអាងថាសំណេរនីមួយៗពួកគេអាចបកស្រាយត្រឹមត្រូវលើសពី៥០%ឡើងទៅ។

VOD បានធ្វើបទសម្ភាសន៍បេក្ខជនប្រមាណជាង១០នាក់ក្នុងចំណោមបេក្ខជនជាង៦ពាន់នាក់នៅតាមមណ្ឌលប្រលងចំនួន៣ក្នុងខេត្ដសៀមរាប។ ពួកគេបានឲ្យដឹងប្រហាក់ប្រហែលគ្នាថា ការប្រលងនៅថ្ងៃទី១ វិញ្ញាសារប្រលងហាក់ដូចត្រូវមេរៀនដែលពួកគាត់បានរៀនកន្លងមកនិងគ្មានអ្វីព្រួយបារម្ភនោះឡើយ។

ក្នុងឯកសណ្ឋានជាសិស្សសាលា អមដោយស្នាមញញឹមផងនោះ យុវតីប្រលងនៅមណ្ឌលវិទ្យាល័យ១០មករាខេត្ដសៀមរាប កញ្ញា ស៊ុន សុភី មកពីវិទ្យាល័យ ហ៊ុន សែន សៀមរាប បានប្រាប់ VOD ក្រោយបញ្ចប់ការប្រលងនៅថ្ងៃទី១ថា ការប្រលងនៅឆ្នាំនេះមិនខុសពីឆ្នាំមុនៗនោះទេ គឺមានសភាពតឹងតែងផ្នែកសន្ដិសុខនិងការត្រួតពិនិត្យច្បាស់លាស់ទាំងមុនចូលប្រលងនិងពេលកំពុងប្រលងពីសំណាក់អនុរក្សនិងអ្នកសង្កេតការណ៍ ប៉ុន្ដែបេក្ខនារីរូបនោះអះអាងថា នាងធ្វើបានល្អលើសពី៥០%ឡើងទៅ ទៅលើវិញ្ញាសារនៅថ្ងៃទី១ ដោយសារសំណេរនីមួយៗគឺជាមេរៀនដែលនាងធ្លាប់បានសិក្សាកន្លងមក។ យុវតីរូបនោះបន្ដថា៖ “ចា៎! ប្រលងថ្ងៃនេះវិញ្ញាសារចេញមកស្រួលដែរអត់មានការពិបាកទេ សង្ឃឹមត្រូវចុះ គេផ្សេងទៀតក៏ធ្វើបានដូចគ្នាដែរអត់មានអីទេចា៎

ការប្រលងបាក់ឌុបថ្ងៃទី១នៅមណ្ឌលវិទ្យាល័យ១០មករាខេត្ដសៀមរាប
ការប្រលងបាក់ឌុបថ្ងៃទី១នៅមណ្ឌលវិទ្យាល័យ១០មករាខេត្ដសៀមរាប

មិនខុសពីយុវតី ស៊ុន សុភី ប៉ុន្មាននោះទេ បេក្ខជន ឆេង ថាវីរ៉ូបីន ក៏បានបង្ហាញនូវសុទិដ្ឋិនិយមដូចគ្នានេះដែរថា ការប្រលងឆ្នាំនេះគ្មានបេក្ខជនណាម្នាក់ហ៊ានចំលងតាមគ្នាឬតាមសំណៅឯកសារណាមួយនោះទេ ដោយសារមានក្រុមអ្នកត្រួតពិនិត្យនិងឃ្លាំមើលច្រើនស្ថាប័ន ប៉ុន្ដែយុវជនរូបនោះអះអាងថា ខ្លួនមិនព្រួយបារម្ភធ្លាក់ពីការប្រលងនោះឡើយ ដែលថាវិញ្ញាសារនោះខ្លួនបានខំតាំងពីដើមឆ្នាំរហូតដល់ថ្ងៃប្រលង។ យុវជនវ័យជិត២០ឆ្នាំរូបនោះបានសម្ដែងការសប្បាយចិត្ដ ដោយរំពឹងថារូបគេនិងបេក្ខជនជាច្រើនទៀតនឹងទទួលបានលទ្ធផលល្អច្រើនជាងឆ្នាំមុន។ លោកបន្ដថា៖ “វាដូចតែគ្នាហ្នឹង ឆ្នាំទៅឆ្នាំទៅមួយ ពេលដែលក្រសួងរឹតបន្ដឹងប្រហាក់ប្រហែលគ្នាយើងសង្ឃឹម ព្រោះពួកគេខំរៀនពីដើមឆ្នាំ បើយើងអត់ខំរៀនពីដើមឆ្នាំ វាពិបាកធ្វើណាស់ ព្រោះអីវាទាក់ទងគ្នាទាំងអស់“។

ចំណែកសិស្សប្រឡងនៅមណ្ឌលមួយចំនួនក្នុងរាជធានីភ្នំពេញក៏បានឲ្យដឹងថា ការប្រឡងឆ្នាំនេះមានលក្ខណៈតឹងតែងដូចឆ្នាំមុនដែរ។

ការប្រលងបាក់ឌុបថ្ងៃទី១នៅមណ្ឌលវិទ្យាល័យជាស៊ីមបឹងកេងកង
ការប្រលងបាក់ឌុបថ្ងៃទី១នៅមណ្ឌលវិទ្យាល័យជាស៊ីមបឹងកេងកង

កញ្ញា ជាតិ សុវណ្ណកញ្ចនា ជាបេក្ខជនប្រឡងនៅមណ្ឌលវិទ្យាល័យជាស៊ីមបឹងកេងកងរៀបរាប់ថា ការប្រឡងមានលក្ខណៈតឹងរឹង ដោយថាមានការឃ្លាំមើលហ្មត់ចត់ពីអនុរក្សមិនឲ្យមើលគ្នានិងយកឯកសារផ្សេងៗចូលបានឡើយ។ តែបេក្ខជនរូបនេះអះអាងថា កញ្ញាអាចធ្វើសំណេរលំហាត់បានចប់ទាំងអស់ ដោយថាវិញ្ញាសារទាំងនោះស្រាលងាយស្រួលធ្វើ។

កញ្ញាបន្ថែមថា៖ “ការប្រឡងព្រឹកម៉ិញគឺតឹងតែងមិនឲ្យគ្នា សូម្បីតែងាយមើល(មើលគ្នា)ក៏មិនបានដែរ តែសម្រាប់ខ្ញុំអត់អីផង លំហាត់ស្រួលខ្ញុំធ្វើបានទាំងអស់”។

បេក្ខជនប្រឡងនៅមណ្ឌលវិទ្យាល័យព្រះយុគន្ធ លោក ឈុំ សាម៉េត និយាយថាការប្រឡងក៏មានការរឹតបន្តឹងដែរ ដោយមានការឆែកជាច្រើនកន្លែងពីសំណាក់អនុរក្សនិងអ្នកសង្កេតការណ៍។ តែលោកមានសុទិដ្ឋិនិយមថា អាចប្រឡងជាប់។

លោកបន្ថែមថា៖ “និយាយទៅ ខ្ញុំសង្ឃឹមប្រហែល៥០%ទេបង(អ្នកសារព័ត៌មាន) ព្រោះអីលំហាត់ខ្លះ មានការគណនាលេខ។ យើងពិបាកតិច ក្នុងការគណនាលេខ ដល់ពេលអញ្ចឹងយើងត្រូវចំណាយពេលយូរក្នុងការគណនា”។

ការប្រលងធម្យមសិក្សាទុតិយភូមិឆ្នាំ២០១៥-២០១៦នេះក៏មានការឃ្លាំមើលពីអង្គភាពប្រឆាំងអំពើពុករលួយយ៉ាងតឹងតែងផងដែរ ដោយបានហាមយកសម្ភារៈប្រើប្រាស់ចូលប្រលង សូម្បីតែកាបូបលុយនិងនាឡិកាដៃ។

នៅលើហ្វេសប៊ុក ក្រសួងអប់រំ យុវជន និងកីឡាក៏បានសរសេរថា ការប្រឡងបាក់ឌុបឆ្នាំ២០១៦នេះមានការត្រួតពិនិត្យនិងផ្ទៀងផ្ទាត់យ៉ាងយកចិត្តទុកដាក់ពីសំណាក់គណៈមេប្រយោគ អាជ្ញាធរ និងអ្នកសង្កេតការណ៍ពីអង្គភាពប្រឆាំងអំពើពុករលួយ។

ក្រសួងថាការប្រឡងនៅថ្ងៃទី១នេះ អ្នកសង្កេតការតាមមណ្ឌលមួយចំនួនក៏ចាប់សំណៅ ឯកសារ និងឧបករណ៍អេឡិចត្រូនិចខ្លះដែរ។

ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្ដសៀមរាប លោក សយ ទិត្យាវង្ស មានប្រសាសន៍ខ្លីថា ការប្រលងឆ្នាំ២០១៦នេះមិនមានអ្វីកើតឡើងខុសប្រក្រតីនោះទេ ពួកគេខិតខំទៅតាមសមត្ថភាពរៀងៗខ្លួន។ ប៉ុន្ដែលោកថា មានបេក្ខនារីម្នាក់មានបញ្ហាសុខភាពកាលពីល្ងាចថ្ងៃទី២២ខែសីហា ប៉ុន្ដែត្រូវបានជួយសង្គ្រោះទាន់ពេល។លោកបន្ដថា៖ “ទេ ល្អទាំងអស់ អត់មានបញ្ហាអីទេ គ្រាន់តែកូនសិស្សគ្នាឆ្អល់ពោះយកទៅពេទ្យ ហើយប្រលងវិញបាន អត់អីទេ“។

ទោះជាយ៉ាងណា ប្រធានស្ដីទីសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ លោកស្រី អុក ឆាយ៉ាវី កត់សំគាល់ថា វិញ្ញាសារប្រលងឆ្នាំនេះសមល្មមដែលអាចទទួលយកបាន។ លោកស្រីរំពឹងថាការប្រលងនេះអាចនឹងមានបេក្ខជនជាប់ច្រើនលើសពីឆ្នាំមុន។ ប៉ុន្ដែអ្នកស្រីសំដែងការមិនពេញចិត្ដចំពោះអ្នកអង្កេតការណ៍មកពីអង្គភាពប្រឆាំងអំពើពុករលួយ ដោយសារភ្នាក់ងារនៅតាមមណ្ឌលនីមួយៗនិយាយទូរស័ព្ទខ្លាំងៗរំខានដល់ការប្រលងរបស់សិស្ស។ អ្នកស្រីមានប្រសាសន៍ថា៖ “បើយើងគិតថាឆ្នាំទៅប្រហែលជា៦០ទៅ៧០%ដែរហ្នឹង ប៉ុន្ដែឆ្នាំនេះក្រសួងបានកត់សំគាល់ថាប្រហែលជាង៨០%ដែលជាប់បាក់ឌុប។ ការរំពឹងទុករបស់ខ្ញុំថា បើវិញ្ញាសារធូរបែបនេះខ្ញុំគិតថាប្រហែលជា៧០%នៃការប្រលងជាប់របស់សិស្សានុសិស្ស ចា៎“។

ក្រសួងអប់រំបានឲ្យដឹងថា ការប្រលងមធ្យមសិក្សាទុតិយភូមិ និងបំពេញវិជ្ជាឆ្នាំនេះ មានថ្នាក់វិទ្យាសាស្ត្រនិងថ្នាក់វិទ្យាសាស្ត្រសង្គម បេក្ខជនប្រឡងសរុបចំនួន៩៣ ៧៥២នាក់ ប៉ុន្តែនៅពេលប្រឡងគឺបេក្ខជនអវត្តមានសរុបចំនួន១ ២០៧នាក់។ ដោយឡែកបេក្ខជនមានបញ្ហាសុខភាពមួយចំនួន ប៉ុន្តែអាចដំណើរការប្រឡងធម្មតា បន្ទាប់ពីទទួលបានការសង្គ្រោះបឋម៕

ដោយលោក បូ សាវី និង ឃុត សុគន្ធ

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ