ស្ថាប័នអភិវឌ្ឍន៍ហិរញ្ញវត្ថុអាមេរិចផ្តល់កម្ចី១២៥លានដុល្លារដល់ធនាគារក្នុងស្រុកមួយ

ការិយាល័យកណ្តាលធនាគារ អេស៊ីលីដា (ប្រភពពីគេហទំព័រអេស៊ីលីដា)

សាជីវកម្មវិនិយោគឯកជនក្រៅប្រទេសរបស់រដ្ឋាភិបាលអាមេរិច ហៅកាត់ថា OPIC បានចុះ កិច្ចព្រមព្រៀងហិរញ្ញប្បទាន ឬផ្តល់ប្រាក់កម្ចី ដល់ធនាគារអេស៊ីលីដា ចំនួន១២៥លាន កាលពីថ្ងៃទី២៤ ខែសីហា។

តាមសេចក្តីប្រកាសព័ត៌មានរបស់ធនាគារអេស៊ីលីដា សរសេរថាហិរញ្ញប្បទាននេះនឹងប្រើប្រាស់ដើម្បីផ្តល់ជាទុន ព្រមទាំងគាំទ្រសហគ្រាស ខ្នាតតូចបំផុត ខ្នាតតូច និងខ្នាតមធ្យម ដែលនឹងជម្រុញឲ្យមានកំណើនសេដ្ឋកិច្ច ឱកាសការងារ ផលិតផល និងសេវាកម្មក្នុងវិស័យឯកជននៅប្រទេសកម្ពុជា។

ប្រធាននាយកប្រតិបត្តិ ធនាគារ អេស៊ីលីដា លោក អ៊ិន ចាន់នី មានប្រសាសន៍ថា៖ “ការទទួលបានហិរញ្ញប្បទានរយៈពេលវែងពី OPIC ពិតជាមានសារៈសំខាន់ខ្លាំងណាស់សម្រាប់ ធនាគារ អេស៊ីលីដា ដើម្បីពង្រីកលទ្ធភាពផ្តល់កម្ចីទៅសហគ្រាសខ្នាតតូចបំផុត ខ្នាតតូច និងខ្នាតមធ្យម នៅទូទាំងប្រទេសកម្ពុជា ដែលមានតម្រូវការហិរញ្ញប្បទានសម្រាប់ចាប់ផ្តើម និងពង្រីកធុរៈកិច្ច ព្រមទាំងបង្កើនចំណូល […] ”

ប្រធាននាយកប្រតិបត្តិ របស់ OPIC អ្នកនាង អីលីហ្សាបេត អែល លីថលហ្វីល មានប្រសាសន៍ថា៖ “ហិរញ្ញប្បទានរបស់ OPIC នឹងផ្តល់លទ្ធភាពដល់ធនាគារ អេស៊ីលីដា ភីអិលស៊ី ក្នុងការផ្តល់ ហិរញ្ញប្បទានដល់សហគ្រាសខ្នាតតូចបំផុត ខ្នាតតូច និងខ្នាតមធ្យម បន្ថែមទៀត ដើម្បីអភិវឌ្ឍធុរៈកិច្ចចីរភាពនៅក្នុងប្រទេសកម្ពុជា ព្រមទាំងធ្វើឲ្យជីវភាពរស់នៅ និងការធ្វើធុរៈកិច្ចរបស់ពលរដ្ឋកម្ពុជា កាន់តែមានភាពល្អប្រសើរឡើង” ។

OPIC ជាស្ថាប័នអភិវឌ្ឍន៍ហិរញ្ញវត្ថុរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិច ដែលធ្វើសញ្ជ័យមូលធនឯកជន ដើម្បីគាំទ្រគម្រោងអភិវឌ្ឍសំខាន់ៗ ឆ្លើយតបទៅនឹងអាទិភាពសន្តិសុខជាតិ និងគោលនយោបាយការបរទេសរបស់រដ្ឋាភិបាលអាមេរិក។

នៅក្នុងសេចក្តីប្រកាសព័ត៌មានដដែលនេះបញ្ជាក់ថា រាល់គម្រោងហិរញ្ញប្បទានរបស់ OPIC គោរពយ៉ាងខ្ជាប់ខ្ជួន តាមបទដ្ឋានបរិស្ថាននិងសង្គម និងសិទ្ធិមនុស្ស រួមទាំងសិទ្ធិពលករ និង បានផ្តល់ហិរញ្ញប្បទាន សម្រាប់សហគ្រាសថ្មី ឬការពង្រីកធុរៈកិច្ចក្នុងប្រទេសជាង ១៦០ប្រទេស នៅទូទាំងពិភពលោក៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ