កម្ពុជា-វៀតណាម បានបិទកិច្ចប្រជុំទាំងគ្មានលទ្ធផល ក្រោយពីពួកគេប្រើពេល២ថ្ងៃជជែកដេញដោលលើភាពចម្រូងចម្រាសនៃការបោះបង្គោលព្រំដែនដែលនៅសេសសល់។
កម្ពុជា-វៀតណាមបានបោះបង្គោលព្រំដែនបាន៨៣ភាគរយ នៅ១៧ភាគរយទៀត ភាគីទាំងពីរសន្យាបន្តបោះ។ប៉ុន្តែចំនុចមួយចំនួនទៀតដែលភាគីទាំងពីរមិនទាន់ត្រូវរ៉ូវគ្នា ពួកគេបានឯកភាពគ្នាថានឹងស្វែងរកមន្ត្រីជំនាញគូរផែនទីរបស់បារាំង មកធ្វើជាអាជ្ញាកណ្តាល ដើម្បីគូរចម្លងពីផែនទីបោនខ្នាត១/១០០ ០០០ទៅជាផែនទី UTM ខ្នាត១/៥០ ០០០វិញ មុនសម្រេចបោះបង្គោលព្រំដែនជាផ្លូវការ។
ប៉ុន្តែក្រោយពីកិច្ចប្រជុំពីរថ្ងៃ ពោលគឺពីថ្ងៃទី២៩ដល់ថ្ងៃទី៣០ខែសីហានេះ មន្ត្រីជំនាញព្រំដែនកម្ពុជានិងវៀតណាម មិនបានឯកភាពគ្នាត្រង់ចំនុចណាមួយ ដែលធ្វើឲ្យភាគីទាំងពីរឈានទៅចេញសេក្តីថ្លែងការណ៍រួមបានទេ។
ក្រោយបិទកិច្ចប្រជុំ ប្រធានគណៈកម្មាធិការព្រំដែនកម្ពុជា លោក វ៉ា គឹមហុង ប្រាប់អ្នកសារព័ត៌មានថា កិច្ចប្រជុំពីរថ្ងៃនេះ មិនទួលបានលទ្ធផលទេ ដោយលោកថាភាគីទាំងបានខ្វែងគំនិតគ្នាខ្លាំង មិនអាចធ្វើសេចក្តីព្រៀងមួយ ដាក់ទៅនាយករដ្ឋមន្ត្រីនៃប្រទេសទាំងពីរឲ្យចុះហត្ថលេខា ដើម្បីបានស្នើទៅប្រទេសបារាំងសុំអ្នកជំនាញគូរផែនទីមកធ្វើជាអាជ្ញាកណ្តាលបាន។
លោក វ៉ា គឹម ហុង បញ្ជាក់ថាការខ្វែងគំនិតគ្នានោះ ដោយសាតែកម្ពុជាតម្រូវឲ្យយកខ្សែបន្ទាត់មិនកែប្រែដែលបន្សល់ទុកពីសម័យអាណានិគមនិយមបារាំង ក្រោយកម្ពុជាឯករាជ្យឆ្នាំ១៩៥៣ ធ្វើជាមូលដ្ឋានដាក់ទៅប្រទេសបារាំង។ ប៉ុន្តែលោកថា ភាគីវៀតណាមបានច្រានចោលសំណើនេះ ដោយទាមទារឲ្យយកកិច្ចព្រមព្រៀងឬ MoU រួមទាំងសន្ធិសញ្ញាបំពេញបន្ថែមឆ្នាំ១៩៨៥និងឆ្នាំ២០០៥ ធ្វើជាមូលដ្ឋានទៅវិញ។
លោក វ៉ា គឹមហុង ថាភាពចម្រូងសម្រាសនេះហើយ ដែលធ្វើឲ្យកិច្ចប្រជុំរយៈពេលពីរថ្ងៃនេះ គ្មានចំនុចរួមណាមួយដែលអាចឲ្យភាគីទាំងពីចេញសេចក្តីថ្លែងការរួមបាន។
ក្នុងកិច្ចប្រជុំនោះដែល កម្ពុជាបានស្នើឲ្យវៀតណាមបញ្ឈប់សកម្មភាពធ្វើផ្លូវ ជីកស្រះ និងធ្វើប៉ុស្តិ៍យាមនៅតំបន់ហាមឃាត់ឬតំបន់ស នៅជាប់ខេត្តរតនគិរី ស្វាយរៀង កណ្តាល និងតាកែវ ជាដើម ដោយរងចាំការបោះបង្គោលព្រំដែនរួចរាល់ជាផ្លូវការសិន។ ប៉ុន្តែភាគីវៀតណាមអះអាងថា ខ្លួននឹងយកសំណើរបស់កម្ពុជានេះទៅពិភាក្សាជាមួយអន្តរក្រសួងរបស់គេជាមុនសិន។
សូមរំឭកថាគិតពីឆ្នាំ២០១១រហូតពាក់កណ្តាលខែសីហាឆ្នាំ២០១៦នេះ កម្ពុជាបានធ្វើកំណត់ទូតសរុប២៣ ហើយ ស្នើឲ្យវៀតណាមបញ្ឈប់សាងសង់ឬធ្វើផ្លូវនៅតំបន់ហាមឃាត់ជាប់ព្រំប្រទល់នៃប្រទេសទាំងពីរ។ ប៉ុន្តែជារឿយៗភាគីវៀតណាមនៅតែបន្តធ្វើ ពិសេសនៅខែសីហានេះភាគីវៀតណាមបានសាងសង់ប៉ុស្តិ៍យោធាចំនួនពីរទៀតនៅស្រុកអូយាដាវ ខេត្តរតនគិរី។
យ៉ាងណាក៏ដោយ លោក វ៉ា គឹមហុង អះអាងថាកម្ពុជានៅតែបន្តស្វែងរកការចរចាទ្វេភាគី ដើម្បីស្វែងរកដំណោះស្រាយ ដោយពេលនេះកម្ពុជាមិនទាន់គិតប្តឹងករណីនេះទៅតុលាការអន្តរជាតិទេ៕