ក្រុមមន្រ្តីគណបក្សសង្រ្គោះជាតិឆ្លើយតបនឹងការព្រមានរបស់ លោក គន់ គីម

នាយឧត្តមសេនីយ៍ គន់ គីម (រូបភាពពីបណ្តាញសង្គម)

ក្រុមមន្រ្តីគណបក្សសង្រ្គោះជាតិបានប្រតិកម្មឆ្លើយតបភ្លាមៗទៅនឹងការព្រមានរបស់មេទ័ពម្នាក់ដែលស្និទ្ធនឹង លោក ហ៊ុន សែន បន្ទាប់ពីមេទ័ពរូបនោះបានព្រមានចាត់វិធានការលើមេដឹកនាំគណបក្សប្រឆាំង។

លោក គន់ គីម ជាមេទ័ពម្នាក់បានចេញវីដេអូមួយកាលពីម្សិលមិញដោយព្រមានចាប់ខ្លួន លោក សម រង្ស៊ី និង លោក កឹម សុខា បើមានការបញ្ជា ដោយថាជាការអនុវត្តច្បាប់។

លោកថា៖ ច្បាប់មិនអនុញ្ញាតឲ្យអ្នកធ្វើជ្រុល ត្រូវតែគោរពច្បាប់។ ទាំងលោក សម រង្ស៊ី និងលោក កឹម សុខា ត្រូវអនុវត្តច្បាប់ ពីព្រោះខ្ញុំជាអ្នកអនុវត្តន៍ច្បាប់ កម្លាំងប្រដាប់អាវុធការពាររដ្ឋាភិបាល ឲ្យតែមានបញ្ជា ខ្ញុំត្រូវតែអនុវត្ត ខ្ញុំត្រូវតែការពាររដ្ឋាភិបាល

ជាការឆ្លើយតប កញ្ញា កឹម មនោវិទ្យា កូនស្រី លោក កឹម សុខា បានសរសេរនៅលើហ្វេសប៊ុកនៅថ្ងៃនេះថា “កម្លាំងកងទ័ពជាតិមានកាតព្វកិច្ចការពាររដ្ឋម្មនុញ្ញ ការពាររបបប្រជាធិបតេយ្យសេរីពហុបក្ស មិនមែនការពារអំពើឬក្រុមណាដែលកំពុងបំផ្លាញរដ្ឋម្មនុញ្ញ និង របបប្រជាធិបតេយ្យសេរីពហុបក្សនោះទេ“។

មន្រ្តីជាន់ខ្ពស់គណបក្សសង្រ្គោះជាតិរូបនេះបន្តថា “ការចោទនិងចាប់អ្នកតំណាងរាស្ត្រដែលមិនទាន់ដកអភយ័ឯកសិទ្ធិ គឺជាការរំលោភរដ្ឋម្មនុញ្ញ។ ការកំចាត់មិនឲ្យថ្នាក់ដឹកនាំបក្សប្រឆាំងចូលប្រកួតក្នុងការ បោះឆ្នោតដោយប្រើតុលាការមិនឯករាជ្យ បំពានច្បាប់ គឺជាការបំផ្លាញរបបប្រជាធិបតេយ្យសេរីពហុបក្ស”។

បន្ថែមពីនេះទៀត លោក មុត ចន្ថា ជាមន្រ្តីជាន់ខ្ពស់គណបក្សសង្រ្គោះជាតិម្នាក់ទៀតក៏បានឆ្លើយតនឹងការព្រមានរបស់ លោក គន់ គីម ដែរ។ លោក មុត ចន្ថា លើកឡើងថា “ត្រូវបែងចែកតួនាទី និងភារកិច្ចឲ្យច្បាស់ រវាងមន្រ្តីអនុវត្តច្បាប់ និងយោធា។ មន្រ្តីអនុវត្តច្បាប់ គឺសំដៅដល់នគរបាល និងមន្រ្តីនគុបាលយុត្តិធម៌ មានភារកិច្ចអនុវត្តច្បាប់ និងធានានូវសន្តិសុខ និងសណ្តាប់ធ្នាប់សង្គម រីឯយោធាមានកាតព្វកិច្ចការពារអធិបតេយ្យ និងបូរណភាពទឹកដី។ យោធាអាចដណ្តើមយកតួនាទី និងភាតកិច្ចតបស់មន្រ្តីប្រតិបត្តិបាន លុះត្រាតែប្រទេសត្រូវបានប្រកាសដាក់ក្នុងភាពមានអាសន្នដោយព្រះមហាក្សត្រ បន្ទាប់ពីមានការអនុម័តយល់ព្រមដោយរដ្ឋសភា។ បើមិនដូច្នេះទេ ការចូលរួមរបស់យោធាក្នុងការអនុវត្តច្បាប់ និងដណ្តាប់សង្រ្គម ជាអំពើផ្ទុយច្បាប់“។

ការព្រមានរបស់លោក គន់ គីម ធ្វើឡើងមុនពេលតុលាការបើកសវនាការនៅថ្ងៃទី៩ខែកញ្ញាទាក់ទងនឹងអ្វីដែលតុលាការចោទថាប្រធានស្តីទីគណបក្សប្រឆាំងប្រព្រឹត្តិបទល្មើសជាក់ស្តែងក្នុងការមិនចូលខ្លួនទៅបំភ្លឺករណីដែលគេចោទថា លោក កឹម សុខា មានស្នេហាលួចលាក់នោះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ