បទយកការណ៍៖ សន្ទុះនៃការពេញនិយមផលិតផលច្នៃពីក្រមា បង្កើនការងារដល់ស្រ្តីខ្មែរដែលខ្សត់ខ្សោយ

កញ្ញា មាន សូនី​តា ជាមួយផលិតផលច្នៃពីក្រមាខ្មែរ (រូបភាពពីហ្វេសប៊ុកកញ្ញា មាន សូនី​តា)

សំឡេងម៉ាស៊ីនដេរ បន្លឺខ្ទរខ្ទារពេញបរិវេណទីធ្លា ក្នុងផ្ទះទំហំមធ្យមមួយកន្លែង ដែលពោរពេញទៅដោយម៉ាស៊ីនដេរជាច្រើនគ្រឿង ព្រមជាមួយនឹងអំបោះក៏ដូចជាកម្ទេចកម្ទីក្រណាត់តូចធំធ្លាក់នៅរាយប៉ាយពេញឥដ្ឋការ៉ូ ហាក់បង្ហាញអំពីភាពមមាញឹកជាខ្លាំងនៃមនុស្សដែលកំពុងធ្វើការយ៉ាងញាប់ដៃញាប់ជើងជាមួយនឹងម៉ាស៊ីនដេរទាំងនោះ។ សំឡេងដែលបន្លឺពីម៉ាស៊ីនដេរ ម្តងក៏ឮតិច ម្តងក៏ឮខ្លាំង ទៅតាមចង្វាក់ជើងដែលកំពុងធាក់ម៉ាស៊ីន ដើម្បីឲ្យអំបោះប្រទាក់ក្រឡាគ្នានៅលើសាច់ក្រណាត់តាមម៉ូដផ្សេងៗ ដែលបានព្រាងទុកនៅលើគំរូគំនូរដែលនៅក្បែរនោះ។

ស្របពេលដែលម៉ាស៊ីនដេរកំពុងដំណើរការទៅមុខជារឿយៗ អំបោះពណ៌ផ្សេងៗក៏ត្រូវបានទាក់គ្នាយ៉ាងមានរបៀបនៅលើក្រណាត់ក្រឡាធំតូចដែលជារបស់ម្យ៉ាងដែលកូនខ្មែរគ្រប់រូបប្រាកដជាស្គាល់យ៉ាងច្បាស់។

ក្រមា ត្រូវបានយកមកប្រើជាវត្ថុធាតុដើមមួយយ៉ាងសំខាន់ក្នុងការកែច្នៃឲ្យចេញជាវត្ថុសម្រេចផ្សេងៗ ដែលត្រូវបានមើលឃើញថាចាប់ផ្តើមទទួលការពេញនិយមនិងទទួលស្គាល់ពីសំណាក់ប្រជាជនខ្មែរជាបណ្តើរៗ។ ការកែច្នៃផលិតផលក្រមាឲ្យទៅជាវត្ថុប្រើប្រាស់ផ្សេងៗ ប្រហែលជារឿងមួយថ្មីសម្រាប់កម្ពុជា ដោយហាក់ទើបតែផុសផុលនូវភាពល្បីល្បាញនាប៉ុន្មានរយៈចុងក្រោយនេះ ខណៈដែលការពិតទៅ ក្រមាខ្មែរ ត្រូវបានបង្កើតនិងប្រើប្រាស់តាំងពីយូរណាស់មកហើយ។

ក្រមា ដែលត្រូវបានត្បាញឡើងដោយអំបោះច្នៃរំលេចជាពណ៌ក្រឡេក្រឡាផ្សេងៗលាយចូលគ្នា ត្រូវបានអះអាងថាមានប្រើប្រាស់ក្នុងសង្គមខ្មែរតាំងពីសម័យអង្គរមកម្ល៉េះ ដែលកាលនោះ លោក ជីវ តាក្វាន់ ដែលជាប្រវត្តិវិទូជនជាតិចិន ដែលបានមកដល់កម្ពុជានៅកំឡុងសតវត្សទី១៣ បានសរសេរក្នុងកំណត់ហេតុរបស់លោកថា៖ «ជនជាតិកម្ពុជាទាំងស្រីទាំងប្រុស ជួតក្បាលនិងរុំចង្កេះដោយក្រណាត់បន្ទះមួយ។ ក្រណាត់បន្ទះនោះ ត្រូវបានខ្មែរទូទៅហៅថា ក្រមា»។

បើនិយាយអំពី ក្រមា ប្រជាជនខ្មែរទាំងស្រីទាំងប្រុស ទាំងចាស់ទាំងក្មេង សុទ្ធតែបានស្គាល់ ធ្លាប់បានឃើញ ប៉ុន្តែនៅពេលដែលសួរថា តើមានប៉ុន្មាននាក់ដែលប្រើប្រាស់ក្រមាក្នុងជីវភាពប្រចាំថ្ងៃ ក្នុងសម័យទំនើបបច្ចុប្បន្ននេះ ចម្លើយប្រាកដជាមិនបានច្រើនទេ ជាពិសេសអ្នកនៅទីក្រុង។

នាពេលថ្មីៗនេះ ក្រមា ត្រូវបានពេញនិយមនៅក្នុងការកែច្នៃទៅជាវត្ថុប្រើប្រាស់ ដូចជាសម្លៀកបំពាក់ ស្បែកជើង កាបូប ដង្កៀប ឬបូសក់ និងវត្ថុផ្សេងៗទៀតជាច្រើន ដើម្បីឲ្យមានភាពប្លែកៗតម្រូវទៅតាមទីផ្សារ ជាពិសេសគឺតម្រូវទៅចំណូលចិត្តយុវវ័យ ព្រោះតាមការសម្គាល់របស់អ្នកលក់និងអ្នកច្នៃម៉ូដក្រមា យុវវ័យគឺជាទីផ្សារសំខាន់នៃអាជីវកម្មថ្មីមួយនេះ។

នៅក្នុងបរិវេណផ្ទះល្វែងថ្មជាន់ទី១ទំហំមធ្យមមួយ ដែលស្ថិតនៅខាងក្រោយផ្សារសេនជូរីផ្លាហ្សា ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ជាងដេរប្រហែលជាជិត១០នាក់ ដែលភាគច្រើនជាមនុស្សស្រី កំពុងតែមមាញឹកជាមួយនឹងការដេរអាវ កាបូប ស្បែកជើងកូនក្មេង និងប្រដាប់ប្រដាតុបតែងសក់ជាច្រើន។ វត្ថុទាំងអស់នេះសុទ្ធសឹងតែច្នៃចេញពីក្រមាខ្មែរ ដែលត្រូវបានអះអាងដោយម្ចាស់អាជីវកម្មខ្នាតតូចនៅកន្លែងខាងលើថា ត្បាញដោយស្រ្តីខ្មែរនៅកៀនស្វាយ។

ក្រុម “ក្តីសង្ឃឹមនៃស្រ្តី”
ក្រុម “ក្តីសង្ឃឹមនៃស្រ្តី” ដែលជាក្រុមច្នៃក្រម៉ាឲ្យចេញជាផលិតផលប្រើប្រាស់ផ្សេងៗ

ជាម្ចាស់ក្រុម “ក្តីសង្ឃឹមនៃស្រ្តី” ដែលជាក្រុមច្នៃក្រមាឲ្យចេញជាផលិតផលប្រើប្រាស់ផ្សេងៗ ដូចដែលរៀបរាប់ខាងលើ ស្រ្តីវ័យក្មេងមួយរូបដែលមានការតស៊ូខ្ពស់ ចាប់ផ្តើមអាជីវកម្មពីការតាំងចិត្តចង់ជួយស្រ្តីខ្មែរដែលមានជីវភាពលំបាកឲ្យមានការងារធ្វើនិងចង់ឲ្យកូនខ្មែរដែលធ្លាប់តែឮអំពីក្រម៉ាប៉ុន្តែមិនបានប្រើ ងាកមកយល់ដឹងថា តាមពិតក្រមាមានអត្ថប្រយោជន៍ច្រើនប៉ុណ្ណា។

អង្គុយសម្រាកលើកៅអីភ្នាក់នៅក្បែរតុធ្វើការ ក្រោយពីកត់ត្រានូវការបញ្ជាទិញពីភ្ញៀវរួច កញ្ញា ឡេង ចាន់នី ដែលទើបតែមានវ័យ២៥ឆ្នាំ តែក៏បានក្លាយជាម្ចាស់នៃអាជីវកម្មកែច្នៃផលិតផលពីក្រមានេះទៅហើយនោះ។ រៀបរាប់ដោយទឹកមុខញញឹមញញែមលាយឡំនឹងភាពម៉ឺងម៉ាត់ អំពីមូលហេតុនៃការយកក្រម៉ាមកច្នៃជារបស់ផ្សេងៗថា៖ ខ្ញុំឃើញថា ក្រមា ក៏ត្បាញដោយដៃដូចគ្នា សូត្រក៏ត្បាញដោយដៃដូចគ្នា ក្រមាក៏ជារបស់ខ្មែរ សូត្រក៏ជារបស់ខ្មែរ ហើយសូត្រខ្ញុំឃើញថា គេពេញនិយមធ្វើច្រើន ច្រើនមែនទែន តាមខេត្តក៏មាន ភ្នំពេញ អាចដល់ក្រៅប្រទេស គឺគេស្គាល់ច្បាស់អំពីសូត្រ តែខ្ញុំឃើញថាក្រមាអត់ទេ ក្រមាគេមិនទាន់បានប្រើ ស្គាល់គេស្គាល់ ប្រើគេអត់សូវប្រើ តិចណាស់ដែលគេប្រើក្រមា

ក្រុមច្នៃវត្ថុប្រើប្រាស់អំពីក្រមានេះ ត្រូវបានបង្កើតឡើងជិត២ឆ្នាំហើយ ដែលកាលនោះ កញ្ញា ចាន់នី ប្រាប់ថា មិនសូវជាមានអ្នកគាំទ្រប៉ុន្មានទេ ប៉ុន្តែមួយរយៈចុងក្រោយនេះ សន្ទុះនៃការគាំទ្រមានខ្លាំងមែនទែន រហូតធ្វើឲ្យក្នុងមួយខែ ក្រុមរបស់កញ្ញា ទទួលការបញ្ជាទិញឲ្យច្នៃនិងដេរសម្ភារៈជាកាបូប សម្លៀកបំពាក់ ស្បែកជើងកូនក្មេង ប្រដាប់ប្រដាតុបតែងសក់ដែលធ្វើពីក្រម៉ាទាំងនោះ ចូលដល់រាប់រយ។ កញ្ញា ឡេង ចាន់នី អះអាងថា ចាប់តាំងពីតារាសម្តែង កញ្ញា មាន សូនីតា គាំទ្រនូវក្រមាខ្មែរ ហើយចាប់ផ្តើមផ្សព្វផ្សាយនៅទីសាធារណៈនានាមក ការពេញនិយមនៃក្រមាក៏មានសន្ទុះឡើងជាខ្លាំង។

ជាការពិត ពីដំបូងពេលដែលមិនសូវមានការគាំទ្រ ដោយជួបឧបសគ្គក្នុងការរកទីផ្សារ ម្ចាស់អាជីវកម្មវ័យក្មេង រូបនេះ ប្រាប់ថាទឹកចិត្តដែលជម្រុញឲ្យកញ្ញាបន្តអាជីវកម្មមួយនេះ គឺស្រ្តីអ្នកកាត់ដេរដែលមានជីវភាពខ្សត់ខ្សោយទាំងនោះ។

កញ្ញាឆ្លើយប្រាប់ទាំងការរិះគិត រកនឹកបន្តិចបន្តួចថា៖ ពេលដែលខ្ញុំយកគាត់មកធ្វើការ ខ្ញុំបានចុះទៅផ្ទះរបស់គាត់ឃើញថាជីវភាពគាត់លំបាកមែន។ ពេលខ្លះឃើញតែសភាពខាងក្រៅ ដល់ចុះទៅផ្ទាល់ខ្ញុំឃើញថាជីវភាពគាត់លំបាកជាងអ្វីដែលយើងគិតទៅទៀត ចឹងកំលាំងចិត្ដដែលខ្ញុំចង់ចាប់ផ្ដើមអត់សូវខ្លាំងទេ ទាល់តែខ្ញុំចុះឃើញទិដ្ឋភាពគាត់លំបាកខ្លាំង ទិដ្ឋភាពនឹងជំរុញទឹកចិត្ដខ្ញុំកាន់តែខ្លាំង ឲ្យខ្ញុំធ្វើការតស៊ូពុះពារយ៉ាងណាដើម្បីឲ្យកន្លែងនេះ ក្រុមនេះដំណើរការទៅមុខ

កញ្ញា ឡេង ចាន់នី បន្តថាបុគ្គលិកដែលធ្វើការនៅក្នុងក្រុមនេះមានចំនួន១០នាក់ ដែលភាគច្រើនធ្លាប់ជាស្រ្តីមេផ្ទះ ពុំមានការងារធ្វើនិងជីវភាពខ្សត់ខ្សោយ។ ប្រាក់ខែគោលគឺ១៣០ដុល្លារ ប៉ុន្តែមានប្រាក់ម៉ោងបន្ថែមនិងប្រាក់រង្វាន់ដែលសរុបក្នុងមួយខែអាចទទួលបានដល់ទៅប្រហែល២៥០ទៅ២៦០ដុល្លារ។

ចំពោះតម្លៃនៃផលិតផលដែលច្នៃចេញពីក្រមាខ្មែរ ម្ចាស់ក្រុម «ក្តីសង្ឃឹមនៃស្រ្តី» រូបនេះអះអាងថា មិនមែនថ្លៃពេក ក៏មិនមែនថោកពេក ព្រោះកញ្ញាចង់ឲ្យផលិតផលដែលផលិតដោយខ្មែរចេញទៅមានគុណភាព ហើយម្យ៉ាងកញ្ញាថា អតិថិជនដែលគាំទ្រភាគច្រើនគឺជាយុវវ័យ ដែលមានជីវភាពមធ្យម ដូច្នេះតម្លៃផលិតផលទាំងនោះសមស្របនឹងសមត្ថភាពរបស់ពួកគេដែរ។

ធ្លាប់តែមានជីវភាពខ្សត់ខ្សោយ រស់នៅដោយពឹងលើញើសឈាមស្វាមី ស្រ្តីដែលជាអ្នកដេរកាបូបនិងច្នៃប្រដាប់ប្រដាតុបតែងសក់របស់ក្រុម “ក្តីសង្ឃឹមនៃស្រ្តី” ជាច្រើន ពេលនេះចាប់ផ្តើមរស់នៅដោយមានទំនុកចិត្តជាងមុន ដោយសារមានការងារធ្វើនិងមានប្រាក់ខែដែលអាចឲ្យជីវភាពពួកគេប្រសើរឡើង។

កំពុងជជែកគ្នាបណ្តើរ ដៃទាំងគូកំពុងដេរភ្ជាប់ក្រណាត់ក្រមាដើម្បីច្នៃជាបូចងសក់បណ្តើរ ស្រ្តីវ័យកណ្តាលមួយរូប អមដោយកូនប្រុសតូចរបស់ខ្លួនអាយុប្រហែលជា៥ទៅ៦ឆ្នាំ អ្នកស្រី មុំ គង្គា ងាកមកឆ្លើយទាំងរាងអឹមអៀនថា ការងារកែច្នៃផលិតផលពីក្រមា បានធ្វើឲ្យជីវភាពរបស់អ្នកស្រីប្រសើរឡើងជាងពីមុនច្រើន។

អ្នកស្រីបន្តថា៖ក្រមាហ្នឹងពីមុនវាអត់សូវដើរទេ ដល់ពេលយើងផលិតឥវ៉ាន់ចេញពីក្រមាអញ្ចឹង អ្នកផលិតក៏ផលិតបានច្រើន ហើយយើងក៏ទទួលផលពីក្រមាហ្នឹង ហើយអ្នកដែលផលិតក៏បានពីក្រមាហ្នឹង យើងយកមកធ្វើអញ្ចឹង ហើយការផលិតរបស់គាត់បានច្រើនអញ្ចឹង យើងទទួលបានផលប្រយោជន៍ទាំងអស់គ្នា

អ្នកស្រី មុំ គង្គា គឺជាស្រ្តីមួយរូបក្នុងចំណោមស្រ្តីជាច្រើននៅក្នុងប្រទេសកម្ពុជា ដែលជីវភាពចាប់ផ្តើមប្រសើរឡើង ដោយសារតែការងារច្នៃក្រមានេះ។ អ្នកស្រីមកធ្វើការជាអ្នកដេរកាបូបនិងច្នៃប្រដាប់ប្រដាតុបតែងសក់ពីក្រមា តាំងពីក្រុម “ក្តីសង្ឃឹមនៃស្រ្តី” នេះបើកដំណើរការដំបូងម្ល៉េះ។

អ្នកស្រីរៀបរាប់ទាំងដៃកំពុងធ្វើការជាបណ្តើរៗថា៖ ពីមុនការងារច្រើនណាស់ ជួនកាលទៅខ្ញុំលក់កាហ្វេលក់ផ្លែឈើ លក់ម្ជូរអីអញ្ចឹងណា […..] វាលំបាក ជួនកាលលក់បាន ជួនកាលលក់មិនបានអញ្ចឹងណា៎ [….] ចា៎ ផ្លាស់ប្តូរច្រើន ពីមុនខ្ញុំខ្វះខាត ឥលូវយើងបានការងារផ្ទះហើយ យើងធ្វើការនេះមានប្រាក់ខែទៀត ការងារផ្ទះទៀត វាបានចំណូលផ្ទះផង ប្រាក់ខែផង អញ្ចឹងយើងទប់ទល់កូនរៀន ហើយថ្លៃហូបចុកប្រចាំថ្ងៃ ហើយការខ្វះខាតយើងតម្រូវការផ្សេងៗទៀតបានច្រើន

សម្រាប់ការលក់ដូរនៅតាមទីផ្សារវិញ ផលិតផលដែលច្នៃពីក្រមា ជាពិសេសគឺអាវក្រមា សឹងតែអាចនិយាយបានថា ត្រូវបានដាក់លក់ស្ទើរតែគ្រប់ទីផ្សារ ព្រោះតែអាជីវករទាំងនោះសង្កេតឃើញតៗ គ្នាអំពីការពេញនិយមពី អ្នកទិញ និងមានការលក់ដាច់ច្រើននៅមួយរយៈចុងក្រោយនេះ។

ខណៈដែលអាជីវករខ្លះកំពុងញាប់ដៃញាប់ជើងរៀបចំឥវ៉ាន់ទុកសម្រាប់លក់ដូរ អ្នកខ្លះក៏ជជែកគ្នាលេងកែអផ្សុក ក្នុងនោះ អាជីវករម្នាក់ដែលមានទឹកមុខរួសរាយ និងកំពុងបង្ហាញភាពរាក់ទាក់ទៅកាន់ភ្ញៀវដែលដើរកាត់មុខតូបរបស់ខ្លួននៅកាច់ជ្រុង ក្បែរផ្លូវចេញ នៅប៉ែកខាងត្បូងនៃផ្សារទួលទំពូង អ្នកស្រី ម៉ែន ចន្ថា រៀបរាប់ប្រាប់អំពីការលក់អាវក្រមារបស់ខ្លួនថា៖ ដូចថាយុវវ័យខ្លះណា៎ គ្រាន់តែគេឃើញក្រមាហ្នឹង គេថាដូចគេមានចំណាប់អារម្មណ៍ ដល់ពេលមានចំណាប់អារម្មណ៍ ដូចថាអាវនេះអាវនោះអញ្ចឹង គេទិញពាក់ហើយ ឥលូវដូចថាឥលូវវាបែកទៅ ទូទៅហើយ ឥលូវដូចធម្មតាទៅវិញហើយ កាលដំបូងវា ជាក្រមានៅជាក្រមា ធម្មតាយើងបង់យើងអីអញ្ចឹងណា៎ ទិញឲ្យពួកម៉ាក ឬក៏ទិញកាដូឲ្យភ្ញៀវអី ហើយឥលូវគេដេរដាក់ទង់ជាតិនៅហ្នឹងទៀត ពីលើហ្នឹងអូនឯងមើលមើល៍ កន្លែងណាក៏ប្រើដែរ កន្លែងណាក៏លក់ដែរ និយាយទៅផលិតផលក្រមាហ្នឹងគឺដើរហ្ម៎ងអូន

ម្ចាស់តូបសម្តីផ្អែមនិងរួសរាយរូបនេះ អះអាងថាតាមការស្គាល់មើលរបស់អ្នកស្រី អ្នកទិញភាគច្រើនគឺជាយុវវ័យ ហើយជីវភាពសមរម្យ ព្រោះផលិតផលក្រមាមានតម្លៃសមរម្យអាចឲ្យមនុស្សគ្រប់វណ្ណៈទិញយកទៅប្រើប្រាស់បាន។ ចំពោះថា លក់បានប៉ុន្មានក្នុងមួយថ្ងៃនោះ អ្នកស្រីមិនអានប៉ាន់ស្មានដឹងទេ ព្រោះថ្ងៃខ្លះបានច្រើន ថ្ងៃខ្លះបានតិច តែអ្នកស្រីហ៊ានអះអាងថា អាវក្រមាលក់ដាច់ បើមិនអញ្ចឹងទេក៏អ្នកស្រីមិនយកមកលក់ដែរ។

អ្នកស្រីមានប្រសាសន៍បន្តដោយលាយឡំនឹងសំណើចដោយភាពរីករាយថា៖ និយាយរួមអាវទាំងអស់ក៏ដោយឲ្យតៃមានច្នៃរបៀបខ្មែរ គេចូលចិត្តទិញហើយ ឥលូវគេយល់ដឹងហើយ គេយល់ដឹងពីផលិតផលខ្មែររបស់ខ្មែរ គេពាក់ទៅដើម្បីឲ្យសាសន៍គេ ឬក៏បរទេសឃើញថាយើងខ្មែរអញ្ចឹង គេស្គាល់ថា អូ អានេះម៉ូដខ្មែរនេះ គេចង់ទិញណា៎

ងាកត្រឡប់ទៅម្ចាស់អាជីវកម្មច្នៃក្រមានៃក្រុម “ក្តីសង្ឃឹមនៃស្រ្តី”  កញ្ញា ឡេង ចាន់នី បង្ហាញការតាំងចិត្តរបស់ខ្លួនថា ទៅថ្ងៃមុខ កញ្ញាចង់ពង្រីកក្រុមរបស់ខ្លួនឲ្យទៅជាសិប្បកម្ម ព្រោះតែកញ្ញាចង់ឲ្យការគាំទ្រក្រមាខ្មែរមានភាពទូលំទូលាយពេញផ្ទៃប្រទេស ហើយនិងឈានទៅដល់បរទេស ស្របពេលដែលថ្មីៗនេះ កញ្ញាចាប់ផ្តើមទទួលការកុម្ម៉ង់ច្នៃម៉ូដក្រមាឲ្យទៅជាសម្លៀកបំពាក់ពីបរទេសជាបណ្តើរៗហើយ៕ ដោយកញ្ញា សន ឆវីវតី និង ណយ ធានី

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ