ព្រឹទ្ធសភាដកអភ័យឯកសិទ្ធិតំណាងរាស្ត្របក្សប្រឆាំង

អតីតសមាជិកព្រឹទ្ធសភាលោកស្រី ថាក់ ឡានី

ព្រឹទ្ធសភាបានបោះឆ្នោតដកអភ័យឯកសិទ្ធិតំណាងរាស្រ្តគណបក្សប្រឆាំងម្នាក់នៅថ្ងៃនេះ ដោយមិនមានការចូលរួមពីសមាជិកព្រឹទ្ធសភា គណបក្ស សម រង្ស៊ី ១១រូបនិងសមាជិកព្រឹទ្ធសភា២រូបទៀត ដែលតែងតាំងដោយព្រះមហាក្សត្រ។

ការបោះឆ្នោតដកអភ័យឯកសិទ្ធិនេះគឺធ្វើដោយសំឡេង៤៦លើ៤៦ ក្នុងចំណោមសមាជិកសរុប៦១រូបដោយមានវត្តមានក្នុងអង្គប្រជុំសុទ្ធតែជាសមាជិកព្រឹទ្ធសភាមកពីគណបក្សប្រជាជនកម្ពុជានិងសមាជិកព្រឹទ្ធសភា២រូបទៀតដែលតែងតាំងមកពីរដ្ឋសភា។ ប៉ុន្តែក្នុងនោះសមាជិកព្រឹទ្ធសភា២រូបរបស់គណបក្សកាន់អំណាចអវត្តមាន។

ក្រោយកិច្ចប្រជុំពេញអង្គនៅព្រឹកនេះ អ្នកនាំពាក្យព្រឹទ្ធសភា លោក ម៉ម ប៊ុននាង ថ្លែងថាការដកអភ័យឯកសិទ្ធិរបស់លោកស្រី ថាក់ ឡានី លោកថាមកពីលោកស្រីមិនព្រមចូលបំភ្លឺនៅតុលាការនិងមិនទទួលស្គាល់កំហុស     ខណៈដែលតុលាការបានរកឃើញថាលោកស្រី ពិតជាបានចោទប្រកាន់លោក ហ៊ុន សែន។

លោកបន្តថាតុលាការបានទុករយៈពេលឲ្យលោកស្រី១ខែដើម្បីឲ្យចូលបំភ្លឺករណីនេះ ប៉ុន្តែលោកស្រីនៅតែមិនព្រមចូលបំភ្លឺ ដូចនេះទើបក្រសួងយុត្តិធម៌និងតុលាការបានដាក់សំណើមកព្រឹទ្ធសភា ដើម្បីឲ្យព្រឹទ្ធសភាដកអភ័យសិទ្ធិដើម្បីបើកផ្លូវឲ្យតុលាការចោទប្រកាន់។

លោកមានប្រសាសន៍៖ “គាត់បានដាក់សំណើមកតាមឯកឧត្ដម អង្គវង្ស វឌ្ឍនា រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ ហើយនិងអគ្គព្រះរាជអាជ្ញាអមសាលាឧទ្ធរណ៍ ហើយនិងរបាយការណ៍របស់អគ្គព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញគឺបានដាក់មកសព្វគ្រប់ហើយ យើងបានពិនិត្យមើលអង្គហេតុ អង្គច្បាប់ ហើយនិងពង្រឹងនីតិរដ្ឋ គឺត្រូវតែអនុវត្តទៅតាមនីតិវិធីនៃច្បាប់។ គឺមានច្បាប់យើងលើកយកមកពិនិត្យ ពិចារណាច្បាប់រដ្ឋធម្មនុញ្ញ“។

ប្រធានស្តីទីគណបក្ស សម រង្ស៊ី លោក ទាវ វណ្ណុល សម្ដែងការសោកស្ដាយចំពោះការដកអភ័យឯកសិទ្ធិ លោកស្រី ថាក់ ឡានី ដោយលោកលើកឡើងថា ប្រសិនបើសមាជិកព្រឹទ្ធរូបណាធ្វើខុសនោះ ព្រឹទ្ធសភាគួរតែហៅមកសាកសួរជាមុនសិន ។

លោកមានប្រសាសន៍ថា៖ “ការបញ្ចេញយោបល់បានធានានៅក្នុងច្បាប់រដ្ឋធម្មនុញ្ញ១០៤ថ្មី ដែលនិយាយពីសមាជិកព្រឹទ្ធសភាម្នាក់ៗ ចឹងបើសិនជាមានការខុសឆ្គងអចិន្ត្រៃយ៍ព្រឹទ្ធសភា គួរតែហៅគាត់មកសាកសួរ ណែនាំហើយ។ បើសិនជាគាត់និយាយខុស គួរតែឲ្យគាត់សុំទោសសម្ដេចតេជោជាសាធារណៈអីចឹងទៅទេ អាហ្នឹងដែលខ្ញុំបញ្ចេញយោបល់ម្សិលមិញសុំឲ្យស្ថាប័នព្រឹទ្ធសភាធ្វើអញ្ចឹង ប៉ុន្តែគេថាគេសម្រេចអត់ធ្វើទេ គេនឹងប្រជុំថ្ងៃនេះ ដើម្បីដកអភ័យឯកសិទ្ធិ

អ្នកគ្រប់គ្រងបច្ចេកទេសឃ្លាំមើលការរំលោភសិទ្ធិមនុស្សអង្គការលីកាដូ លោក អំ សំអាត ចាត់ទុកការដកអភ័យឯកសិទ្ធិសមាជិកព្រឹទ្ធសភាលោកស្រី ថាក់ ឡានី នេះជារឿងនយោបាយនិងជាការគំរាមកំហែងទៅគណបក្សប្រឆាំងតែប៉ុណ្ណោះ។

លោកមានប្រសាសន៍ថា៖ “មើលទៅវាទាក់ទងទៅនឹងនយោបាយច្រើងជាង ពីព្រោះបើយើងនិយាយពីអភ័យឯកសិទ្ធិសភា ថាអភ័យឯកសិទ្ធិមួយថា គេចែងមក ដើម្បីការពារទៅដល់តំណាងរាស្ត្រ បើសិនជាបទល្មើសត្រឹមមជ្ឈិម បទល្មើសដែលវាមិនធ្ងន់ធ្ងរ មិនមែនជាបទល្មើសឧក្រិដ្ឋធ្ងន់ធ្ងរទេ អាហ្នឹងគឺគេទុកឲ្យបម្រើប្រជាពលរដ្ឋរបស់គាត់ ព្រោះគាត់ជាតំណាងរាស្រ្តរហូតដល់ចប់អាណាត្តិ បានគេអាចចាត់វិធានការនេះ សំដៅលើអភ័យឯកសិទ្ធិហើយ ហើយគាត់ធ្វើអ្វីគាំពារដោយរដ្ឋធម្មនុញ ដើម្បីធានាអំពីការបម្រើការងាររបស់គាត់ក្នុងនាមជាតំណាងរាស្ត្រកុំស្ថិតនៅក្នុងស្ថានភាពភ័យខ្លាច

ការបោះឆ្នោតដកអភ័យឯកសិទ្ធិលោកស្រី ថាក់ ឡានី នេះធ្វើឡើង ខណៈដែលលោកស្រីបានចាកចេញពីប្រទេសកម្ពុជាដោយថាដើម្បីទៅពិនិត្យសុខភាពនៅក្រៅប្រទេស។ នេះបើតាមលោក ទាវ វណ្ណុល។

កាលពីពេលកន្លងមក លោកនាយករដ្ឋមន្ត្រីបានព្រមានមិនឲ្យលោកស្រី ថាក់ ឡានី ចេញពីកម្ពុជានោះទេ ខណៈដែលមេធាវី លោក ហ៊ុន សែន បានដាក់ពាក្យបណ្តឹងទាក់ទងនឹងការថ្លែងរបស់លោកស្រីដែលថា លោក ហ៊ុន សែន នៅពីក្រោយឃាតកម្ម លោក កែម ឡី៕ ដោយលោក អឹុង ប៊ុនថន និងកញ្ញា ខាន់ លក្ខិណា

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ