លោក ហ៊ុន សែន គំរាមថ្មីទៀតថានឹងសើរើរឿងចាស់ជាមួយខុមហ្វ្រែល

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន កាលពីកន្លងទៅ​

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន គំរាមថានឹងទូទាត់បញ្ជីចាស់ជាមួយអង្គការឃ្លាំមើលការបោះឆ្នោតមួយ ហៅកាត់ថាខុមហ្វែ្រល ទាក់ទិននឹងអង្គការនោះ អះអាងថា ទឹកថ្នាំជ្រលក់ដៃបំរើឲ្យការបោះឆ្នោត បានលុបជ្រះ ជាកត្តាមួយផ្នែក បង្កឲ្យមានភាពមិនប្រក្រតីនៃលទ្ធផលបោះឆ្នោតឆ្នាំ២០១៣កន្លងទៅ។

មុនបោះឆ្នោតពីរថ្ងៃពោលគឺនៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៣ អង្គការឃ្លាំមើលការបោះឆ្នោត ខុមហ្វ្រែល បានធ្វើសន្នីសារព័ត៌មាន និងធ្វើពិសោធន៍ឃើញថា ទឹកថ្នាំជ្រលក់ដៃ ដែលកម្ពុជាទិញពីប្រទេសឥណ្ឌា សម្រាប់កិច្ចការបោះឆ្នោតនោះ បានលាងជ្រះ។

ករណីនេះ ខុមហ្វ្រែលថា បើជនណាបានចុះឈ្មោះច្រើនកន្លែង ឬក៏បញ្ជីឈ្មោះបោះឆ្នោតមានឈ្មោះស្ទួន ពួកគេអាចបោះឆ្នោតបានលើសពី១ដង បង្កឲ្យលទ្ធផលបោះឆ្នោតមានភាពមិនប្រក្រតី។ ក្រោយការបោះឆ្នោតសម្ព័ន្ធកំណែទម្រង់ការបោះឆ្នោតអឺរ៉ា (ERA) បានចេញរបាយការណ៍អង្កេតរកឃើញថាអ្នកបោះឆ្នោតជាង១លាន២សែននាក់បាត់សិទ្ធិបោះឆ្នោត។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រាប់អ្នកសារព័ត៌មាន កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ ក្រោយចុះឈ្មោះបោះឆ្នោតថ្មីដោយដាក់សំនួថា តើក្រោយពីបិទបញ្ចប់ ការចុះឈ្មោះបោះឆ្នោតនេះ ស្ថាប័នពាក់ព័ន្ធបានរកឃើញថា ពលរដ្ឋជាង១លាននាក់ ដែលគេលើកឡើងពីពេលមុននោះ វាពិតប្រាកដ ឬក៏យ៉ាងណា។

លោក ហ៊ុន សែន គំរាមថា លោកនឹងទូទាត់បញ្ជីចាស់ ជាមួយអ្នកដែលធ្លាប់អះអាងថា បញ្ជីបោះឆ្នោតចាស់ធ្វើឲ្យបាត់ឈ្មោះពលរដ្ឋ និងអ្នកដែលអះអាងថាទឹកខ្មៅជ្រលក់ដៃលុបជ្រះផងដែរ។

លោកថា៖ «បាត់១លាន២សែននាក់គឺច្រើនណាស់ អញ្ជឹងសូមស្តាប់ភាសាខ្ញុំឲ្យច្បាស់ អ្នកដែលលើកឡើងថា បាត់ៗៗ រាប់ទាំងអ្នកដែលថាទឹកខ្មៅលុបជ្រះ ក្នុងរយៈពេលមិនដល់ទៅ២៤ម៉ោងមុនពេលបោះឆ្នោត។ប៉ុន្តែលើកការជាក់ស្តែងធ្វើជាមូលដ្ឋានសម្រាប់បំរើឲ្យការបោះឆ្នោត។ ប៉ុន្តែគេបានស្រែករឿងនេះ។ យើងនឹងទូទាត់បញ្ជីមួយនៅពេលខាងមុខ ដើម្បីឲ្យដឹងថាតើការបោះឆ្នោតកន្លងទៅមានបាត់មនុស្សដូចគេលើកឡើងកន្លងទៅទេ?»។

ក្រោយការបោះឆ្នាំ២០១៣ គណបក្សប្រជាជនកម្ពុជា ដែលដឹកនាំដោយលោក ហ៊ុន សែន បានបាត់បង់អាសនៈអស់ចំនួន២២ ពោលគឺពី៩០ ធ្លាក់មកនៅ៦៨វិញ។

ចំណែកគណបក្សសង្គ្រោះជាតិវិញ បានកើនដល់៥៥អាសនៈ។ ប៉ុន្តែបក្សប្រឆាំងបានធ្វើពហិការមិនចូលប្រជុំសភាជិត១ឆ្នាំ។

អំឡុងពេលជាប់គាំងនយោបាយ ពេលបក្សប្រឆាំងធ្វើពហិការ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានព្រមានម្តងហើយ ទៅលើអង្គការខុមហ្វ្រែល ដែលបានធ្វើពិសោធន៍ ទឹកខ្មៅជ្រលក់ដៃបំរើឲ្យការបោះឆ្នោតនេះ។

វីអូឌី នៅមិនទាន់អាចទាក់ទងនាយកប្រតិបត្តិអង្គការខុមហ្វ្រែល លោក គល់ បញ្ញា បាននៅឡើយ។

ប៉ុន្តែនាយកប្រតិបត្តិអង្គការឃ្លាំមើលការបោះឆ្នោត NICFEC លោក សំ គន្ធាមី លើកឡើងថា របាយការណ៍របស់អង្គការសង្គមស៊ីវិលចេញផ្សាយពីពេលកន្លងទៅពីការបាត់ឈ្មោះអ្នកបោះឆ្នោត លោកថាបានធ្វើឡើងតាមការស្រាវជ្រាវបែបច្ចេកទេស និងថាទឹកថ្នាំដែល ខុមហ្វ្រែលរកឃើញថា លាងជ្រះ នោះលោក បានពិសោធន៍ឲ្យមន្ត្រី គ.ជ.ប ឃើញជាក់ស្តែងថាទឹកថ្នាំជ្រលក់ដៃនោះពិតជាលាងជ្រះមែន។

លោក សម គន្ធាមី ថាសាររបស់នាយករដ្ឋមន្ត្រីនៅពេលនេះ ជាការគំរាមដល់អង្គការនានា ដែលពួកគេកំពុងដាក់អ្នកសង្កេតការណ៍ឃ្លាំមើលការចុះឈ្មោះបោះឆ្នោត ជំរុញឲ្យមានតម្លាភាព។

មន្ត្រីសង្គមស៊ីវិលរូបនោះ ជំរុញឲ្យអ្នកនយោបាយ គួបង្កបរិយាកាស ឲ្យដំណើការចុះឈ្មោះបោះឆ្នោត ប្រព្រឹត្តិទៅដោយរលូននិងទទួលយកបានពីគ្រប់គណបក្ស ជាជាងផ្ញើសារគំរាម បង្កឲ្យមានការភ័យខ្លាចដល់អ្នកទៅចុះឈ្មោះបោះឆ្នោត។

លោកថា៖ «មុនបោះឆ្នោតទឹកជ្រលក់ដៃហ្នឹង គេយកមកធ្វើតេស្ត គេហៅ គ..ប មកមើលដែរតើ? ធ្វើតេស្ត អាហ្នឹងយើងមើលឃើញទាំងអស់គ្នាហើយតើ! មិនដឹងធ្វើម៉េច។ ហើយបើគាត់ព្រមានអញ្ចឹង ជារឿងមួយផ្សេងទៀត ជាលក្ខណៈមួយគំរាមទៅអង្គការសង្គមស៊ីវិល ដែលធ្វើការលើវិស័យកិច្ចការបោះឆ្នោត»។

ក្រោយភាពជាប់គាំងនយោបាយ នៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៥ គណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ បានសម្រេចរំលាយក្បាលម៉ាស៊ីន គ.ជ.ប ចាស់ បង្កើត គ.ជ.ប ថ្មី។កិច្ចព្រមព្រៀងនោះ បានសម្រេចធ្វើកំណែទម្រង់បញ្ជីបោះឆ្នោតចាស់ ដែលចម្រូងចម្រាស់ រួចចុះធ្វើបញ្ជីបោះឆ្នោតថ្មីឡើងវិញ៕

សូមទស្សនាវីដេអូខាងក្រោម អំពីការធ្វើតេសត្តសាកល្បងទៅលើទឹកថ្នាំជ្រលក់ដៃរបស់អង្គការ COMFREL កាលពីថ្ងៃទី ២៦ ខែកក្កដា ឆ្នាំ ២០១៣៖

 

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ