ម៉ន លីហួរ រង​ការ​ស្ដី​បន្ទោស​ រឿង​​​​​ស៊ីឡាក់​កីឡាករថៃ

ការប្រកួតអន្តរជាតិកាលពីថ្ងៃអាទិត្យទី៤ កញ្ញា នៅលើសង្វៀនទូរទស្សន៍អាស៊ីអាគ្នេយ៍ កីឡាករ ម៉ន លីហួរ ត្រូវគេឃើញរងការស្ដីបន្ទោសពីសំណាក់មហាជននិងគ្រូបង្វឹកយ៉ាងចាស់ដៃ បន្ទាប់ពីគេធ្វើពុតជាសន្លប់ ដើម្បីចាប់កំហុសចំពោះកីឡាករថៃ ប៉ុន្តែមិនត្រូវបានជោគជ័យដោយសារតែគេរកឃើញថាការវាយល្មើសរបស់កីឡាករថៃមិនសមទំនងនឹងសន្លប់។ យ៉ាងណាមិញ មន្ត្រីសហព័ន្ធបានប្រកាសថាមិនមានការពិន័យឬព្រមានចំពោះកំហុសឆ្គងរបស់គេនោះទេ ដោយសារតែគេក៏អស់កម្លាំងដៃក្នុងការតស៊ូដូចគ្នា។

មានការកត់សម្គាល់យ៉ាងខ្លាំងក្នុងពេលកីឡាករ ម៉ន លីហួរ មកពីក្លឹបការិយាល័យទី៥កងទ័ពជើងគោក ប្រកួតជាមួយកីឡាករថៃឈ្មោះ Yorth Rak Norng  ក្នុងនាមជាគូអន្តរជាតិកាលពីថ្ងៃអាទិត្យនោះ។ ក្នុងទឹកទី១ កីឡាករទាំងពីរមានភាពប្រដេញគ្នាទាំងកណ្ដាប់ដៃ កែង និងទាត់ធ្វេងស្ដាំ។ ប៉ុន្តែឈានដល់ទឹកទី២ កីឡាករថៃចាប់ផ្ដើមមានកម្រិតល្អជាង ជាពិសេសគេឃើញកីឡាករថៃធាក់បានល្អ ធ្វើឲ្យកីឡាករកម្ពុជាដួលផ្ញារជើងម្ដងជាពីរដងនោះផង។

បើទោះជាកីឡាករ ម៉ន លីហួរ ប្រឹងប្រកួតអស់ពីសមត្ថភាពយ៉ាងណា ក៏កម្រិតនៃការវាយចូលរបស់គេមិនសូវត្រូវចំគោលដៅប៉ុន្មានឡើយ ក្នុងពេលកីឡាករថៃវាយទប់និងវាយបកមកវិញ។

ក្នុងទឹកទី៣ កីឡាករថៃកាន់តែល្អកណ្ដាប់ដៃនិងកែង រហូតធ្វើអោយកីឡាករកម្ពុជាទ័លច្រកម្ដងជាពីរដងរកកល់នឹងដួលសន្លប់។ នៅក្នុងទឹកនេះ កីឡាករកម្ពុជាត្រូវគេឃើញអស់ដៃអស់កម្លាំងក្នុងការតតាំង ទើបកីឡាករថៃមានឱកាសកាន់តែច្រើនក្នុងការវាយសម្រុក។ អ៊ីចឹងហើយទើបគ្រាន់តែកីឡាករថៃជ្រុលដៃអុកចំកញ្ចឹងក ក្នុងពេលខ្លួនបាត់ជំហរហើយដួល ក៏ធ្វើជាដេកសន្លប់មិនព្រមងើប បើទោះជាមានអ្នកទស្សនាស្រែករិះគន់។

បើទោះជាលោកអាជ្ញាកណ្ដាលពន្យាពេលរាប់យឺតៗ ក៏ចំនួន១០ដែលត្រូវកំណត់ឡើងនៅតែបានកើតឡើង បើទោះជាលោក ម៉ន សាម៉េត ជាអ្នកឲ្យទឹកនិងជាគ្រូបង្វឹកផង បានស្រែកខ្លាំងៗឲ្យក្រោក ដើម្បីកុំឲ្យរងការរិះគន់។ លោក ម៉ន សាម៉េត បានស្រែកប្រណាំងនឹងសំលេងមហាជនទទូចឲ្យ ម៉ន លីហួរ កុំធ្វើសន្លប់ដោយលោកស្រែកថា «គេវ៉ៃមិនត្រូវផង អ្ហែងធ្វើសន្លប់ធ្វើអី!»។

ក្រោយរាប់ដល់ដប់ គេឃើញលោក ម៉ន សាម៉េត ស្ទុះមកទាញដៃកន្ទ្រាក់ឲ្យ ម៉ន លីហួរ ក្រោកឡើង និងបាននិយាយថាមិនបាច់ចាប់គ្រាហ៍កីឡាករ លីហួរ នោះទេ ដោយសារតែការវាយខុសលក្ខន្តិកៈរបស់កីឡាករថៃមិនធ្ងន់។

មិនខុសពីការស្រែកប្រកាសរបស់លោក ម៉ន សាម៉េត វីដេអូដែលបានចាក់សារឡើងវិញក៏បានបញ្ជាក់ថាមួយកែងរបស់កីឡាករថៃគឺមិនត្រូវកញ្ចឹងកររបស់ ម៉ន លីហូរ ដែលសមទំនងនឹងឲ្យ លីហួរ សន្លប់នោះឡើង។

លោក ញាណ សុធី អ្នករៀបចំការប្រកួតប្រចាំទូរទស្សន៍អាស៊ីអាគ្នេយ៍បានអះអាងថា កីឡាករ ម៉ន លីហួរ ពិតជាបានស៊ីឡាក់មែន ប៉ុន្តែលោកថាមិនចាប់កំហុសចំពោះគេនោះទេ ដោយសារតែសភាពជាក់ស្ដែងកីឡាកររូបនេះក៏អស់កម្លាំងនិងចុះខ្សោយលែងចង់ទៅមុនផងដែរ។

លោកនិយាយថា៖ “ក្រោយចាក់វីដេអូសារចុះសារឡើង គឺ លីហួរ គាត់ស៊ីឡាក់មែន ប៉ុន្តែខាងសហព័ន្ធសម្រេចអត់វិន័យគាត់ទេ ដោយសារតែគាត់អស់អាលីង (ហត់អស់កម្លាំង) ហើយហ្នឹង ចឹងបើឲ្យគាត់វ៉ៃទៀត ក៏ទៅមិនរួចដែរ ចឹងគាត់សន្លប់ហ្នឹង គឺមានន័យស្មើនឹងគាត់សុខចិត្តបោះបង់ការប្រកួតដែរ!”។

លោកថាបើ ម៉ន លីហួរ មិនអស់ដៃអស់ជើង ហើយធ្វើសន្លប់បែបនេះ គឺពិតជាត្រូវផ្អាកការប្រកួតយ៉ាងហោច៣ខែ។ យ៉ាងណាក៏ដោយលោកថា កីឡាករ ម៉ន លីហួរ ក៏ត្រូវគ្រូបង្វឹកស្ដីបន្ទោសយ៉ាងចាស់ដៃផងដែរ។

លោកនិយាយថា៖ “គ្នាវាហត់ផង ទើបធ្វើដួលអត់ព្រមងើប ប៉ុន្តែនៅក្រោយឆាក គ្រូវាស្ដីអោយឡើងលែងហ៊ានតហើយ!”។

ពាក់ព័ន្ធនឹងបញ្ហានេះ លោក ម៉ន សាម៉េត បដិសេធធ្វើការសម្ភាសន៍ ដោយលោកគ្រាន់តែទទួលស្គាល់ថាមួយកែងរបស់កីឡាករថៃត្រូវចំកញ្ចឹងករនោះ អត់សូវធ្ងន់ដែលសមនឹងសន្លប់ឡើយ។

ដោយឡែកកីឡាករ ម៉ន លីហួរ បានត្រឹមតែដើរចេញមិនឆ្លើយតបនឹងការស្ដីបន្ទោសរបស់លោក ម៉ន សាម៉េត និងក្នុងពេលចោទសួរប៉ុណ្ណោះក្រោយពីចាញ់នោះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ