លោក អ៊ុំ សំអាន និងមេធាវី ដើរចេញពីបន្ទប់​សវនាការ​​ ដោយថាការជម្រះក្តីរំលោភនីតិវិធីច្បាប់

តំណាងរាស្រ្ត​បក្ស​ប្រឆាំង​ លោក អ៊ុំ សំអាន កាលពីកន្លងទៅ

តំណាងរាស្ត្រគណបក្សប្រឆំាងល្បីឈ្មោះមួយរូបដែលរិះគន់រដ្ឋាភិបាលឥតសំចៃមាត់រឿងព្រំដែននិងក្រុមមេធាវីការពារក្តី បានសម្រេចដើរចេញពីបន្ទប់សវនាការនៅព្រឹកថ្ងៃចន្ទនេះ ដោយអះអាងថាការជម្រះក្តីនេះធ្វើឡើងដោយរំលោភលើនីតិវិធីច្បាប់។

តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិលោក អ៊ុំ សំអាន ត្រូវបានសត្ថកិច្ចចាប់ខ្លួនកាលពីថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៦ នៅក្នុងខេត្តសៀមរាបពាក់ព័ន្ធនឹងការចោទប្រកាន់រដ្ឋាភិបាលថាបានប្រើប្រាស់ផែនទីក្លែងក្លាយ បោះបង្គោលព្រំដែនជាមួយវៀតណាម ធ្វើឲ្យខ្មែរខាតបង់ទឹកដីទៅប្រទេសជិតខាងមួយនេះ។

មេធាវីការពារក្តីម្នាក់ក្នុងចំណោមបីនាក់គឺលោក ហែម សុជាតិ បានថ្លែងប្រាប់អ្នកសារព័ត៌មានក្រោយពីដើរចេញពីបន្ទប់សវនាការថា សាលាដំបូងរាជធានីភ្នំពេញយកសំណុំរឿងលោក អ៊ុំ សំអាន មកជម្រះក្តីនៅថ្ងៃនេះ ធ្វើឡើងដោយខុសនីតិវីធីច្បាប់និងរំលោភលើអភ័យឯកសិទ្ធិតំណាងរាស្ត្រ ខណៈតុលាការកំពូលមិនទាន់សម្រេចតាមការស្នើសុំរបស់ក្រុមមេធាវីដែលប្តឹងសុំមោឃភាពនីតិវិធីរបស់សាលាដំបូងរាជធានីភ្នំពេញ។ លោកបន្តថា៖ “កាលណាតុលាការកំពូលអត់ទាន់សម្រេចលើករណីអញ្ញត្តកម្មពាក់ព័ន្ធនឹងមោឃភាពនីតិវិធីទេ សវនាការអង្គសេចក្តី គឺតុលាការមិនអាចធ្វើបានទេ ចំណុចទីពីរទៀត បទល្មើសដែលតុលាការចោទប្រកាន់ក្នុងក្រមព្រហ្មទណ្ឌ វាមិនបានចែងអំពីបទល្មើសតាមបណ្តាញសង្គមហ្វេសប៊ុកឬអ៊ិនធឺណែត ការបង្ហោះសារ សំឡេង រូបភាពដែលធ្វើការរិះគន់ទៅលើសកម្មភាពរបស់សង្គមថាជាបទល្មើសទេ ចំណុចទីបី គឺថាអ្នកតំណាងរាស្ត្រនៅមានអភ័យឯកសិទ្ធិសភាឲ្យបានត្រឹមត្រូវតាមរដ្ឋធម្មនុញ្ញសិន មេធាវីយល់ថាខុសនីតិវិធី មេធាវីមិនអាចចូលរួមសវនាការមួយដែលខុសនីតិវិធីទេ

ចៅក្រមជម្រះក្តីលោក ហេង សុខណា ថ្លែងភ្លាមមុនពេលក្រុមមេធាវីលោក អ៊ុំ សំអាន ដើរចេញពីបន្ទប់សវនាការថា នេះជាសិទ្ធិរបស់មេធាវីនិងកូនក្តីដែលថាមិនចំាស្តាប់សវនាការនិងការបង្ហាញភស្តុតាងពាក់ព័ន្ធនឹងរឿងព្រំដែនដែលលោក អ៊ុំ សំអាន ចោទរដ្ឋាភិបាលប្រើប្រាស់ផែនទីក្លែងក្លាយ ធ្វើឲ្យកម្ពុជាខាតបង់ទឹកដីទៅឲ្យវៀតណាម។

យ៉ាងណាក៏ដោយ ក្រោយពីក្រុមមេធាវីនិងលោក អ៊ុំ សំអាន ដើរចេញពីបន្ទប់សវនាការនោះ ចៅក្រមជម្រះក្តីលោក ហេង សុខណា នៅតែបន្តនីតិវិធី ដោយបានបង្ហាញវីដេអូរបស់លោក អ៊ុំ សំអាន បានបង្ហោះនិងឲ្យមន្ត្រីនគរបាលយុត្តិធម៌ដែលឃាត់ខ្លួនលោក អ៊ុំ សំអាន អានកំណត់ហេតុសួរចំលើយជនជាប់ចោទនៅមុខតំណាងអយ្យការផងដែរ។ បន្ទាប់មក ចៅក្រមសម្រេចថានឹងប្រកាសសាលក្រមនៃសំណុំរឿងនេះនៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៦ វេលាម៉ោង២រសៀល។

គួរបញ្ជាក់ថា តំណាងរាស្ត្រលោក អ៊ុំ សំអាន ត្រូវបានសាលាដំបូងសម្រេចឃុំខ្លួនបណ្តោះអាសន្ននៅពន្ធនាគារព្រៃស ដោយចោទពីបទញុះញង់បង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គមនិងបទញុះញង់ឲ្យមានការរើសអើង។ ក្រោយមក ក្រុមមេធាវីតំណាងរាស្ត្ររូបនោះបានប្តឹងជាបន្តបន្ទាប់ទៅសាលាឧទ្ធរណ៍និងតុលាការកំពូល ដើម្បីសុំនៅក្រៅឃុំបណ្តោះអាសន្ន តែត្រូវបានតុលាការជាន់ខ្ពស់ទំាងពីរច្រានចោលការស្នើសុំនោះ ដោយអះអាងថា ការឲ្យតំណាងរាស្ត្ររូបនោះបាននៅក្រៅឃុំ បារម្ភថាអាចនឹងបង្គឲ្យមានចលាចលក្នុងសង្គម។

បទញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ (បង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម) និងបទញុះញង់ឲ្យមានការរើសអើង តាមមាត្រា៤៩៥និង៤៩៦នៃក្រមព្រហ្មទណ្ឌ អ្នកប្រព្រឹត្តអាចប្រឈមនឹងទោសពន្ធនាគារចន្លោះពី៦ខែទៅ៣ឆ្នាំ។

ប៉ុន្តែគណបក្សសង្រ្គោះជាតិចាត់ទុកការចោទទាំងនេះថាជារឿងនយោបាយ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ