តុលាការកំពូលលើកពេលសវនាការបណ្ដឹងសុំនៅក្រៅឃុំរបស់មន្រ្តីសិទ្ធិមនុស្ស

អគ្គលេខាធិការរងគ.ជ.ប.​ និង​សកម្មជន​ការពារ​សិទ្ធិ​មនុស្ស​​

តុលាការកំពូលនៅព្រឹកថ្ងៃចន្ទនេះ ប្រកាសលើកពេលសវនាការលើបណ្ដឹងសុំនៅក្រៅឃុំរបស់មន្រ្តីគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) លោក នី ចរិយា និងមន្រ្តីអាដហុក៤រូប។

មេធាវីការពារក្ដីឲ្យមន្រ្តីអាដហុក៤រូប លោក ឡោ ជុនធី មានប្រសាសន៍ថា មូលហេតុដែលចៅក្រមប្រកាសលើកពេលសវនាការ ដោយសារមេធាវីរបស់លោក នី ចរិយា ជាប់រវល់ ទើបគាត់សុំឲ្យតុលាការលើកពេលសវនាការនៅថ្ងៃនេះ។

លោកបន្តថា បានជាលោកប្ដឹងសារទុកមកតុលាការកំពូលនេះ ដោយសារសាលាឧទ្ធរណ៍តម្កល់ដីការបស់សាលាដំបូងលើបណ្ដឹងសុំនៅក្រៅឃុំដដែល ទើបលោកប្ដឹងសារទុកមកតុលាការកំពូល ខណៈដែលកូនក្ដីរបស់លោកមិនមានលទ្ធភាពអ្វីបង្កគ្រោះថ្នាក់ដល់សង្គមឡើយ។

កាលពីថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៦ សាលាឧទ្ធរណ៍បានបដិសេធសំណើសុំនៅក្រៅឃុំរបស់មន្រ្តីគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) និងមន្រ្តីអាដហុក៤រូប ដោយថាករណីរបស់មន្រ្តីគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) និងមន្រ្តីអាដហុក៤រូប នេះជាបទឧក្រិដ្ឋ ខ្លាចមិនសហការជាមួយតុលាការ ប៉ះពាល់ដល់ការស៊ើបអង្កេតនិងបារម្ភពីសុវត្ថិភាព។

គួរបញ្ជាក់ថា កាលពីថ្ងៃទី២ ខែឧសភា ឆ្នាំ២០១៦ តុលាការបានសម្រេចចោទប្រកាន់មន្រ្តីការពារសិទ្ធិមនុស្សអាដហុក៤រូបនិងមន្រ្តី គ.ជ.ប លោក នី ចរិយា ពីបទសូកប៉ាន់សាក្សីនិងសមគំនិតសូកប៉ាន់។ មន្រ្តីអាដហុក៤ទាំងរូប រួមមានលោក នី សុខា លោក យី សុខសាន្ត លោក ណៃ វ៉ងដា និង លោកស្រី លឹម មុន្នី៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ