បក្សកាន់អំណាចថារដ្ឋាភិបាល​មិនបានរំលោភកិច្ចព្រមព្រៀង​ទីក្រុងប៉ារីស

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង កាលពីកន្លងទៅ​

សមាជិកសភាមកពីគណបក្សកាន់អំណាច បានច្រានចោលការចោទប្រកាន់ថា រដ្ឋាភិបាលកម្ពុជារំលោភកិច្ចព្រមព្រៀងក្រុងប៉ារីស បន្ទាប់ពីគណបក្សប្រឆាំងស្វែងរកអន្តរគមន៍ពីប្រទេសជាហត្ថលេខីនៃកិច្ចព្រមព្រៀង២៣តុលា។

កាលពីថ្ងៃទី៥ ខែកញ្ញា គណបក្សសង្គ្រោះជាតិបានយកញ្ញត្តិទៅដាក់តាមស្ថានទូតនៃប្រទេសជាហត្ថលេខីនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ដែលមាន១៨ប្រទេសរួមទាំងមហាអំណាចទាំង៥ ដោយជំរុញឲ្យរដ្ឋាភិបាលកម្ពុជាដើរលើគន្លងប្រជាធិបតេយ្យ គោរពសិទ្ធិពលរដ្ឋ សិទ្ធិនយោបាយ និងសេរីភាពបញ្ចេញមតិ។

ឆ្លើយតបនឹងការលើកឡើងនេះ គណបក្សកាន់អំណាចក៏បានចេញលិខិតចំហរបកស្រាយថា ខ្លួនមិនបានរំលោភកិច្ចព្រមព្រៀងក្រុងប៉ារីសនោះទេ។

លិខិត ចុះថ្ងៃទី៧ ខែកញ្ញា នេះ បានដកស្រង់សម្តី លោក ស ខេង ប្រធានក្រុមសភាមតិភាគច្រើនមានខ្លឹមសារថា ការចោទប្រកាន់របស់គណបក្សប្រឆំាង គឺមិនមានមូលដ្ឋាននិងមិនមានការទទួលខុសត្រូវឡើយ ដោយថាការលើកឡើងរបស់បក្សប្រឆំាងគ្រាន់តែទាញយកផលប្រយោជន៍នៃអភ័យឯកសិទ្ធិរបស់ពួកគេ ដើម្បីកេងចំណេញនយោបាយ។

ក្នុងលិខិតដដែលនោះក៏បានលើកឧទាហរណ៍ករណីលោក សម រង្ស៊ី  លោក កឹម សុខា និងសមាជិកព្រឹទ្ធសភាបក្សជំទាស់លោកស្រី ថាក់ ឡានី ដោយថាពួកគេបានប្រើប្រាស់អភ័យឯកសិទ្ធិជាខែល ដើម្បីការពារខ្លួននៅពេលពួកគេបំពានច្បាប់រដ្ឋធម្មនុញ្ញ។

ទោះជាយ៉ាងណា តំណាងរាស្ត្របក្ស ជំទាស់ លោក សុន ឆ័យ មានប្រសាសន៍ថា លោកមិនចាប់អារម្មណ៍នឹងលិខិតចំហរពីក្រុមសភាមតិភាគច្រើននោះទេ ដោយលោកថា គណបកសង្គ្រោះជាតិនៅតែបន្តស្វែងរកកិច្ចអន្តរាគមន៍ពី ប្រទេសហត្ថលេខី ជួយដោះស្រាយបញ្ហាប្រឈមនៅកម្ពុជា។

លោកមានប្រសាសន៍ថា៖ “កន្លងទៅយើងក៏ធ្លាប់ឃើញដែរប្រទេសយើង នៅពេលដែលយើងឈ្លោះប្រកែកគ្នា កាប់សម្លាប់គ្នាដូចសត្វធាតុ ក៏អង្គការអន្តរជាតិ អង្គការសហប្រជាជាតិជួយដើម្បីរកសន្តិភាពឲ្យយើង ដូច្នេះក្នុងការជួយជ្រុំជ្រែងពីអន្តរជាតិនៅតែមានសារៈសំខាន់”។

គួរបញ្ជាក់ថា កន្លងទៅសហរដ្ឋអាមេរិក សហភាពអឺរ៉ុប រួមទាំងតំណាងអង្គការសហប្រជាជាតិលោក បាន គីមូន ផងបានចាត់ទុកថា បក្សកាន់អំណាចបានប្រើប្រព័ន្ធតុលាការយាយីនិងគំរាមកំហែងដល់អង្គការសង្គមស៊ីវិល អ្នកនយោបាយបក្សប្រឆាំង និងស្នើឲ្យទម្លាក់បទចោទដល់មេបក្សប្រឆាំងលោក សម រង្ស៊ី ដែលកំពុងនីរទេសខ្លួន ដែលសហគមន៍អន្តរជាតិថា ដើម្បីធានាដល់ភាពត្រឹមត្រូវនិងយុត្តិធម៌ដល់ដំណើការបោះឆ្នោត ដែលកម្ពុជាគ្រោងធ្វើនៅឆ្នាំ២០១៧និង២០១៨៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ