បទយការណ៍៖ កសិករខ្មែរជួបវិបត្តិកសិផលគ្មានទីផ្សារ

ដំណាំកសិកម្មមិនមានទីផ្សារ

ទិន្នផលបន្លែកសិកម្មជាច្រើនប្រភេទត្រូវបានគេដាក់គរនៅខាងមុខផ្ទះតាមចិញ្ចើមផ្លូវជាតិចេញពីព្រំប្រទល់ខេត្ដសៀមរាបឆ្ពោះទៅកាន់ខេត្ដព្រះវិហារ។ តំបន់នោះ ៩៥%ជាចំការប្រជាកសិករដាំដំណាំកសិកម្ម។ ប៉ុន្ដែគំនរទិន្នផលដំណាំទាំងនោះភាគច្រើនបានស្អុយរលួយ ដោយសារតែគ្មានឈ្មួញធ្វើអាជីកម្មឬទិញយកទៅលក់បន្ដ។កសិករនិយាយថា៖ “មិនដឹងថាយ៉ាងម៉េច មុនដំបូងថ្លៃណាស់ពូ ២០០០[រៀល]ជាងមួយគីឡូ។ប្រជាជនគ្នាអរណាស់ឥឡូវសល់១៥០រៀល[ទៅ]២០០រៀល ឥឡូវលក់ឲ្យ៣០០រៀល ក៏គេមិនយកដែរសុទ្ធចំការបងចេញផុតពីផ្ទះ ល្ពៅនៅជាង១ឡានទៀត”។

ភ្នែកសំឡឹងមើលផ្លែល្ពៅដាក់ក្រោមដំបូលផ្ទះឈើប្រក់ស័ង្កសីនាចិញ្ចើមផ្លូវក្នុងភូមិស្រយ៉ង់ត្បូង ឃុំស្រយ៉ង់ ស្រុកគូលេន ខេត្ដព្រះវិហារ ក្បែរអតីតបន្ទាយទាហានកងពលតូចលេខ៤១ បុរសវ័យជាង៤០ឆ្នាំ បង្ហាញក្ដីអស់សង្ឃឹមដែលថា កសិផលទាំងនេះស្ទើរតែខូចខាតទាំងអស់ទៅហើយ។ លោក ឡុង សុង កសិករសម្បុរសរូបនោះបន្ដថា រូបគាត់ក៏ដូចកសិករជាច្រើនទៀតបានចំណាយដើមទុនជាច្រើនពាន់ដុល្លារទៅធ្វើកសិកម្ម ប៉ុន្ដែមិនអាចទទួលបានដើមមកវិញ ដោយសារទិនផលកសិកម្មគ្មានទីផ្សារនំាចេញ បណ្ដាលឲ្យកសិករសម្រេចបោះចោលវា។ លោកបន្ដថា៖ “ប្រជាពលរដ្ឋគ្រប់រូប គាត់តែងតែរអ៊ូរទាំស្រែកឲ្យគេជួយ ប៉ុន្ដែគាត់មិនដឹងទៅពឹងអ្នកណា សំខាន់ដូចជាល្ពៅហ្នឹង គឺចប់ហើយ គាត់មិនដឹងយកទៅលក់នៅទីណា បាទ! ឆ្នំានេះច្រើនបង ច្រើន ព្រោះថាអត់មានឈ្មួញទិញ បើទិញទៅថោកចឹង ពួកគាត់អត់ចំណេញ បាទ! ចឹងពេលខ្លះគាត់ចោល គាត់ភ្ជួរចោលគាត់ដាំដំណាំផ្សេង“។

ឃុំស្រយ៉ង់ ស្ថិតក្នុងស្រុកគូលេន ខេត្ដព្រះវិហារ ខេត្ដនេះស្ថិតនៅខាងជើងជាប់ព្រំដែនប្រទេសថៃ។ តំបន់នោះសម្បូរចំការដំណាំកសិកម្មដូចជាចំការម្រេច ចំការកៅស៊ូ ចំការសណ្ដែក និងចេកផងដែរ។

នៅលើចិញ្ចើមផ្លូវក្រាលកៅស៊ូក្នុងភូមិ កសិករខ្លះបានអង្គុយប្រឡេះយកគ្រាប់ល្ពៅដែលស្អុយរលួយទៅលក់ ដើម្បីដោះស្រាយបន្ទុកជីវភាពខ្លះៗ។

ស្រ្ដីវ័យជាង៤០ឆ្នាំម្នាក់ទៀត គឺអ្នកស្រី ឡាយ ចាន់ថន បាននិយាយថា ផ្លែល្ពៅជាង១០តោនរបស់អ្នកស្រី រងការខូចខាតនិងបោះចោលនៅក្នុងចំការជាង៤ហិកតា។ អ្នកស្រីបន្តថា គាត់បានត្រឹមតែយកគ្រាប់ល្ពៅដែលចេញពីផ្លែស្អុយរលួយយកទៅលក់បាន១ម៉ឺនរៀលក្នុងមួយគីឡូក្រាម ដើម្បីសន្សំប្រាក់បានខ្លះ ទុកសម្រាប់ដោះស្រាយជីវភាព ខណៈដែលល្ពៅមួយគីឡូក្រាមថ្លៃជាងមួយរយរៀល។ អ្នកស្រីបញ្ជាក់ថា ការធ្វើដំណាំនេះ រូបគាត់បានខ្ចីបុលពីធនាគារជាងមួយម៉ឺនដុល្លារ ដើម្បីធ្វើស្រែចំការ ប៉ុន្ដែទិន្នផលកសិកម្មដែលទទួលបានមិនរួចថ្លៃដើមនោះទេ។ អ្នកស្រីបន្ដថា៖ “អានេះដាំបួនហត្ថនៅក្នុង ចេកលក់បានលុយបួនលានជាង នៅសល់ភ្ជួរចោលអស់ ហើយនៅសល់ក្នុងដីនេះ យើងបេះរើសតែល្អតែម្ដង ព្រោះយកមិនល្អគេមិនយកទេ។ សល់ចោលក្នុងចំការភ្ជួរបាត់ហើយ ភ្ជួរម្សិលមិញសាច់យកទៅបោះក្នុងចំការវិញ ធ្វើអីមិនកើតទេ មិនដូចត្រឡាចឆ្នាំនេះ ជំពាក់គេជាងមួយម៉ឺនដុល្លារ“។

កាលពីខែមីនាឆ្នាំ២០១៦នេះ នាយករដ្ឋមន្ដ្រីលោក ហ៊ុន សែន បានថ្លៃងថាតម្លៃកសិផលធ្លាក់ចុះជាបញ្ហាប្រឈមរបស់ពិភពលោក មិនមែនសម្រាប់តែកម្ពុជានោះទេ ដោយលោកបានរិះគន់អ្នកនយោបាយមួយចំនួនថា ឃោសនាបោកប្រាស់ប្រជាកសិករថានឹងធ្វើឲ្យតម្លៃកសិផលឡើងថ្លៃ។

កសិកររូបទៀតនៅភូមិស្រយ៉ង់ត្បូង លោក ក្រឹម សួរ ត្អូញត្អែរថា ការធ្លាក់ចុះផលដំណាំ ធ្វើឲ្យប្រជាកសិករអស់ទឹកចិត្ដដែរ ហើយអាចប្រឈមធ្វើចំណាកស្រុកទៅក្រៅប្រទេស។

ដៃម្ខាងទំលាក់ផ្លែល្ពៅចុះពីលើរថយន្ដបណ្តើរនិយាយបណ្តើរ បុរសវ័យជាង៣០ឆ្នាំមួយរូបនោះឲ្យដឹងទៀតថា អ្នកចំការខ្លះបានបញ្ចាំដីចំការនិងទ្រព្យសម្បត្ដិ ដើម្បីដោះបំណុលធនាគារនិងស្ថាប័នមីក្រួហិរញ្ញវត្ថុ និងមួយចំនួនទៀតប្រឈមការបាត់បង់ដីធ្លី ខណៈការប្រាក់កម្ចីកាន់តែឡើង។ លោកកត់សំគាល់ថាតម្លៃកសិផលនៅស្រុកខ្មែរ ឈ្មួញជាអ្នកកំណត់តម្លៃតាមអំពើចិត្ត ដែលលោកថាផ្ទុយពីនៅប្រទេសថៃ រដ្ឋាភិបាលគេបានរក្សាតម្លៃជួយដល់កសិករ។ លោកបន្ដថា៖ “ថៃទំនិញគេ ស្រូវគេថា មួយគីឡូ២បាត គេមានកុងត្រារបស់គេ ដល់ខ្មែរយើង ពីរពាន់រហូតធ្លាក់ដល់១០០រៀល១៥០រៀលក៏មាន គ្នាអស់សង្ឃឹមមែនទែន ព្រោះវាខាតដើមទុនច្រើន អ្នកខ្លះអ្នកខ្លះអត់លុយធ្វើ គ្នារកលុយរដ្ឋមកធ្វើ ជំពាក់រដ្ឋផង វេទនាណាស់មិនមែនស្រួល បាទ! មានបញ្ចាំទាំងដីខ្លះបញ្ចាំម៉ូតូខ្លះក៏ទៅថៃ ចុះអត់មានដើមទន់ធ្វើរកស៊ី“។

កាលពីថ្ងៃទី២៩ខែសីហាកន្លងទៅថ្មីៗនេះ ពលរដ្ឋ១៦៤គ្រួសារ ពួកគេបានសុំអាជ្ញាធរឲ្យអន្ដរាគមន៍ទៅធនាគារ និងមីក្រូហិរញ្ញវត្ថុ ពន្យាពេលសងប្រាក់ដើមរយៈពេលមួយឆ្នាំ ចាប់ពីខែកញ្ញាឆ្នាំ២០១៦ដល់ខែសីហាឆ្នាំ២០១៧ ប៉ុន្ដែពួកគេធានាសងការប្រាក់ជារៀងរាល់ខែ។ ប្រជាពលរដ្ឋទាំងនោះឲ្យដឹងថា ពួកគេបានខ្ចីដើមទុនពីធនាគារ និងមីក្រូហិរញ្ញវត្ថុ ដើម្បីបង្កបង្កើនផល ប៉ុន្ដែទិន្នផលដែលមានតម្លៃទាបនិងគ្មានទីផ្សារ។

អភិបាលរងស្រុកគូលេន លោក ប៉ែន ជឹង មានប្រសាសន៍ថា រូបលោកក៏បានខាតបង់ប្រាក់រាប់ពាន់ដុល្លារពីការធ្វើស្រែចំការនេះផងដែរ។ លោកបន្ដថា ការស្នើរបស់ពលរដ្ឋ អភិបាលខេត្ដព្រះវិហារលោក អ៊ុន ចាន់ដា បានទទួលរួចហើយ។ លោកទទួលស្គាល់ថាដំណាំកសិកម្មរបស់កសិករខូចខាតនិងទិន្នផលគ្មានតម្លៃនិងខ្វះទីផ្សារ។ លោកបញ្ជាក់ថា៖ “វាថោកពេកបង ដូចល្ពៅអី វាអត់បានផល បានផលមកក៏វាអត់បានទៀត ដល់ចឹងគាត់សុំពន្យាឲ្យឡើងដើម កុំឲ្យពិបាកលក់ដីធ្លី ឡើងដើមទេ ការបង់ធម្មតា គ្រាន់តែដូរកិច្ចសន្យា ខ្ញុំជឿថាបាន វាមិនអីទេ“។

នាយកកម្មវិធីបរិស្ថាននិងសុខភាពនៃអង្គការសេដាក លោក គាម មករាឌី មានប្រសាសន៍ថា កសិផលដែលគ្មានទីផ្សារនេះ លោកថាអាចជាកំហុសឆ្គងរបស់រដ្ឋាភិបាល។ ប៉ុន្ដែលោកថា ប្រជាកសិករគួរតែរួមគ្នាចងក្រងជាសហគមន៍កសិកម្ម ដើម្បីបង្កើតទីផ្សារជាមួយដៃគូឬជាមួយក្រុមហ៊ុនជាអ្នកធានាទិញ មុនពេលធ្វើការបង្កបង្កើនផល។ លោកបន្ដថា៖ “ក្រសួងពាក់ព័ន្ធជាពិសេសក្រសួងកសិកម្មហ្នឹង គឺជួយទៅសម្របសម្រួលក្នុងការបង្កើតក្រុមឬជួយបណ្ដុះបណ្ដាលឲ្យកសិករចងក្រងជាសហគមន៍កសិកម្ម ហើយទន្ទឹមនឹងអាចជួយរកឈ្មួញឬក៏ក្រុមហ៊ុនមានផែនការគោលបំណងជាក់លាក់ឬក៏រកស៊ីជាមួយកសិករសុចរិត គឺទៅផ្សារភ្ជាប់ជាកសិករផលិតនិងសមាគមកសិកម្មហ្នឹង“។

មេឃុំស្រយ៉ង់ ស្រុកគូលេន ខេត្ដព្រះវិហារ លោក ប៉ែន ឡាម មានប្រសាសន៍ថា ពលរដ្ឋនៅឃុំស្រយ៉ង់ជិត២០០០គ្រួសារ ក្នុងចំណោមពលរដ្ឋសរុបជាង៣០០០គ្រួសារ កំពុងជាប់បំណុលធនាគារនិងគ្រិះស្ថានហិរញ្ញវត្ថុ ។

ប្រជាកសិករទទួចឲ្យរដ្ឋាភិបាលជួយស្វែងរកទីផ្សារលក់ផលិតផលកសិកម្មដោយលើកឡើងថា ពួកគេគ្មានទីពឹងអ្វីក្រៅពីធ្វើស្រែចំការនោះទេ។

ពួកគេនិយាយថា៖ “កសិករមិនដឹងដាំអី គាត់នៅតែតស៊ូដាំចឹង ចង់ឲ្យរដ្ឋាភិបាលជួយរកទីផ្សារនៅស្រុកខ្មែរយើងឲ្យបានទៀងទាត់ កុំឲ្យទីផ្សារចុះខ្លាំងពេក។ ចង់ឲ្យរដ្ឋាភិបាលជួយដោះស្រាយ មិនថាតែល្ពៅ សណ្ដែក ដើម្បីទប់ទល់ដែលយើងខ្ចីប្រាក់កម្ចីគេមក

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ