តំណាង UN ចង់ឃើញច្បាប់ថ្មីមួយរបស់កម្ពុជាការពារសិទ្ធិអ្នករាយការណ៍ព័ត៌មាន

តំណាងអង្គការសហប្រជាជាតិ ប្រចាំកម្ពុជា ជំរុញភាគីពាក់ព័ន្ធ របស់កម្ពុជា ធ្វើយ៉ាងណា ឲ្យខ្លឹមសារច្បាប់ស្តីពីសិទ្ធិទទួលបានព័ត៌មាន ការពារសិទ្ធិអ្នករាយការណ៍ព័ត៌មាន ដើម្បីជំរុញការអភិវឌ្ឍន៍សង្គម ប្រកបដោយតម្លាភាព ជាជាងបិទបាំងមន្ត្រីខិលខូច។

កម្ពុជាកំពុងធ្វើសេចក្តីព្រាងច្បាប់ស្តីពីសិទ្ធិទទួលបានព័ត៌មាន ដែលច្បាប់នេះមានការចូលរួមផ្តល់យោបល់ ពីតំណាងអង្គការសហប្រជាជាតិ និងអង្គការសង្គមស៊ីវិលដែលពាក់ព័ន្ធ។

ក្នុងសិក្ខាសាលាមួយនៅរាជធានីភ្នំពេញ នាថ្ងៃទី៨ខែកញ្ញានេះ តំណាងអង្គការ សហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា លោកស្រី វ៉ាន ហ៊ីលី (Wan –Hea Lee)បានឲ្យដឹងតាមរយៈអ្នកបកប្រែថា អ្នករាយការព័ត៌មាន ពួកគេត្រូវការច្បាប់ការពារ និងត្រូវការប្រព័ន្ធច្បាប់រឹងមាំ។

លោកស្រី វ៉ាន ហ៊ីលី បន្តថា ដូចនេះភាគីពាក់ព័ន្ធ គួរធ្វើយ៉ាងណា ច្បាប់នេះគួរចែងច្បាស់ថា អ្វីជាព័ត៌មានបែបណាជាព័ត៌មានទាក់ទិននឹងសន្តិសុខជាតិ  ដែលស្ថាប័នរដ្ឋ មិនអាចឲ្យអ្នករាយការណ៍ព័ត៌មាន រាយការណ៍បាន និងព័ត៌មានណា ដែលត្រូវបើកទូលាយ ឲ្យសាធារណជនដឹង ពីតម្លាភាព ជំរុញពង្រឹកអភិបាលកិច្ច។

លោកថាស្រីថា៖ “ព័ត៌មានដែលទំលាយទៅធ្វើឲ្យមន្ត្រីសាធារណបាក់មុខបាក់មាត់នោះ ព័ត៌មានបែនហ្នឹង មិនមែនចាត់ទុកថាជាព័ត៌មានសម្ងាត់នោះទេ ដូច្នេះយើងត្រូវតែគិតគូននៅថ្នាក់ជាតិ និងច្បាប់របស់យើង ។ជាពិសេសទាក់ទងទៅនឹងសន្តិសុខជាតិ និងព័ត៌មានសម្ងាត់ នៅពេលដែលព័ត៌មានសម្ងាត់ទាំងអស់នៅត្រូវរដ្ឋដាក់ទុកក្នុងដៃ មិនទម្លាយ ប៉ុន្តែបើមិនទម្លាយ វាធ្វើឲ្យប៉ះពាល់ដល់សិទ្ធិពលរដ្ឋ សាធារណជន”។

ច្រើនឆ្នាំមកនេះអ្នកសារព័ត៌មានជិត២០នាក់ហើយ ត្រូវគេសម្លាប់ ដោយសារពួកគេសរសេរិះគន់រដ្ឋាភិបាល ពីអភិបាលកិច្ច រិះគន់រឿងបទល្មើសព្រៃឈើ និងបទល្មើសនេសាទ ដែលមន្ត្រីរដ្ឋាភិបាលមិនអាចទប់ស្កាត់បាន។

រដ្ឋមន្ត្រីក្រសួងព័ត៌មាន លោក ខៀវ កាញារីទ្ធ មិនបានបញ្ជាក់ថា សេចក្តីព្រាងច្បាប់ស្តីពីសិទ្ធិទទួលបានព័ត៌មានដែលបានធ្វើឡើងតាំងពីឆ្នាំ២០១៥មកនោះ បានកំណត់ថា ព័ត៌មានបែនណា ដែលត្រូវរាយការណ៍បាន ហើយព័ត៌មានបែបណាមិនអាចរាយការណ៍បាន ទាក់ទិននឹងសន្តិសុខជាតិនោះទេ។ ប៉ុន្តែមន្ត្រីរដ្ឋាភិបាលរូបនោះបញ្ជាក់ថា ច្បាប់នេះ បានបើកឱកាសឲ្យអ្នកសារព័ត៌មាន ស្វែងរកបាន នូវឯកសាពាក់ព័ន្ធ ទាក់ទិននឹងការផ្តល់សិទ្ធិដល់អ្នកវិនិយោគ និងកិច្ចការផ្សេងទៀត ដែលលោកថា មន្ត្រីរដ្ឋាភិបាលមិនអាចលាក់បាំងបាន។

លោកថា៖ “តាមពិតច្បាប់ស្តីពីសិទ្ធិទទួលព័ត៌មាននេះ បាននិយាយពីសិទ្ធិធំ សម្រាប់ទទួលកិច្ចការស្រាវជ្រាវ ដើម្បីរដ្ឋាភិបាល អាជ្ញាធរ ស្ថាប័នសាធារណៈមានការទទួលខុសត្រូវ ចំពោះម្ចាស់ឆ្នោត ហើយនឹងបង្ហាញពីគណនេយ្យភាព នៃអភិបាលកិច្ចល្អ ដែលយើងកំនត់ថា ប្រជាធិបតេយ្យត្រូវមានការចូលរួម”។

ជាមួយគ្នានោះដែរ ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ លោក ឱម យិនទៀង បានថ្លែងដែរថា ក្រៅពីសេចក្តីព្រាងច្បាប់ស្តីពីសិទ្ធិទទួលបានព័ត៌មាននេះអង្គភាពរបស់លោកក៏បានធ្វើសេក្តីព្រាងច្បាប់ចំនួនពីរទៀត ដែលលោកថា បានការពារដល់សិទ្ធិបុគ្គលអ្នករាយការណ៍ និងសាក្សី តបតាមការចង់បានរបស់អង្គការសហប្រជាជាតិ។

លោក ឱម យិនទៀង បានចាត់ទុកថាអ្នកសារព័ត៌មានបានដើតួនាទីយ៉ាងសំខាន់ ក្នុងការជួយជំរុញការធ្វើកំណែទម្រង់ស្ថាប័នជាតិ នៅពេលពួកគេបានរាយការណ៍នូវភាពអសកម្មណាមួយ។

លោកថា៖ “បាក់ឌុបឆ្នាំទី១ដែលជោគជ័យ គឺសារព័ត៌មានទេ និយាយឲ្យពិតប្រាកដ អ្នកសារព័ត៌មានទេដែលឲ្យមែន ផ្សព្វផ្សាយភ្លាមៗម៉ង ថាអាណាម៉េចៗ គឺសង្គមមួយគឺ២៤ខេត្តក្រុងគឺថយក្រោយក្រាកៗ [ពេលដឹងភាពមិនប្រក្រីតីនៃការប្រឡង] មិនហ៊ានរំលោភច្បាប់ ធ្វើឲ្យពីរថ្ងៃកន្លះប្រឡងទាំងមូលបានជោគជ័យ ។ ហើយបើយើងមិនឲ្យតម្លៃសារព័ត៌មានគឺយើងល្ងង់សុទ្ធ”។

ទោះជាយ៉ាងកាលពីបោះឆ្នោតឆ្នាំ២០១៣ក្រសួងព័ត៌មានបានហាម ប្រព័ន្ធផ្សព្វផ្សាយមិនឲ្យផ្សាយផ្ទាល់ ព្រឹត្តិការថ្ងៃបោះឆ្នោត រហូតក្រសួងនេះបានសម្រេចបិទ ការផ្សាយផ្ទាល់ របស់កម្មវិធីផ្សាយ របស់VOD រយៈពេលខ្លី នៅពេលនោះ នៅពេលដែលកម្មវិធីផ្សាយផ្ទាល់ នៅតែបន្តផ្សាយពីចំនួនអ្នកទៅបោះឆ្នោត និងភាពមិនប្រក្រតីខ្លះនៅតាមមណ្ឌលបោះឆ្នោតមួយចំនួន ។

នាយកប្រតិបត្តិអង្គការតម្លាភាពកម្ពុជា និងជាសមាជិកសម្ព័ន្ធកំណែទម្រង់ការបោះឆ្នោត (ERA) លោក ព្រាប កុល លើកឡើងថា ការសម្ងាត់ដែលត្រូវហាមឃាត់នៃដំណើរការបោះឆ្នោតលោកថា គឺនៅកន្លែងគូសសន្លឹកឆ្នោត ក្រៅពីនោះលោកថា មិនគួហាមឃាត់មិនឲ្យអ្នកព័ត៌មានរាយការណ៍ទេ។

បើតាមលោក ព្រាប កុល ដើម្បីឲ្យការអនុវត្តន៍ចាប់ស្តីពីសិទ្ធិទទួលបានព័ត៌មាននេះ មានប្រសិទ្ធិភាព លោក ថា លុះណាតែច្បាប់នោះចែង ពីការបង្កើតឲ្យមានគណៈកម្មការឯករាជ្យមួយ ឃ្លាំមើលការអនុវត្តន៍នេះ។

លោកថា៖ “បើសិនជាយើងអត់មានទេចូល ត្រង់ទៅតុលាការតែម្តងខ្ញុំថា យើងអាចមានឧបសគ្គ ឧបសគ្គទី១គឺយើងដឹងទាំងអស់គ្នាហើយថា កិត្តិនាមតុលាការបច្ចុប្បន្ននេះ មិនសូវល្អ មិនមែនខ្ញុំអ្នកនិយាយទេ គឺមហាជនគេយល់បែបនេះ”។

យ៉ាងណាក៏ដោយ លោកស្រី វ៉ាន ហ៊ីលី ជំរុញឲ្យភាគីពាក់ព័ន្ធ របស់កម្ពុជា ដែលចូលរួមធ្វើសេចក្តីព្រាងច្បាប់នេះ បោះជំហ៊ានទៅមុខ ជាជាងដើរថយក្រោយ ដោយ ធ្វើយ៉ាងណាឲ្យច្បាប់ស្តីពីសិទ្ធិទទួលបានព័ត៌មាននេះ ក្លាយជាច្បាប់ទំនើបទាន់សម័យ នៅក្នុងសកលោក នាទសវត្សរ៍២១នេះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ