បក្សប្រឆាំងព្រមានធ្វើមហាបាតុកម្ម បន្ទាប់ពីកាត់ទោស លោក កឹម សុខា

គណបក្សប្រឆាំងប្រកាសថា ខ្លួននឹងដឹកនាំមហាបាតុកម្ម នៅពេលខាងមុខ ដោយថា បើរដ្ឋាភិបាល នូវតែបន្តយកតុលាការធ្វើជាឧបករណ៍នយោបាយ យាយីដល់គណបក្ស សង្រ្គោះជាតិ និងមន្ត្រីអង្គការសង្គមស៊ីវិល។

ការប្រកាសធ្វើមហាបាតុកម្ម របស់គណបក្សសង្គ្រោះជាតិនេះ បានធ្វើឡើងបន្ទាប់ពីតុលាការចេញសាលក្រមផ្តន្ទាទោស លោក កឹម សុខា ឲ្យជាប់ពន្ធនាគារ៥ខែនិងពិន័យប្រាក់៨០ម៉ឺនរៀលទាក់ទងសំណុំរឿងស្នេហា។ គណបក្សប្រឆាំងក៏បានពីករណីចាប់ឃុំខ្លួនមន្ត្រីការពារសិទ្ធិមនុស្សអាដហុក៤នាក់ មន្ត្រី គ.ជ.ប ម្នាក់ សកម្មជនរបស់ខ្លួនជិត២០នាក់ រួមទាំងតំណាងរាស្ត្រីពីររូបទៀត ទាំងមានអភ័យឯកសិទ្ធិសភា។

សេចក្តីថ្លែងការណ៍ចុះថ្ងៃទី៩ខែកញ្ញានេះ គណបក្សសង្គ្រោះជាតិ បានច្រានចោលសាលក្រមនោះ ដោយថា ជាសាលក្រមស្ថិតក្រោមសម្ពាធ របស់គណបក្សកាន់អំណាច។

គណបក្សសង្គ្រោះជាតិបន្តថា ករណីនេះ ខ្លួននឹងបន្តការតស៊ូនយោបាយទាមទារឲ្យទម្លាក់បទចោទប្រកាន់ លើលោក កឹម សុខា និងសកម្មជនដទៃទៀត ព្រមទាំងមន្ត្រីអង្គការសង្គមស៊ីវិល និងមន្ត្រី គ.ជ.ប។

បក្សប្រឆាំងមួយនេះព្រមានថា ប្រសិនបើការទាមទារនោះ មិនទទួលបានលទ្ធផលគណបក្សសង្គ្រោះជាតិថា នឹងប្រើប្រាស់សិទ្ធិធ្វើមហាបាតុកម្មដោយអហិង្សា។

សេចក្តីថ្លែងការណ៍នោះក៏បានអំពាវនាវឲ្យប្រជាពលរដ្ឋចូលរួម ដោយថាដើម្បីការពារសិទ្ធិសេរីភាព របបប្រជាធិបតេយ្យ សេរីពហុបក្ស និងអភ័យឯកសិទ្ធិសភា ដែលចែងនៅក្នុងរដ្ឋធម្មនុញ្ញ។

ទោះជាយ៉ាងណា គណបក្សប្រជាជនកម្ពុជាតែងតែបកស្រាយថា ចំណាត់ទាំងឡាយទៅបក្សប្រឆាំងគឺជាអនុវត្តន៍ច្បាប់ ខណៈមជ្ឈដ្ឋានជាច្រើនមើលឃើញថា ជារឿងនយោបាយ។

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ