ថៃ និង​ម៉ាឡេស៊ី​ប្ដេជ្ញា​បញ្ចប់​អំពើ​ហិង្សា​នៅ​ភាគ​ខាង​ត្បូង

នាយករដ្ឋមន្ត្រីថៃ លោក ប្រាយុទ្ធ ចាន់អូចា (ឆ្វែង)​ និងនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក ណាជីប រ៉ាហ្សាក់ អំឡុងសន្និសីទសារព័ត៌មានមួយ(រូបភាពពីទីភ្នាក់ងារសារព័ត៌មានបាងកកប៉ុស្តិ៍)

សារព័ត៌មានថៃ បានផ្សាយថា ប្រទេសថៃ និងម៉ាឡេស៊ី បានបញ្ជាក់ពីការប្ដេជ្ញាចិត្តរួមមួយ ដើម្បីបញ្ចប់អំពើហិង្សា និងការគំរាមកំហែងសន្តិសុខ ដល់ប្រទេសទាំងពីរ នៅតំបន់ភាគខាងត្បូងប្រទេសថៃ។

កិច្ចសហប្រតិបត្តិការប្រឆាំងពួកជ្រុលនិយមនៅភាគខាងត្បូងថៃ និងតំបន់ព្រំដែនថៃ-ម៉ាឡេស៊ី ត្រូវបានប្រកាសដោយនាយករដ្ឋមន្ត្រីថៃ លោក ប្រាយុទ្ធ ចាន់អូចា និងនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក ណាជីប រ៉ាហ្សាក់ អំឡុងសន្និសីទសារព័ត៌មាន ក្រោយជំនួបប្រចាំឆ្នាំនៃកិច្ចសហប្រតិបត្តិការថៃ-ម៉ាឡេស៊ី នៅឯទីក្រុងបាងកក កាលពីថ្ងៃម្សិលមិញ។

កាសែតបាងកកប៉ុស្តិ៍ បានដកស្រង់សម្ដីលោក ណាជីប ចុះផ្សាយថា៖ “វាសំខាន់ណាស់សម្រាប់យើងធ្វើការលើវិធានការកសាងទំនុកចិត្ត នៅភាគខាងត្បូង”។ លោកបន្ថែមថា ដំណើរការជជែកគ្នា គឺជាដំណាក់កាលដំបូងនៃការបង្កើតជំនឿ និងទំនុកចិត្តទៅវិញទៅមក។

លោក ណាជីប បន្តថា៖ “យើងនឹងបន្តធ្វើការជិតស្និទ្ធនឹងគ្នាដើម្បីប្រយុទ្ធនឹងការគំរាមកំហែងពីភេរវកម្មអន្តរជាតិ ការជួញដូរមនុស្ស និងបទល្មើសឆ្លងប្រទេស ក្នុងនោះមានក្រុមជ្រុលនិយមហិង្សាផងដែរ”។

មនុស្សជាង ៦៥០០នាក់ហើយ ត្រូវបានគេសម្លាប់ នៅក្នុងអំពើហិង្សានៅខេត្តយ៉ាឡា ណារ៉ាធីវ៉ាត់ និងផាត់តានី ដែលជាខេត្តសម្បូរទៅដោយជនមូស្លីម៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ