បក្សប្រឆាំងថ្កោលទោសលើការចល័តទ័ពរបស់រដ្ឋាភិបាល

កម្លាំងប្រដាប់អាវុធចល័តក្បែរគណបក្សសង្គ្រោះជាតិកាលពីពេលកន្លង (រូបភាពពីហ្វេសប៊ុកលោក កឹម សុខា)

គណបក្សសង្គ្រោះជាតិថ្កោលទោសទៅលើការចល័តទ័ពរបស់រដ្ឋាភិបាលនៅតាមបណ្តោយផ្លូវជាតិលេខ២និងនៅតាមដងទន្លេបាសាក់ខាងក្រោយទីស្នាក់ការខ្លួនកាលពីយប់ថ្ងៃទី១២កញ្ញាម្សិលមិញ ថាជាការគម្រាមកំហែងគណបក្សនិងបំភិតបំភ័យប្រជាពលរដ្ឋ។

ក្នុងសេចក្តីថ្លែងការណ៍ចុះថ្ងៃទី១៣កញ្ញា នេះគណបក្សសង្គ្រោះជាតិបានថ្លែងថាការចល័តទ័ពកាលពីយប់ថ្ងៃទី១២កញ្ញាជាការគម្រាមកំហែងបក្សរបស់ខ្លួននិងបានបង្កភាពភ័យខ្លាចដល់ប្រជាពលរដ្ឋនិងជាពិសេសប៉ះពាល់ដល់ដំណើការនៃការចុះឈ្មោះនិងការបោះឆ្នោតនាពេលខាងមុខ។

គណបក្សបានស្នើដល់រដ្ឋាភិបាលឲ្យបញ្ឈប់នូវសកម្មភាពនេះ ដើម្បីរកដំណោះស្រាយរួមគ្នា ដើម្បីធានាបរិយាកាសនៃចុះឈ្មោះនិងបោះឆ្នោតនាពេលខាងមុខ។

ក្នុងសេចក្តីថ្លែងការណ៍សរសេរថា៖ “គណបក្សសង្គ្រោះជាតិ អំពាវនាវដល់រាជរដ្ឋាភិបាល បញ្ឈប់ជាបន្ទាន់នូវសកម្មភាពគម្រាមកំហែងបែបនេះ ដោយសហការគ្នារកដំណោះស្រាយរួម ដើម្បីធានាស្ថិរភាព សន្តិសុខ សុវត្ថិភាព និងសេចក្តីសុខក្សេមក្សាន្តរបស់ប្រជាពលរដ្ឋ និងធានាបរិយាកាសល្អប្រសើសម្រាប់ដំណើការនៃការចុះឈ្មោះបោះឆ្នោត និងការបោះឆ្នោតនាពេលខាងមុខ”។

ទាក់ទងទៅនឹងការចល័តទ័ពកាលពីយប់ថ្ងៃចន្ទ អ្នកនាំពាក្យក្រសួងការពារជាតិ លោក ឈុំ សុជាតិ មានប្រសាសន៍ថាជាការត្រៀមអនុវត្តន៍បទបញ្ជារបស់នាយករដ្ឋមន្ត្រីក្នុងការបង្ក្រាបការប្រមូលផ្តុំបាតុកម្មរបស់បក្សប្រឆាំង។

គួរបញ្ជាក់ផងដែរថាការចល័តទ័ពនេះគឺតែប៉ុន្មានម៉ោងប៉ុណ្ណោះបន្ទាប់ពីលោក ហ៊ុន សែន បានសរសេរនៅលើហ្វេសប៊ុករបស់លោក ដោយបានបញ្ជាឲ្យសមត្ថកិច្ចត្រៀមខ្លួនបង្ក្រាបរាល់សកម្មភាពធ្វើបាតុកម្មរបស់បក្សប្រឆាំង។

លោកសរសេរថា៖ “នេះមិនមែនជាគំរាមទេ តែវាធ្ងន់ជាងគំរាមទៅទៀត ព្រោះជាប្រភេទនៃបទបញ្ជាដល់កម្លាំងរបស់រាជរដ្ឋាភិបាលទាំងអស់ត្រៀមខ្លួនកំចាត់ចោលរាល់កម្លាំងដែលធ្វើសកម្មភាពបំផ្លាញសន្តិសុខជាតិ ហើយខ្ញុំមានសិទ្ឋិ និងនិយាយរបៀបនេះព្រោះវាជាសិទ្ធិអំណាចនាយករដ្ឋមន្ត្រី”៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ