បក្ស​ប្រឆំាងបញ្ជាក់ជាថ្មីថាមហាបាតុកម្មនឹងកើតមានឡើងករណីមានការ​ចាប់ខ្លួន លោក កឹម សុខា

គណបក្សប្រឆំាងបញ្ជាក់ជំហរជាថ្មីថា មហាបាតុកម្មអហិង្សានឹងអាចកើតមានឡើង ដោយថាបើមានការចាប់ខ្លួនប្រធានស្តីទីគណបក្សសង្គ្រោះជាតិលោក កឹម សុខា។

ការប្រកាសធ្វើបាតុកម្មនេះ ធ្វើឡើងបន្ទាប់ពីរដ្ឋាភិបាលបានចល័តកងទ័ពនៅប៉ុន្មានថ្ងៃចុងក្រោយនេះ ឆ្លងកាត់មុខទីស្នាក់ការកណ្តាលគណបក្សសង្គ្រោះជាតិ ដែលថាត្រៀមអនុវត្តបទបញ្ជារបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក្នុងការបង្ក្រាបបាតុកម្មរបស់បក្សនោះ ខណៈលោក កឹម សុខា កំពុងស្នាក់នៅក្នុងស្នាក់ការកណ្តាលគណបក្សជិត៣ខែ ក្រោយពីអាជ្ញាធរប៉ុនប៉ងចាប់ខ្លួនមិនបានសម្រេចកាលពីចុងខែឧសភា។

តំណាងរាស្ត្រគណបក្សជំទាស់លោក សុន ឆ័យ បានថ្លែងទៅកាន់ប្រជាពលរដ្ឋនិងអ្នកសារព័ត៌មាននៅមុខស្នាក់ការកណ្តាលរបស់បក្សស្ថិតនៅសង្កាត់ចង្រែលើ រាជធានីភ្នំពេញ នៅថ្ងៃពុធនេះថា នៅថ្ងៃទី២៣ ខែតុលា ខាងមុខនេះ គណបក្សសង្គ្រោះជាតិគ្រោងជួបប្រជុំជាមួយប្រជាពលរដ្ឋទូទំាងរាជធានី/ខេត្ត ដើម្បីប្រារព្ធខួប២៥ឆ្នាំនៃកិច្ចព្រមព្រៀងថ្ងៃទី២៣ ខែតុលា។ លោកថា ការជួបជុំនោះមិនមែនធ្វើមហាបាតុកម្មនោះទេ តែលោកថា បើមានការចាប់ខ្លួនលោក កឹម សុខា មុនឬក្នុងឬក្រោយថ្ងៃប្រារព្ធពិធីរំលឹកខួបនោះ លោកបញ្ជាក់ថាបាតុកម្មអហិង្សាអាចនឹងកើតមានឡើង អាស្រ័យលើឆន្ទៈរបស់អ្នកគំាទ្រមេដឹកនាំគណបក្ស៖ “យើងអត់អាចសន្និដ្ឋានបានដែរ ព្រោះយើងបានបញ្ជាក់ហើយថា ការធ្វើបាតុកម្មនេះជាជំរើសចុងក្រោយ ឧប្បមាថាបើមានការចាប់ចងថ្នាក់ដឹកនាំគណបក្សយើងនៅពេលណា មុនថ្ងៃ២៣តុលាឬចំថ្ងៃ២៣តុលា ឬយ៉ាងម៉េចនោះប្រជាពលរដ្ឋលោកឈឺចាប់ លោកក្រោកឡើង យើងមិនដឹងថាម៉េចទេ“។

លើសពីនេះទៀត លោក សុន ឆ័យ ថ្លែងទៀតថា បើទោះជាមានការចល័តកងទ័ពស្ទើរតែរាល់ថ្ងៃនៅមុខស្នាក់ការកណ្តាលគណបក្សសង្គ្រោះជាតិក៏ដោយ លោកថាមេដឹកនាំគណបក្សលោក កឹម សុខា និងតំណាងរាស្ត្រមួយចំនួនទៀតមិនមានការព្រួយបារម្ភឡើយ ដោយថាទុកឲ្យសហគមន៍អន្តរជាតិនិងមតិជាតិវាយតម្លៃលើការចល័តទ័ពនោះវិញ។

អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាលោក សុខ ឥសាន មានប្រសាសន៍ថា ការប្រកាសធ្វើមហាបាតុកម្មអហិង្សាក្នុងករណីមានការចាប់ខ្លួនលោក កឹម សុខា នោះជាសិទ្ធិរបស់បក្សប្រឆំាង។ តែលោកថា សមត្ថកិច្ចមានតួនាទីអនុវត្តនូវបញ្ហារបស់រដ្ឋាភិបាល ករណីការប្រមូលផ្តុំណាមួយធ្វើឲ្យប៉ះពាល់ដល់សន្តិសុខសង្គម៖ “ជនណាក៏ដោយឲ្យតែធ្វើតាពាស ធ្វើឲ្យប៉ះពាល់ដល់សន្តិភាព ស្ថេរភាពនយោបាយដឹកនំា ជាពិសេសសុវត្ថិភាពរបស់ប្រជាពលរដ្ឋ កងទ័ពមានភារកិច្ចចេញមុខធ្វើការងារ តាមតួនាទី ភារកិច្ច ដើម្បីអនុវត្តបទបញ្ជារបស់នាយករដ្ឋមន្ត្រី“។

សាស្ត្រាចារ្យនិងអ្នកស្រាវជ្រាវពីការអភិវឌ្ឍសង្គមលោក មាស នី វិភាគថា រដ្ឋាភិបាលកំពុងភ័យខ្លាចកម្លាំងរបស់មហាជន បន្ទាប់ពីបានឃើញមនុស្សរាប់លាននាក់ចូលរួមហែសពលោកបណ្ឌិត កែម ឡី ដែរលោកថាបានកាន់តែបង្ហាញច្បាស់ពីការមិនគំាទ្រលើការដឹកនាំរបស់រដ្ឋាភិបាល។

លោក មាស នី បន្តថា ជម្រើសល្អអ្នកនយោបាយគួរតែយកបញ្ហាដាក់លើតុដោះស្រាយ ជាជាងប្រើប្រាស់អំណាចមហាជននិងកម្លាំងប្រដាប់អាវុធតបតគ្នា៖ “អ្នកដឹកនាំគឺដើម្បីដើរមករកផ្លូវត្រូវវិញទំាងអស់គ្នា ហើយឈានទៅរកការឯកភាពជាតិ ទីមួយអ្នកដឹកនំាគួរតែបន្ថយទៅសំដីណាដែលវាមិនបានប្រយោជន៍ គឺថាមាត់អត់គម្រប គឺចេះតែជេរ គឺថាប៉ះពាល់ដល់គ្នាឯង ប៉ះពាល់ដល់កិត្តិយសជាតិ យើងចេះតែប្រើផ្តេសផ្តាសជារឿងសំខាន់បំផុត រាល់ថ្ងៃយើងព្រួយបារម្ភពីអត្តចរិតរបស់អ្នកដឹកនាំខ្លាំងជាងគេ ហើយបន្ទាប់មកទៀតយើងនិយាយពីរឿងការស្មោះត្រង់ក្នុងការធ្វើការ ដើម្បីជាតិទំាងអស់គ្នា កុំឲ្យគិតតែធ្វើការដើម្បីតែប្រយោជន៍ អំណាចរបស់ខ្លួន“។

គួរបញ្ជាក់ថា ការប្រកាសគម្រោងធ្វើមហាបាតុកម្មរបស់គណបក្សប្រឆំាងនៅពេលខាងមុខនេះ គឺបន្ទាប់ពីសាលាដំបូងរាជធានីបានសម្រេចទៅលើរឿងក្តីលោក កឹម សុខា កាលពីថ្ងៃទី០៩កញ្ញាក្នុងសំណុំរឿងបដិសេធមិនចូលខ្លួនទៅតុលាការ ដោយសម្រេចឲ្យលោកជាប់ទោស៥ខែនិងពិន័យជាប្រាក់៨សែនរៀល ខណៈមេធាវីគ្រោងនឹងដាក់ពាក្យប្តឹងជំទាស់សាលក្រមនេះទៅសាលាឧទ្ធរណ៍ផងដែរ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ