សមត្ថកិច្ចយក​សាលក្រមទៅ​ដល់​ផ្ទះលោក កឹម សុខា ដោយមេធាវីទទួលជំនួស​

មេធាវីលោក កឹម សុខា ទទួលសាលក្រមពីសមត្ថកិច្ច (ដោយ ណាត សុភាព)

សមត្ថកិច្ចបានយកលិខិតជូនដំណឹងពីសាលក្រមទៅឲ្យដល់ផ្ទះលោក កឹម សុខា នៅខណ្ឌទួលគោក បន្ទាប់ពីតុលាការសម្រេចផ្តន្ទាទោសប្រធានស្តីទីគណបក្សប្រឆំាងពាក់ព័ន្ធនឹងសំណុំរឿងដែលគេចោទថាមានស្នេហាលួចលាក់។

កាលពីថ្ងៃទី៩ ខែកញ្ញានេះ តុលាការបានចេញសាលក្រមផ្តន្ទាទោស លោក កឹម សុខា ឲ្យជាប់ពន្ធនាគារ៥ខែនិងពិន័យប្រាក់៨០ម៉ឺនរៀលពីបទបដិសេធមិនព្រមចូលខ្លួនក្នុងនាមជាសាក្សី ទាក់ទងសំណុំរឿងស្នេហាលួចលាក់ជាមួយ ខុម ចាន់ដារ៉ាទី ហៅស្រីមុំ។

សមត្ថកិច្ចស្លៀកពាក់ឯកសណ្ឋាននិងខ្លះទៀតស្លៀកពាក់ស៊ីវិលប្រមាណ៦នាក់បានយកសាលក្រមរបស់សាលាដំបូងរាជធានីភ្នំពេញដែលតុលាការសម្រេចផ្តន្ទាទោសលោក កឹម សុខា ដើម្បីប្រគល់ឲ្យសាម៉ីខ្លួននិងប្រាប់ថាមានសិទ្ធិប្តឹងជំទាស់ក្នុងពេល១ខែចាប់ពីទទួលដំណឹងនេះ ខណៈមេធាវីទៅទទួលជំនួសកូនក្តី។

លោក សំ សុគង់ មេធាវីការពារក្តីលោក កឹម សុខា បានទៅទទួលយកសាលក្រមនោះបានថ្លែងប្រាប់អ្នកសារព័ត៌មានថា លោកនឹងយកលិខិតនេះជម្រាបទៅកូនក្តីនិងជួបប្រជុំគ្នាជាមួយមេធាវី ដើម្បីរៀបចំពាក្យប្តឹងទៅសាលាឧទ្ធរណ៍ជំទាស់នឹងសាលក្រមសាលាដំបូង ដោយថាការសម្រេចនោះដោយបំពានលើនីតិវិធីច្បាប់និងអភ័យឯកសិទ្ធិតំណាងរាស្ត្រ។

លោក សំ សុគង់ បញ្ជាក់ថាពាក្យប្តឹងជំទាស់ទៅនឹងសាលក្រមនោះ ក្រុមមេធាវីនឹងដាក់ទៅសាលាឧទ្ធរណ៍យ៉ាងយូរនៅសប្តាហ៍ទីបីចាប់ពីថ្ងៃជូនដំណឹងពោលមិនឲ្យលើសពីមួយខែ។

យ៉ាងណាក៏ដោយបើតាមសាក្សីនៅក្បែរផ្ទះលោក កឹម សុខា បានអះអាងថាមុនយកសាលក្រមឲ្យមេធាវីការពារក្តីឲ្យលោក កឹម សុខា មានសមត្ថកិច្ចស្លៀកពាក់ឯកសណ្ឋាននិងស្លៀកពាក់ស៊ីវិលប្រមាណ១០នាក់ប្រដាប់ដោយអាវុធខ្លីនៅនឹងចង្កេះ បានជិះម៉ូតូឆ្វែលមុខផ្ទះលោក កឹម សុខា ផងដែរ។

គួរបញ្ជាក់ថា លោក កឹម សុខា កំពុងស្នាក់នៅក្នុងទីស្នាក់ការគណបក្សសង្គ្រោះជាតិនៅចាក់អង្រែលើជាងបីខែមកហើយ បន្ទាប់ពីមានការប៉ុនប៉ងចាប់ខ្លួនលោកមិនបានសម្រេច កាលពីចុងខែឧសភាពីសំណាក់អាជ្ញាធរនិងបន្ទាប់ពីលោកបដិសេធមិនចូលខ្លួនតាមដីកាកោះចំនួនពីរលើក។

សំណុំរឿងលោក កឹម សុខា ត្រូវបានក្រុមអង្គការជាតិនិងអន្តរជាតិចាត់ទុកថាជារឿងនយោបាយ ហើយទាមទារឲ្យទម្លាក់បទចោទលើមេដឹកនាំបក្សប្រឆំាងនោះផងដែរ។ ចំណែកអ្នកវិភាគ  អ្នកច្បាប់ និងមន្ត្រីសិទ្ធិមនុស្ស យល់ថាសំណុំរឿងនោះ តុលាការធ្វើឡើងរំលោភលើអភ័យឯកសិទ្ធិតំណាងរាស្ត្រ ដោយផ្ទុយពីច្បាប់រដ្ឋធម្មនុញ្ញ តែមន្ត្រីរដ្ឋាភិបាលបានបដិសេធចំពោះការលើកឡើងនេះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ