សមាជិកក្រុមប្រឹក្សា​ស្រុក​នៃបក្ស​ប្រឆាំង​ថា​សមត្ថកិច្ច​ហាម​មិន​​ឲ្យធ្វើដំណើរ

មន្រ្តីក្រុមប្រឹក្សាមកពីបក្សប្រឆាំងនៅស្រុកកោះអណ្តែត ខេត្តតាកែវ អះអាងថាសមត្ថកិច្ចស្រុកបានឃាត់ខ្លួនលោកមិនឲ្យធ្វើដំណើរចេញពីភូមិ ដោយលើកមូលហេតុថាលោកមិនបានសុំការអនុញ្ញាតពីអាជ្ញាធរក្នុងការធ្វើដំណើរ។

សមាជិកក្រុមប្រឹក្សាស្រុកកោះអណ្តែតបក្សសង្រ្គោះជាតិ លោក អឹម វ៉ោន បានឲ្យវីអូឌីដឹងថា លោកត្រូវបានសមត្ថកិច្ចស្រុកកោះអណ្តែតសហការជាមួយសមត្ថកិច្ចស្រុកទ្រាំង ឃាត់ខ្លួនកាលពីព្រឹកថ្ងៃទី៨ ខែកញ្ញា ឆ្នាំ ២០១៦ យកទៅសាកសួរនិងធ្វើកំណត់ហេតុ ខណៈដែលលោកធ្វើដំណើរតាមម៉ូតូក្នុងគោលបំណងមកលេងបងប្អូននៅភ្នំពេញនិងចូលរួមការប្រជុំសមាជិកបក្សសង្គ្រោះជាតិ។  លោកបន្តថាសមត្ថកិច្ចបានសួរពីគោលបំណងនៃការធ្វើដំណើរ ទីកន្លែង និងសួររកឯកសារមួយចំនួនរួមមានអត្តសញ្ញាណបណ្ណ័ កាតគ្រីម៉ូតូ និងឯកសារផ្សេងៗ ហើយបន្តឃាត់ខ្លួនរហូតដល់ម៉ោង១២ថ្ងៃត្រង់ថ្ងៃទី៩កញ្ញា ទើបដោះលែងវិញ។ ក្នុងការសាកសួរនេះលោកថាសមត្ថកិច្ច តម្រូវឲ្យលោកចុះកិច្ចសន្យាសុំអាជ្ញាធរជាមុនក្នុងការធ្វើដំណើរនៅពេលក្រោយ។ លោកចាត់ទុកថាការឃាត់ខ្លួនលោកនេះដោយសារពាក់ព័ន្ធនឹងរឿងនយោបាយ។

លោកបន្តថា៖ “គេសួរថា បងខ្ញុំឈ្មោះអី ខ្ញុំថាបងខ្ញុំឈ្មោះចន ហើយបងស្រីឈ្មោះផល្លា។ ហើយគេសួររកលេខទូរស័ព្ទទៀត។ម៉ោងគេបញ្ជូនខ្ញុំមកអធិការស្រុកកោះអណ្តែត មកដល់ហ្នឹង គេសួរខ្ញុំសំណួរដដែលៗ ខ្ញុំឆ្លើយដូចអ្វីដែលខ្ញុំបានឆ្លើយ”។

លោកបន្ថែមថា៖ “គេឲ្យធ្វើកិច្ចសន្យាថា ចាប់ពីថ្ងៃហ្នឹងទៅ ពេលទៅណាមកណាត្រូវសុំច្បាប់។ សុំច្បាប់ហ្នឹងគឺថាសុំចាប់ពីភូមិឃុំ ហើយសុំដល់ស្រុកទៀត ហើយខ្ញុំសួរថា ចុះបើខ្ញុំធ្វើដំណើរទៅវិលល្ងាច គេថាសុំច្បាប់ឲ្យតែធ្វើដំណើរទៅណាមកណាចាប់ពីថ្ងៃហ្នឹងទៅគឺសុំច្បាប់គេ”។

ជុំវិញការឃាត់ខ្លួនមន្ត្រីរបស់គណបក្សប្រឆាំងនេះ អធិការស្រុកកោះអណ្តែតលោក ឃី វណ្ណា បានបកស្រាយថា សមត្ថកិច្ចស្រុកទ្រាំង ជាអ្នកឃាត់ហើយសមត្ថកិច្ចស្រុកកោះអណ្តែតរបស់លោកជាអ្នកសាកសួរបន្ត លោកថាការឃាត់ខ្លួននេះគឺដើម្បីសាកសួរពីគោលបំណងនៃការធ្វើដំណើររបស់លោក អឹម វ៉ោន ដែលលោកថាលោក អឹម វ៉ោន បានធ្វើដំណើរដោយពុំមានលិខិតអនុញ្ញាតក្នុងម៉ោងការងារ។

លោកបកស្រាយថា៖ ក្នុងនាមគាត់ជាមន្ត្រីរដ្ឋាភិបាលស៊ីលុយរដ្ឋាភិបាលអញ្ចឹង គាត់មិនក្រុមប្រឹក្សាស្រុកអញ្ចឹងយើងបម្រើរាជការ យើងមានវិន័យ ហើយមានវិន័យផ្ទៃក្នុងរបស់ស្ថាប័ននីមួយៗ ហើយអញ្ចឹងយើងធ្វើការបម្រើរដ្ឋ ហើយក្នុងថ្ងៃរដ្ឋ ការធ្វើដំណើរទៅណាមកណា ត្រូវសុំសាម៉ីអង្គភាព ព្រោះមិនមែនថ្ងៃសម្រាកឯណាអញ្ចឹងក្នុងនាមគាត់ចេញដំណើរទៅណាមកណា សិទ្ធិសេរីភាពគាត់មាន តែក្នុងនាមក្របខណ្ឌរដ្ឋក្របខណ្ឌស៊ីប្រាក់ខែរបស់រដ្ឋ គាត់ត្រូវមានសាម៉ីអង្គភាពគាត់ទៅណាមណា ប្រាប់គ្នាគាត់ទៅ បើសមត្ថកិច្ចគេឃាត់សួរនាំអីគាត់ឆ្លើយប្រាប់ទៅ គាត់មានលិខិតអនុញ្ញាត”។

នាយកប្រត្តិបត្តិសម្ព័ន្ធគណនេយ្យសង្គមលោក សន ជ័យ យល់ថានេះជាសកម្មភាពដែលអាជ្ញាធររំលោភទៅលើសិទ្ធិសេរីភាពក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋក៏ដូចជាមន្ត្រីរាជការដោយលោកថា បើទោះបីជាការធ្វើដំណើរក្នុងម៉ោងការងាររបស់មន្ត្រីរាជការក៏ដោយ។

លោកយល់ថា៖ ខ្ញុំគិតថា នេះវាជាសេរីភាពនៃការធ្វើដំណើររបស់ប្រជាពលរដ្ឋឬក៏មន្ត្រីរាជការ ទោះបីជាគាត់ម៉ោងធ្វើការគាត់ដើរទៅនេះទៅនោះ ជាទំនាក់ទំនងរបស់គាត់ ខ្ញុំគិតថានេះជាអ្វីមួយដែលធានាដោយច្បាប់ ហើយកម្ពុជាមិនមែនជាប្រទេសកុមុយន្នីសដែរ។ យ៉ាងច្រើនត្រូវគេពិន័យរដ្ឋបាលសួរនាំអីនៅពេលដែលគាត់វិលចូលធ្វើការវិញហ្នឹង នៅពេលដែលមិនសុំច្បាប់អីហ្នឹង វាមិនឈានដល់ថ្នាក់ ឃាត់ខ្លួនគាត់ទុកប៉ុន្មានថ្ងៃអញ្ចឹងទេ”។

កាលពីដើមខែកញ្ញាកន្លងទៅគណបក្សសង្គ្រោះជាតិបានប្រកាសហៅអ្នកគាំទ្រខ្លួនឲ្យមកចូលរួមឃ្លាំមើលសវនាការរបស់តុលាការលើករណីលោក កឹម សុខា នៅថ្ងៃទី៩ខែកញ្ញា តែបន្ទាប់ពីមានការប្រកាសនេះសកម្មជន សមាជិកក្រុមប្រឹក្សាស្រុកបក្សប្រឆាំង ថាសមត្ថកិច្ចនៅតាមខេត្តមួយចំនួនបានព្យាយាមរារាំងពួកគេដែលមានបំណងចង់ចូលរាជធានីភ្នំពេញ ដោយមានដាក់ប៉ុស្តិ៍ត្រួតពិនិត្យតាមផ្លូវចូលសំខាន់ៗមកភ្នំពេញ ដែលបក្សប្រឆាំងចាត់ទុកថានេះជាសកម្មភាពរើសអើងនយោបាយ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ