លោក ហ៊ុន សែន ផ្ដល់​មេដាយ​ដល់​ព្រះ​សង្ឃ ប៊ុត ប៊ុនតិញ

ព្រះតេជគុណ ប៊ុត ប៊ុនតិញ ក្នុងបន្ទប់ផ្សាយ ​VOD កាល​ពីពេល​កន្លង​មក

ព្រះតេជគុណ ប៊ុត ប៊ុនតិញ ស្ថាបនិកនៃបណ្ដាញព្រះសង្ឃឯករាជ្យ ដើម្បីយុត្តិធម៌សង្គម ត្រូវបានរដ្ឋាភិបាលបំពាក់គ្រឿងឥស្សរិយយស ដែលរដ្ឋាភិបាលថា ព្រះអង្គមានស្នាព្រះហស្ថក្នុងការចូលរួមចំណែកក្នុងការថែរក្សា និងអភិរក្សបរិស្ថានធម្មជាតិនៅកម្ពុជា។

យោងតាមអនុក្រឹត្តចុះហត្ថលេខាដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីថ្ងៃទី១២ ខែសីហាកន្លងមក ហើយដែល វីអូឌី(VOD) ទើបទទួលបាននៅថ្ងៃនេះ ព្រះតេជគុណ ប៊ុត ប៊ុនតិញ នាយកប្រតិបត្តិអង្គការព្រះពុទ្ធសាសនាដើម្បីសន្តិភាព ស្ថិតក្នុងចំណោមព្រះសង្ឃពីរអង្គ ដែលត្រូវបានរដ្ឋាភិបាលបំពាក់មេដាយមុនីសោភ័ណ្ឌថ្នាក់ធិបឌិន្ទ ដោយរដ្ឋាភិបាលថា ព្រះអង្គចូលរួមចំណែកថែរក្សា ការពារ និងអភិរក្សធនធានធម្មជាតិ។

ទោះជាយ៉ាងណា ព្រះសង្ឃ ប៊ុត ប៊ុនតិញ ដែលស្ថិតក្នុងដំណើរនិមន្តជួបពុទ្ធបរិស័ទខ្មែរនៅឯសហរដ្ឋអាមេរិកនោះ បានបង្ហោះសារនៅលើទំព័រហ្វេសប៊ុកថា ព្រះអង្គទើបតែទទួលបានដំណើរនេះ ប៉ុន្តែ ព្រះអង្គចោទជាចម្ងល់ថា តើមេដាយកិត្តិយសនេះ អាចមានន័យនយោបាយ ឬយ៉ាងណា។

គ្រឿងឥស្សរិយយនេះ ត្រូវបានរដ្ឋាភិបាលសម្រេចផ្ដល់ជូនព្រះសង្ឃ ប៊ុត ប៊ុនតិញ ១០ថ្ងៃមុនព្រះអង្គត្រូវបានអញ្ចើញឲ្យចូលរួមក្នុងវេទិកាបរិស្ថានមួយ នៅឯវិមានសន្តិភាព ក្រោមអធិបតីភាពលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីថ្ងៃទី២២ ខែសីហាកន្លងមក។

មេដាយនេះ ក៏ត្រូវបានផ្ដល់ជូនព្រះសង្ឃ ប៊ុត ប៊ុនតិញ ជាងមួយខែក្រោយលោកនាយរដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងនៅឯខេត្តកោះកុង កាលពីថ្ងៃទី០១ ខែកក្កដាកន្លងមកថា លោកគាំទ្រចលនាមហាជន ដែលបានចូលរួមថែរក្សា និងអភិរក្សបរិស្ថានធម្មជាតិ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ