លោក កឹម សុខា៖ សូម​ឲ្យ​គោរព​សិទ្ធិ​មនុស្ស​ដូចៗ​គ្នា

ប្រធានគណបក្ស​សង្រ្គោះជាតិ លោក កឹម សុខា​

មេដឹកនាំគណបក្សសង្គ្រោះជាតិ លោក កឹម សុខា នៅព្រឹកថ្ងៃនេះ បានអំពាវនាវទៅរដ្ឋាភិបាលកម្ពុជា ឲ្យគោរពសិទ្ធិមនុស្ស “ដូចៗគ្នា” ដើម្បីបញ្ចៀសការបង្ហូរឈាម និងបដិវត្ដន៍។

លោក កឹម សុខា ថ្លែងដូច្នេះ ទៅកាន់ក្រុមយុវជនគណបក្សសង្គ្រោះជាតិ នៅឯទីស្នាក់ការកណ្ដាលគណបក្សនេះ នៅសង្កាត់ចាក់អង្រែលើ ជាទីដែលមេដឹកនាំបក្សប្រឆាំងរូបនេះ បានជួបជុំជាមួយក្រុមអ្នកគាំទ្រ និងថ្លែងសារនយោបាយជាបន្តបន្ទាប់ ក្រោយពីលោកត្រូវបានតុលាការរាជធានីភ្នំពេញ កាត់ទោសកាលពីថ្ងៃទី៩ ខែកញ្ញា ឲ្យជាប់ពន្ធនាគារ ៥ខែ ក្រោមការចោទប្រកាន់ថា បានបដិសេធចូលបំភ្លឺក្នុងតុលាការ ជុំវិញសំណុំរឿងអាស្រូវស្នេហា ដែលត្រូវបានគេទម្លាយថា លោកមានទំនាក់ទំនងស្នេហាជាមួយកញ្ញា ខុម ចាន់តារាទី ហៅ ស្រីមុំ។

លោក កឹម សុខា ថ្លែងថា៖ “មិនចង់ឃើញការបង្ហូរឈាម មិនចង់ឃើញបដិវត្ដន៍ មិនចង់ឃើញការឈ្លោះប្រកែកគ្នា មិនចង់ឃើញការឈឺចាប់ សូមឲ្យគោរពសិទ្ធិមនុស្សដូចៗគ្នាទៅ”។

ដោយសង្កត់ធ្ងន់ពីសារៈសំខាន់នៃការគោរពសិទ្ធិមនុស្ស លោក កឹម សុខា បានចោទប្រកាន់រដ្ឋាភិបាលកម្ពុជាដឹកនាំដោយគណបក្សប្រជាជនកម្ពុជានាពេលបច្ចុប្បន្នថា បានរំលោភសិទ្ធិមនុស្ស និងប្រើប្រាស់ប្រព័ន្ធតុលាការ ដើម្បីគំរាមកំហែងទៅលើប្រជាពលរដ្ឋ។

លោកថ្លែងថា៖ “ឥឡូវនេះ គេចង់នាំយើងបកទៅរកផ្លូវអាក្រក់ឡើងវិញហើយ រំលោភសិទ្ធិមនុស្ស ប្រើប្រាស់ប្រព័ន្ធតុលាការ ប្រើប្រាស់ស្ថាប័នរដ្ឋ ដើម្បីគំរាមកំហែងទៅលើប្រជាពលរដ្ឋខ្លួនឯង។ យកស្ថាប័នរដ្ឋខ្លួនឯង ទៅគំរាមកំហែងប្រជាពលរដ្ឋខ្លួនឯង គឺធ្ងន់ធ្ងរណាស់បងប្អូន”។

លោក កឹម សុខា បានស្នាក់នៅក្នុងទីស្នាក់ការគណបក្សអស់រយៈពេលជិត ៤ខែមកហើយ ចាប់តាំងពីមានការប៉ុនប៉ងចាប់ខ្លួនលោកមិនបានសម្រេច ពីសំណាក់កម្លាំងសមត្ថកិច្ច កាលពីចុងខែឧសភាកន្លងមក៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ