បទយកការណ៍៖ ការ​សិក្សា​ជំនាញ​បច្ចេក​ទេសនិង​វិជ្ជាជីវៈមាន​​​ទី​ផ្សារ​ការងារ​ខ្ពស់ ខណៈ​នៅ​តែ​មិន​មាន​អ្នក​រៀន​ច្រើន

ជំនាញវិជ្ជាជីវៈចុងភៅ (ដោយកញ្ញា សាយ ទ្បាលីស)

ជីវិតដែលគិតថាខ្លួននឹងធ្វើជាជាងសំណង់ តែពេលនេះបានក្លាយជាចុងភៅក្នុងភោជនីយដ្ឋានដ៏ល្បីល្បាញមួយក្នុងរាជធានីភ្នំពេញ ដែលមុខរបរនេះបានប្រែក្លាយជីវិតរបស់បុរសម្នាក់ស្ទើរទាំងស្រុង។

សម្លេងឆេវៗចេញពីបន្ទប់ចំអិនអាហារ បុរសក្នុងវ័យ៣៦ឆ្នាំ ឋិតក្នុងសំលៀកបំពាក់ដែលមានអាវពណ៌សរនិងមានពាក់មួកពណ៌សដែរនោះ កំពុងកូរម្ហូបនៅក្នុងខ្ទះ។

ចុងភៅនៅភោជនីយដ្ឋានតូប៉ាស (Topaz Restaurant) លោក ចាប ចំរើន ឲ្យដឹងថាលោកប្រកបរបរជាចុងភៅនេះជាង១០ឆ្នាំហើយ គឺបន្ទាប់ពីលោកបានបញ្ចប់ការសិក្សាវគ្គបណ្តុះបណ្តាលជំនាញចំអិនម្ហូបភ្លាម។ លោកក៏ធា្លប់ធ្វើជាគ្រូបង្រៀនផ្នែកសេវាកម្មម្ហូបអាហារនៅអង្គការក្នុងស្រុកមួយផងដែរ។

កើតក្នុងគ្រួសារដែលមានជីវភាពលំបាក លោក ចាប ចំរើន មិនមានលទ្ធភាពដើម្បីបន្តការសិក្សានៅថ្នាក់វិទ្យាល័យនោះទេ លោកបានឈប់រៀនត្រឹមថ្នាក់ទី៩និងដើរធ្វើការសំណង់ ហើយបន្ទាប់មកក៏បានចូលរៀនវគ្គបណ្តុះបណ្តាលវិជ្ជាជីវៈដែលហៅថា TVET ផ្នែកសណ្ឋារគារនិងបដិសណ្ឋារកិច្ចដោយចាប់ជំនាញខាងចំអិន នៅអង្គការដើម្បីភាពញញឹមនៃកុមារ ឬ PSE។

លោកមានប្រសាសន៍ថា៖ ការសិក្សារបស់ខ្ញុំមិនបានរៀនខ្ពស់ដូចគេ គឺខ្ញុំបានរៀនត្រឹមថា្នក់ទី៩ ប្រឡងហើយគឺខ្ញុំសម្រេចចិត្តថាឈប់។ ដោយការគោលបំណងដំបូងគឺបញ្ហាជីវភាព យើងខ្វះខាតច្រើន ដោយសារបងមានជំងឺ ហើយបងប្អូនខ្ញុំច្រើនគឺមានរហូតដល់១២នាក់។ […] ខ្ញុំឈប់រៀនភ្លាម ខ្ញុំបានដើរធ្វើសំណង់ ពេលនោះពិបាកណាស់ គឺខ្ញុំធ្វើទាំងអស់ឲ្យតែមានការងារធ្វើ ធ្វើដើម្បីលុយ។ រហូតដល់ឆ្នាំ២០០១ គឺខាងអង្គការ គាត់ចុះផ្សព្វផ្សាយ ខាងអង្គការក៏មានការប្រឡងការធ្វើតេស្ត បន្ទាប់មកក៏ខ្ញុំជាប់”។

ការទទួលបានការងារដែលសមស្របនឹងមុខវិជ្ជាដែលខ្លួនរៀននិងត្រូវតាមចំណូលចិត្តគឺជារឿងសំខាន់។ ប៉ុន្តែលទ្ធភាពដែលអាចបន្តការសិក្សានិងទទួលបានប្រាក់បៀវត្សរ៍សមរម្យ គឺជារឿងសំខាន់មួយទៀត ដែលនេះជាក្តីបារម្ភមួយរបស់យុវជនផងដែរ។

សិស្សខ្លះបានជ្រើសរើសបន្តការសិក្សានៅតាមមហាវិទ្យាល័យនានាឲ្យសមស្របតាមចំនូលនិងកត្តាផ្សេងៗ ខណៈដែលសិស្សមានជីវភាពខ្សត់ខ្សោយមួយចំនួនជ្រើសរើសមុខជំនាញបណ្តុះបណ្តាលបច្ចេកទេស។

ការបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈដែលហៅកាត់ថា (TVET) ជាជំនាញបច្ចេកទេសដែលសិស្សចំណាយពេលសិក្សារយៈពេលខ្លី ដែលការសិក្សានោះទៀតសោត ផ្អែកលើការអនុវត្តច្រើនជាងទ្រឹស្តី។ មុខជំនាញនេះត្រូវបានគេមើលឃើញថាមានតម្រូវទីផ្សារការងារខ្ពស់ តែហាក់ដូចជាមិនសូវមានអ្នកចាប់អារម្មណ៍សិក្សា។

តួយ៉ាង អង្គការដើម្បីភាពញញឹមនៃកុមារ ហៅកាត់ថា PSE ក៏បានបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈដល់សិស្សក្រីក្រជាច្រើននាក់ ដែលមិនមានលទ្ធភាពបន្តការសិក្សាផងដែរ។

ជាលទ្ធិផល ថ្វីបើពួកគេមិនបានបន្តការសិក្សានៅកម្រិតឧត្តមសិក្សា តែគេអាចមានលទ្ធភាពទទូលបានឱកាសការងារខ្ពស់ស្របតាមតម្រូវការទីផ្សារការងារក្នុងពេលបច្ចុប្បន្ន។

ព្រឹទ្ធបុរសសាលាបដិសណ្ឋារកិច្ចនិងទេសចរណ៍នៅអង្គការ PSE លោក ស្រូ រិទ្ធី ឲ្យដឹងថា តាំងពីឆ្នាំ២០០២មក មានសិស្សចំនួន១៣៥១នាក់បានបញ្ចប់ការសិក្សាផ្នែកបដិសណ្ឋារកិច្ចនិងទេសចរណ៍ ដែលបច្ចុប្បន្នពួកគេកំពុងធ្វើការតាមតំបន់ទេសចរណ៍នានាៗក្នុងប្រទេស។

លោកបានអះអាងផងដែរថា ៩៩ភាគរយនៃសិស្សបញ្ចប់ការរយៈពេល២ឆ្នាំនេះ សុទ្ធតែមានការងារធ្វើ។

លោកមានប្រសាសន៍ថា៖ “សិស្សយើងមានការងារធ្វើសឹងតែរកសិស្សទៅស្ថាប័នឯកជនមិនគ្រប់ផងពោលគឺ ទី១ សាលាបណ្តុះបណ្តាលយកការបណ្តុះបណ្តាលវិជ្ជាជីវៈហ្នឹង ជាគោល។ យើងអត់សិក្សាពីទ្រឹស្តីច្រើនទេ គឺយើងសិក្សាពីទ្រឹស្តីបូកនឹងការអនុវត្ត ហើយជំនាញតាមកម្មវិធីគឺ យើងបណ្តុះបណ្តាលទៅតាមមុខជំនាញរបស់គាត់នីមួយៗ។ … ភាពខុសគ្នាត្រង់ថា នៅនេះ (PSE) រៀនអនុវត្ត៧០%ហើយទ្រឹស្តីតែ៣០%ទេ”។

ថ្វីបើការសិក្សាផ្នែកបណ្តុះបណ្តាលវិជ្ជាជីវៈនេះអាចផ្តល់ឱកាសការងារខ្ពស់ សិស្សមួយចំនួនធំ នៅមិនទាន់មកចាប់អារម្មណ៍រៀនផ្នែកនេះនៅឡើយ បើប្រៀបធៀបទៅនឹងអ្នកចុះឈ្មោះសិក្សានៅក្នុងថា្នក់ឧត្តមនៃចំណេះដឹងទូទៅ។ នេះបើយោងតាមការអង្កេតសេដ្ឋកិច្ចសង្គមរបស់វិទ្យាស្ថានជាតិឆ្នាំ២០១២។

ចំពោះ លោក ស្រូ រិទ្ធី ឲ្យដឹងទៀតថាការមិនចាប់អារម្មណ៍នេះ គឺមកពីសិស្សធ្លាប់គិតថាការរៀនជំនាញការងារនេះមិនសូវមានតម្លៃនិងជាលក្ខណៈការងារដែលប្រើកម្លាំង។

ទោះជាយ៉ាងណាលោកថា បច្ចុប្បន្នយុវជនចាប់ផ្តើមមានការផ្លាស់ប្តូរផ្នត់គំនិតបន្តិចម្តងៗ ដោយងាកមកចាប់អារម្មណ៍ផ្នែកបណ្តុះបណ្តាលវិជ្ជាជីវៈនេះ ដោយសារកន្លងមកមានករណីធ្វើការខុសពីជំនាញច្រើន។

លោកមានប្រសាសន៍ថា៖ “វាដូចជាពីរ៉ាមីតចឹង បងប្រៀបធៀបអ្នកដែលរៀននៅតាមមហាវិទ្យាល័យ យើងមិនគិតថាគាត់ការរៀនខុសទេ ប៉ុន្តែយើងប្រៀបធៀបទីផ្សារការងារវិញ។ ពីរ៉ាមីតមានរៀងតូចខាងលើមានន័យថា កូនសិស្សចូលរៀនពីខាងក្រោមទៅច្រើន ប៉ុន្តែខាងលើមានន័យថាស្រួចចុះ មានន័យថាទីផ្សារការងារគាត់ត្រូវការតិច ខាងក្រោមធំចូលរៀនទៅគ្រប់ផ្នែក ខាងគ្រប់គ្រង ខាងធនាគារ…ចូលរៀនច្រើនតែទីផ្សារការងារតិច។ ប៉ុន្តែបើចឹងក្រឡាប់ពីរ៉ាមីតមកក្រោមវិញផ្នែកបណ្តុះបណ្តាលចូលរៀនតិចទេ ប៉ុន្តែបាតនៃបីរ៉ាមីតហ្នឹងត្រូវការច្រើន។ ចឹងអាគំនិតហ្នឹងចាប់ផ្តើមប្តូរផ្នត់គំនិតរបស់គាត់ហើយ”។

បើយោងតាមលទ្ធផលនៃការអង្កេតរបស់ទីភ្នាក់ងារជាតិមុខរបរនិងការងារស្តីពីតម្រូវការជំនាញរបស់នយោជកឆ្នាំ២០១២ បានបង្ហាញថានិយោជក៧៥.១%បានជួបប្រទះការលំបាកក្នុងការជ្រើសរើសបុគ្គលិក ដែល២០%ក្នុងចំណោមនោះបង្ហាញថា គឺបណ្តាលមកពីកង្វះខាតជំនាញលើទីផ្សារ ហើយជំនាញដែលខ្វះខាតរួមមានជំនាញបច្ចេកទេសឬជំនាញជាក់លាក់តាមប្រភេទការងារនីមួយៗ។

បើតាមផែនការណ៍យុត្តិសាស្ត្រអភិវឌ្ឍវិស័យការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈឆ្នាំ២០១៤-២០១៨សរសេរថាប្រជាជនដែលគ្រប់អាយុធ្វើការ (១៥ -៦៤ឆ្នាំ) នឹងកើនដល់ប្រមាណជា១០.៧លាននាក់ក្នុងឆ្នាំ២០១៨ ហើយថាទោះបីជាការផ្គត់ផ្គង់កម្លាំងពលកម្មមានចំនួនច្រើននៅលើទីផ្សារក៏ដោយ តែភាគច្រើននៃកម្លាំងពលកម្មគឺទទួលបានជំនាញនិងការអប់រំទាប។

កម្លាំងពលកម្មនៃអ្នកគ្រប់អាយុធ្វើការគឺរហូតដល់៧៦,៧% ដែលបានបញ្ចប់ការសិក្សាត្រឹមកម្រិតបឋមនៅក្នុងឆ្នាំ២០១១ ដូច្នេះហើយការបណ្តុះបណ្តាលបច្ចេកទេសដើរតួយ៉ាងសំខាន់ក្នុងការបំពាក់បំប៉ន់និងធ្វើឲ្យប្រសើរឡើងនូវជំនាញនៃកម្លាំងពលកម្មកម្ពុជា ដើម្បីបំពេញនូវតម្រូវការពលកម្មទាំងក្នុងនិងក្រៅប្រទេសដែលកំពុងកើតមានឡើង។

ចុងភៅវ័យកណ្តាល លោក ចាប ចំរើន ថាថ្វីបើលោកមិនបានចូលរៀនសាលាល្អឬចូលរៀនដល់មហាវិទ្យាល័យ តែលោកសប្បាយចិត្តដែលជីវិតលោកផ្លាស់ប្តូរនៅពេលបានចូលរៀនវគ្គបណ្តុះបណ្តាលវិជ្ជាជីវៈហើយទទួលបានការងារដូចបច្ចុប្បន្ន។

លោកមានប្រសាសន៍ថា៖ កាលខ្ញុំចប់ពីសាលាមក ខ្ញុំគិតថាដើរប៉ោលែ គោលដៅអត់ច្បាស់ប្រៀបដូចចកមួយដុំដែលអណ្តែតលើទឹក ដែលខ្យល់បក់ទៅណា គឺទៅហ្នឹង។ តែដល់ខ្ញុំចប់មក ដោយមានការមានការរុញច្រានពីម្តាយខ្ញុំ ហើយអង្គការជួយហ្នឹង (បង្រៀន) មានភាពជោគជ័យក្នុងជីវិត ដោយការខំប្រឹងរបស់ខ្ញុំផង ហើយជាឆន្ទៈរបស់ខ្ញុំដែលមានភាពក្រីក្រ គេមើលងាយណាស់យើងអត់ ចឹងខ្ញុំខំប្រឹង រហូតដល់សព្វថ្ងៃមានផ្ទះ មានឡាន មានកូនរៀនសាលាល្អៗ ជីវភាពយើងមិនមានទេ តែសមរម្យ

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ