រដ្ឋាភិបាល និង​យុវជន៖ ​ពល​រដ្ឋ​ជា​ចំណុច​ចាប់​ផ្តើម​​នៃ​កិច្ច​ការ​ពារ​បរិស្ថាន

ក្រសួងបរិស្ថានជំរុញឲ្យមានការចូលរួមពីគ្រប់អ្នកពាក់ព័ន្ធក្នុងការធ្វើឲ្យបរិស្ថាននៅកម្ពុជាមានភាពល្អប្រសើរ។ នេះជាការថ្លែងរបស់រដ្ឋលេខាធិការក្រសួងបរិស្ថាន នៅពេលបើកវេទិកាយុវជនឆ្នើមថ្នាក់ជាតិធំដំបូងបង្អស់របស់ខ្លួននៅព្រឹកថ្ងៃចន្ទនេះ ដែលមានការចូលរួមពីសាកលវិទ្យាល័យចំនួន១៦ ក្នុងការប្រកួតពិភាក្សាលើប្រធានបទនានាដែលទាក់ទងទៅនឹងការការពារ និងថែរក្សាបរិស្ថាន។

រដ្ឋលេខាធិការក្រសួងបរិស្ថាន លោក សាបូ អូហ្សាណូ លើកឡើងថា បើមិនមានការចូលរួមពីប្រជាពលរដ្ឋទេ គឺមិនអាចបញ្ឍប់នូវបញ្ហាដែលកំពុងកើតមាននោះទេ។

លោកថា៖ បើយើងចូលរួមទាំងអស់គ្នា យើងហ្នឹងឃើញសាលារៀនហ្នឹងស្អាត បើយើងចូលរួមទាំងអស់គ្នាយើងហ្នឹងចំណេញច្រើន។ ព្រោះការខាតបង់នៃបរិស្ថាននេះ វាខាតទាំងលុយដែរ ឧទាហរណ៍ថាភ្លើងចេញទៅយើងបិទភ្លើងវាក៏ចំណេញថវិកាដែរ អាហ្នឹងក៏បរិស្ថានដែរ បើចូលបន្ទប់ទឹក យើងចូលហើយបិទទឹកយើងក៏ចំណេញដែរ តែបើយើងចេញមកបើកទឹកចោល យើងក៏ខាតបង់ដែរ អាហ្នឹងសុទ្ធតែលុយទាំងអស់ ទឹកក៏លុយភ្លើងក៏លុយ សម្រាមក៏លុយ“។

លោកបន្ថែមថា៖ “ហើយគ្នាយើងគួរតែកាត់បន្ថយក៏បញ្ឈប់ការទទួលទានសត្វព្រៃ អាហ្នឹងបានសត្វព្រៃវានៅគង់វង្ស តែបើយើងទៅហាងរកតែសត្វព្រៃតម្រូវការសត្វព្រៃនៅតែមាននៅទីផ្សារ អញ្ចឹងអ្នកបរបាញ់នៅតែបរបាញ់បើនៅមានអ្នកទទួលទាន អញ្ចឹងអាបញ្ហាហ្នឹងនៅតែមិនទាន់ដោះស្រាយទៀត 

និស្សិតឆ្នាំទី៣ នៃសាកលវិទ្យាល័យមេគង្គកម្ពុជា លោក តាំង អ៊ុយស្រេង យល់ថាតាមរយៈកម្មវិធីនេះវាអាចជម្រុញឲ្យសិស្សនិស្សិតធ្វើការស្រាវជ្រាវច្រើនទៅលើបរិស្ថានឲ្យពួកគេយល់បានកាន់តែច្បាស់ ក៏ដូចជាបានផ្តល់ចំណេះដឹងនេះទៅដល់ប្រជាជនទូទៅផងដែរ។ លោកចង់ឲ្យប្រជាជនគ្រប់រូបចូលរួមក្នុងការថែរក្សា និងការពារបរិស្ថានរបស់កម្ពុជា។

លោកថា៖ វាជាការបញ្ជូនសារមួយទៅដល់ប្រជាពលរដ្ឋឲ្យគាត់យល់បានឲ្យកាន់តែច្បាស់អំពីការងារបរិស្ថាន។ ពីព្រោះបរិស្ថានមិនមែនត្រឹមតែជាតួនាទីរបស់ក្រសួងបរិស្ថាទេ បរិស្ថានជាគឺអ្នកទាំងអស់គ្នាដូច្នេះយើងត្រូវចូលរួមសហការពីអ្នកទាំងអស់គ្នាផងដែរ 

តំណាងនិស្សិតសកលវិទ្យាល័យប៊ែលធីអន្តរជាតិ លោក ផន ភារ៉ាំង យល់ថាអ្វីដែលត្រូវចាប់ផ្តើមនោះគឺចាប់ផ្តើមពីការយល់ដឹងរបស់ប្រជាពលរដ្ឋ ទើបអាចឈានទៅដល់ការការពារបរិស្ថានមួយដែលល្អប្រសើរ។

លោកថា៖ មុនហ្នឹងយើងធ្វើការទាំងអស់នេះយើងត្រូវឲ្យប្រជាពលរដ្ឋគាត់យល់សិន ហើយកាត់បន្ថយបន្តិចម្តងៗ រហូតដល់បាត់តាមរយៈគោលការណ៍របស់រាជរដ្ឋាភិបាល ក៏តាមរយៈមួយជំហានម្តង។  […] គោលនយោបាយរដ្ឋាភិបាលគឺលោកបានធ្វើរួចហើយតែអ្វីត្រូវធ្វើគឺត្រូវធ្វើបន្តទៀតព្រោះមនុស្សចេះតែកើត ការវិវត្តន៍ចេះតែវិវត្តន៍អញ្ចឹងធ្វើពីមួយដំណាក់ម្តង រហូតទាល់ដល់ទីបញ្ចប់ 

លោកបានបង្ហាញជំនឿររបស់ខ្លួនទៅលើកម្មវិធីនេះថាប្រជាជនកម្ពុជានឹងយល់ដឹងកាន់តែច្រើននូវកិច្ចការពារ និងថែរក្សាបរិស្ថានសម្រាប់កម្ពុជា។

និស្សិតមកពីសាកលវិទ្យាល័យវិទ្យាល័យភ្នំពេញអន្តរជាតិ កញ្ញា ដា កញ្ញានីតា យល់ថាតាមរយៈកម្មវិធីនេះធ្វើឲ្យកញ្ញាយល់ដឹងកាន់តែច្រើនក្នុងកិច្ចការពារបរិស្ថាន និងចង់ឲ្យប្រជាជនទូទៅយល់ដឹងពីបញ្ហានេះដូចកញ្ញាដែរ។

កញ្ញានីតា មានប្រសាសន៍ថា៖ ដូចដឹងស្រាប់អញ្ចឹងខ្ញុំរៀនផ្នែកអក្សរសាស្ត្រអង់គ្លេស តែខ្ញុំដឹងពីបរិស្ថានដែរតែក្នុងកម្រិតតិចតួច តែតាមរយៈកម្មវិធីនេះធ្វើឲ្យយើងស្រាវជ្រាវខ្លាំងទៅលើបរិស្ថាន ដែលធ្វើឲ្យយើងដឹងកាន់តែច្បាស់ថែមទៀត

កម្មវិធីវេទិការយុវជនឆ្នើមថ្នាក់ជាតិជជែកពីបរិស្ថានត្រូវបានរៀបចំឡើងក្នុងគោលបំណងលើកកម្ពស់សមត្ថភាព និងការយល់ដឹងរបស់យុវជនក្នុងកិច្ចស្រាវជ្រាវបរិស្ថាន ចែករំលែកព័ត៌មាន និងបទពិសោធន៍នានាដែលទទួលបានពីវេទិកានេះ និងលើកកម្ពស់ការយល់ដឹងរបស់ប្រជាជនក្នុងការបង្កើនប្រសិទ្ធិភាពនៃការចូលរួមក្នុងកិច្ចគាំពារបរិស្ថាន ការអភិរក្សជីវចម្រុះ និងការរស់នៅដោយចីរភាព កម្មវិធីនេះចែកចេញជាបីដំណាក់កាលដែលថ្ងៃនេះជាវគ្គប្រកួតជម្រុះ យក៨សកលវិទ្យាល័យយកទៅប្រកួតវគ្គពាក់កណ្តាល ហើយការប្រកួតផ្តាចព្រាត់និងធ្វើនៅថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០១៦។

ទាក់ទងទៅនឹងកិច្ចសហប្រតិបត្តិការនៃការការពារព្រៃឈើនិងបរិស្ថាន លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីថ្ងៃទី២២ ខែសីហា សម្រេចឲ្យមានការជួបប្រជុំរវាងរដ្ឋាភិបាលនិងអង្គការពាក់ព័ន្ធ៣ខែម្តង និងបានសម្រេចឲ្យមានជំនួបនេះជាមួយនាយករដ្ឋមន្ត្រីមួយឆ្នាំម្តងផងដែរ។ លោកជំរុញឲ្យក្រសួងពាក់ព័ន្ធស្តាប់ពាក្យពិត៣ខែម្តង ជាជាងស្តាប់ពាក្យកុហក៥ឆ្នាំម្តង៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ