គ.ជ.ប ហាម​បក្ស​ប្រឆាំង​ឃោសនា​នយោបាយ​អំឡុង​ចុះ​ឈ្មោះ​បោះ​ឆ្នោត

គ.ជ.ប

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ថា គ.ជ.ប. បានហាមគណបក្សប្រឆំាងមិនឲ្យឃោសនាផ្សព្វផ្សាយពាក់ព័ន្ធនឹងបញ្ហានយោបាយនៅអំឡុងពេលចុះឈ្មោះបោះឆ្នោត ដូចដំណាក់កាលឃោសនាបោះឆ្នោតនោះទេ។

ក្នុងលិខិតផ្ញើជូនទៅលោក យឹម សុវណ្ណ អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ កាលពីថ្ងៃទី២៤ ខែកញ្ញា ប្រធាន គ.ជ.ប. លោក ស៊ិក ប៊ុនហុក បានឲ្យដឹងថា គ.ជ.ប. ស្នើទៅគណបក្សសង្គ្រោះជាតិ ឲ្យផ្សព្វផ្សាយតែខ្លឹមសារការចុះឈ្មោះបោះឆ្នោតដែលបានចេញដោយ គ.ជ.ប. តែប៉ុណ្ណោះ ដោយ គ.ជ.ប. ថាមិនត្រូវបន្ថែមបន្ថយខ្លឹមសារផ្សេងទៀត ដែលមានន័យឃោសនាផ្សព្វផ្សាយពាក់ព័ន្ធនឹងបញ្ហានយោបាយ ដូចដំណាក់កាលឃោសនាបោះឆ្នោតនោះឡើយ។

ក្នុងលិខិត គ.ជ.ប នោះឲ្យដឹងទៀតថា បើបក្សប្រឆំាងមានបំណងផ្សព្វផ្សាយរឿងចុះឈ្មោះបោះឆ្នោតជូនប្រជាពលរដ្ឋ  គ.ជ.ប ថាបក្សប្រឆំាងត្រូវសុំការអនុញ្ញាតពីអាជ្ញាធរមូលដ្ឋានផងដែរ ដើម្បីធានានូវសុវត្ថិភាពនិងសណ្ដាប់ធ្នាប់សាធារណៈ។

អ្នកនាំពាក្យ គ.ជ.ប លោក ហង្ស ពុទ្ធា មានប្រសាសន៍បន្ថែមលើខ្លឹមសារលិខិតនោះថា ការជូនដំណឹងរបស់ គ.ជ.ប ប្រៀបដូចជាសារមួយជូនដំណឹងទៅគ្រប់គណបក្សនយោបាយឲ្យបានយល់ដឹងពីគោលបំណងរបស់ គ.ជ.ប ក្នុងដំណើរការចុះឈ្មោះបោះឆ្នោតឲ្យបានល្អប្រសើរ ដោយថាកុំឲ្យបក្សនយោបាយណាមួយធ្វើការផ្សព្វផ្សាយបន្ថែមបន្ថយលើខ្លឹមសារការចុះឈ្មោះបោះឆ្នោត ដែលអាចធ្វើឲ្យប៉ះពាល់ដល់ដំណើរការចុះឈ្មោះបោះឆ្នោតនោះ។ លោកបន្តថា៖ “ជាស្មារតី គ.ជ.ប ចង់រក្សាលំនឹងនៃអ្នកចុះឈ្មោះបោះឆ្នោត ហើយក៏ចង់ទប់ស្កាត់នូវបញ្ហាទំាងឡាយរវាងក្រុមមនុស្សដែលមាននិន្នាការនយោបាយខុសគ្នា ចង់ទប់ស្កាត់នូវភាពអសកម្ម ដែលរំខានដល់ការចុះឈ្មោះបោះឆ្នោត“។

អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិលោក យឹម សុវណ្ណ មានប្រសាសន៍ថា គណបក្សគំាទ្រនិងធ្វើតាមការជូនដំណឹងរបស់ គ.ជ.ប ដោយលោកថា បច្ចុប្បន្នគណបក្សបានអប់រំមន្ត្រីនិងអ្នកគំាទ្រមិនឲ្យពាក់អាវនិងបង្ហាញស្លាកសញ្ញាសម្គាល់សង្គ្រោះជាតិ ទៅកាន់ប្រជាពលរដ្ឋនៅអំឡុងពេលចុះផ្សព្វផ្សាយព័ត៌មានជុំវិញការចុះឈ្មោះបោះឆ្នោតទេ ដោយថាដើម្បីកុំឲ្យមានការលាបពណ៌លើបក្សសង្គ្រោះជាតិថាគេចំណេញនយោបាយ៖ “យើងមិនចង់ឲ្យគេដទៃទៀតចោទប្រកាន់យើង ថាយើងចង់កេងចំណេញនយោបាយអីទំាងអស់ គឺយើងធ្វើដោយសុចរិតក្នុងនាមប្រជាពលរដ្ឋខ្មែរ យើងធ្វើឲ្យចេញពីបេះដូងថា យើងពិតជាចង់ឲ្យប្រជាពលរដ្ឋម្នាក់ៗដែលមានសិទ្ធិទៅចុះឈ្មោះបោះឆ្នោត បានទៅចុះឈ្មោះបោះឆ្នោតបានគ្រប់ៗគ្នា“។

គួរបញ្ជាក់ថា ដំណើរការចុះឈ្មោះបោះឆ្នោតមានរយៈពេល៣ខែគិតចាប់ពីថ្ងៃទី១ខែកញ្ញាដល់ចុងខែវិច្ឆិកាឆ្នាំ២០១៦។

ក្នុងមាត្រា៤៦នៃច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តចែងថា ដើម្បីមានឈ្មោះក្នុងបញ្ជីបោះឆ្នោតប្រជាពលរដ្ឋត្រូវមានលំនៅឋានឬទីសំណាក់ក្នុងឃុំសង្កាត់ដែលសាមីខ្លួនត្រូវបោះឆ្នោត។

យ៉ាងណាក៏ដោយ គ.ជ.ប រំពឹងថា អ្នកទៅចុះឈ្មោះបោះឆ្នោតអាចមានជាង៩លាន៦សែននាក់ (៩,៦៦៤,២១៦) ក្នុងចំណោមពលរដ្ឋជាង១៥លាននាក់៕

ដោយលោក ណាត សុភាព និង សូរ្យ ជ័យឧត្តម

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ