មន្ត្រី​រដ្ឋាភិបាល​ថា​កម្ពុជាសម្រេច​បាន​ផែន​ការ​អប់​រំ​ តែ​​ត្រូវ​ការ​ពេល​ក្នុង​ការរៀប​ចំ​គម្រោង​បន្តទៀត

មន្ត្រីផ្នែកគោលនយោបាយនៃក្រសួងអប់រំថារដ្ឋាភិបាលត្រូវការពេលក្នុងការរៀបចំវិស័យអប់រំបន្តទៀត ខណៈដែលការធ្វើវិមជ្ឈការវិស័យលើវិស័យនេះទើបចាប់ផ្តើមអនុវត្ត ហើយត្រូវបានសង្គមស៊ីវិលមើលឃើញថានៅមានកម្រិតនៅឡើយ។

ក្នុងវេទិកាអប់រំថ្នាក់តំបន់ស្តីពីគណនេយ្យភាពសង្គមដើម្បីភាពប្រសើរឡើងនៃសេវាអប់រំកាលពីព្រឹកថ្ងៃអង្គារនេះ អគ្គនាយករងនៃអគ្គនាយកដ្ឋានគោលនយោបាយនិងផែនការនៃក្រសួងអប់រំ លោក អ៊ុង បូរាត បានថ្លែងថាកម្ពុជាបានឆ្លើយតបទៅនឹងការអភិវឌ្ឍវិស័យអប់រំសម្រាប់ផែនការឆ្នាំ២០០០ដល់២០១៥ ហើយសម្រាប់ផែនការអនុវត្តន៍ដល់ឆ្នាំ២០៣០ គឺកំពុងស្ថិតក្នុងការពិភាក្សានៅឡើយ។ លោកលើកឡើងពីគោលនយោបាយ២ ដែលត្រូវអនុវត្តក្នុងឆ្នាំ២០១៧ គឺការធានាការអប់រំប្រកបដោយគុណភាពនិងការធ្វើវិមជ្ឈការនៃវិស័យអប់រំ។

លោកមានប្រសាសន៍ថា៖ នៅក្នុងដំណាក់កាលថ្មីនេះ យើងដឹងហើយថាការអប់រំរបស់ទាំងអស់គ្នា គឺត្រូវបានសន្មត់ថាចប់អាណត្តិ អញ្ចឹងយើងកំពុងតែគិតគូរទៅមុខទៀតថាតើនៅពេល១៥ឆ្នាំទៀត នៅឆ្នាំ២០៣០យើងនឹដើរឆ្ពោះទៅបែបណា”។

នាយកប្រតិបត្តិសម្ព័ន្ធគណនេយ្យភាពសង្គមលោក សន ជ័យ មានប្រសាសន៍ថា បើទោះបីជារដ្ឋាភិបាលមានគម្រោងក្នុងការអភិវឌ្ឍវិស័យអប់រំនេះជាបន្តបន្ទាប់ក៏ដោយ ក៏លោកមើលឃើញថាការអនុវត្តគម្រោងរបស់រដ្ឋមួយចំនួននៅមានភាពខ្លះចន្លោះនិងមិនបានឆ្លើយតបទៅនឹងបញ្ហាជាក់ស្តែងនោះទេ។

លោកមានប្រសាសន៍ថា៖ “ហើយបច្ចុប្បន្នក្រសួងអប់រំគាត់បែងចែកថវិកាទៅតាមចំនួនសិស្ស អញ្ចឹងបើបានសាលាហ្នឹង គាត់ក្រីក្រ ហើយមានសិស្សតិចអញ្ចឹងនៅតែបានលុយតិចដដែល។ យើងចង់ឲ្យសាលានៅតាមទីជនបទហ្នឹង សាលាអាចមានផែនការ បានន័យថាសាលាអាចមានលទ្ធភាពលើផែនការទៅតាមតម្រូវការរបស់ខ្លួន ហើយក្រសួងអាចមានផែនការបែងចែកទៅតាមហ្នឹងដែរ អាហ្នឹងហើយគឺវិមជ្ឈការ”។

លោកបន្ថែមថា៖ “ផែនការអភិវឌ្ឍន៍សាលារៀន វាជាវិធានការមួយដែលវាស្របទៅនឹងការអភិវឌ្ឍវិស័យអប់រំនោះផងដែរ។ វិមជ្ឈកាគឺសំដៅលើផែនការ ប៉ុន្តែបើសិនជាអ្នកអនុវត្តវិមជ្ឍការគាត់អត់ចេះធ្វើផែនការ ក៏អត់អាចទៅរួចដែរ“។

អ្នកស្រាវជ្រាវពីការអភិវឌ្ឍសង្គមលោកបណ្ឌិត មាស នី បានគាំទ្រទៅលើការកំណែទម្រង់របស់ក្រសួងអប់រំនេះ តែលោកថាដើម្បីឲ្យការធ្វើកំណែទម្រង់មានប្រសិទ្ធភាពនោះគឺរដ្ឋត្រូវរៀបចំឲ្យមានការបែងចែកថវិកា រួមផ្សំជាមួយអត្តចរិតរបស់មនុស្សដែលអនុវត្តផែនការទាំងនោះផងដែរ។

លោកមានប្រសាសន៍ថា៖ “ក្រៅពីមានតែការកំណែទម្រង់ដែលមានក្នុងឯកសារ វាក៏ត្រូវការធនធានដែរ ហើយរឿងសំខាន់ធំបំផុតចុងក្រោយនោះគឺអត្តចរិតរបស់អ្នកដែលធ្វើការក៏ធ្វើឲ្យដំណើរការក្នុងដំណើរការហ្នឹង។ បើសិនជាយើងមានធនធានគ្រប់គ្រាន់ហើយ ក៏ប៉ុន្តែអត្តចរិតមួយចំនួន យើងមិនបានកែរតម្រូវតាមគម្រោងសាលារៀនជំនាន់ថ្មីនោះទេ ខ្ញុំគិតថាកំណែទម្រង់នេះបានត្រឹមតែចំណាយពេលផ្សព្វផ្សាយនិងធនធានអត់ប្រយោជន៍ តែអត្តចរិតមនុស្សមិនទាន់ដូរ“។

កំណែទម្រង់វិស័យអប់រំនៅកម្ពុជាបានធ្វើការកែទម្រង់ជាបន្តបន្ទាប់ចាប់ពីឆ្នាំ២០១៤មករហូតមកដល់ឆ្នាំ២០១៦ នេះឃើញថាវិស័យអប់រំរបស់កម្ពុជាត្រូវបានមហាជនទទួលស្គាល់តាមរយៈការរឹតបន្តឹងការប្រលងមធ្យមសិក្សាទុតិយភូមិ ការបង្រៀន និងការបណ្តុះគំនិតក្នុងការអានជាដើម តែស្របពេលដែលការធ្វើកំណែទម្រង់នេះ ប្រាក់ខែរបស់គ្រូបង្រៀននៅតែរងការរអ៊ូរទាំថាមានកម្រិតទាប ដែលមិនទាន់អាចឆ្លើយតបទៅនឹងជីវភាពរបស់គ្រូបង្រៀនបាននៅឡើយទេ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ