អតិថិជន​ធនាគារអេស៊ីលីដាមួយចំនួន​​ត្អូញត្អែរពីសេវាដកលុយតាមទូអេធីអ៊ឹម

អតិថិជនកំពុងចាំដកលុយពីទូ ATM របស់ធនាគារអេស៊ីលីដា(គឹម ហុង)

អតិថិជនរបស់ធនាគារអេស៊ីលីដាមួយចំនួនបានត្អូញត្អែរពីការផ្តល់សេវាដកលុយតាមទូអេធីអ៊ឹម ដោយថាមានភាពអាក់រអួលច្រើន ខណៈបុណ្យភ្ជុំបិណ្ឌមកដល់។

អតិថិនជនរបស់ធនាគារអេស៊ីលីដាដែលធ្វើការនៅស្ថាប័នរដ្ឋ កញ្ញា សុច្ឆរី បានរៀបរាប់ប្រាប់អ្នកយកព័ត៌មានវីអូឌីថា គាត់បានចុះទៅដកលុយតាមទូអេធីអ៊ឹមជាច្រើនកន្លែងនៅរាជធានីភ្នំពេញ ពោល៤ទូអេធីអ៊ឹមអាចប្រើបានតែមួយទូប៉ុណ្ណោះ ខណៈបីទូទៀតមិនដំណើរការ៖ “យើងបើកចុងខែ គឺបើកគ្រប់គ្នា គ្រប់ស្ថាប័នគាត់មកបើកហ្នឹងទំាងអស់ (បើកនៅទូអេធីអ៊ឹមអេស៊ីលីដា) ប្រហែលជាដាក់អត់ទាន់ឬយ៉ាងម៉េច ក៏ខ្ញុំមិនដឹងដែរ ដោយសារយឺតយ៉ាវខាងធនាគារផងក៏យ៉ាងម៉េច ក៏យើងអត់ដឹងដែរ តែភាគច្រើនគ្រប់ទូអេធីអ៊ឹមគឺច្រើនតែអញ្ចឹងតែម្តង“។

កញ្ញាបន្តថា លើសពីនេះទៀត នៅពេលទៅដល់កន្លែងដកលុយនោះ មានមនុស្សច្រើនឈរចំាពី១០ទៅ១៥នាទី ទើបដកលុយបាន។

បុគ្គលិកក្រុមហ៊ុឯកជននិងជាអតិថិជនអេស៊ីដាម្នាក់ទៀត លោក ហាក់ ហ៊ុយ ឲ្យដឹងដែរថា គាត់បានចំណាយពេលមិនតិចជាង៣០នាទីទេ ដើម្បីធ្វើដំណើរទៅដកលុយជាច្រើនកន្លែងនៅទូអេធីអ៊ឹមរបស់ធនាគារអេស៊ីលីដា។ អតិថិជនរូបនោះបញ្ជាក់ថា ទូអេធីអ៊ឹមខ្លះបើកបានតែលុយដុល្លារ ខណៈលុយខ្មែរបើកមិនបាន។ លើសពីនេះទៀតលោកថា ពេលទៅដល់ទូអេធីអ៊ឹមដែលបើកបាន ត្រូវរង់ចំារយៈពេលច្រើននាទីទើបបើកបាន៖ “យើងមក យើងត្រូវការរង់ចំាយូរបន្តិច ពេលចំាប្រហែលជាអ្នកខ្លះ១៥ អ្នកខ្លះ១០នាទី ដោយសារមនុស្សដែលមកទីនេះ(មនុស្សមកបើកលុយនៅទូអេធីអ៊ឹម)ច្រើនដែរ រាល់ដងមកតែម្នាក់ ពីរនាក់អស់ហើយ ថ្ងៃនេះជិត១០នាក់ទៅ២០នាក់“។

អតិថិនជនរបស់ធនាគារអេស៊ីលីដាដែលវីអូឌីចុះទៅសាកសួរ បានត្អូញត្អែរប្រហាក់ប្រហែលគ្នាពីការផ្តល់សេវាដកលុយតាមទូអេធីអ៊ឹមនេះ ដោយថាភាពរអាក់រអួលនេះកើតឡើងជារៀងរាល់ឆ្នាំ ជាពិសេសនៅមុន២ទៅ៣ថ្ងៃ នៃថ្ងៃបុណ្យជាតិធំៗ។

អតិថិជនធនាគារអេស៊ីលីដា កញ្ញ ប៉ែន មករា ស្នើទៅអ្នកគ្រប់គ្រងធនាគារពិនិត្យឡើងវិញលើដំណើរការដកលុយតាមទូអេធីអ៊ឹម ជាពិសេសជិតរដូវបុណ្យជាតិ ដោយថាដើម្បីផ្តល់សេវាឲ្យអតិថិជនឲ្យបានល្អប្រសើរជាងនេះ៖ “មុននឹងបុណ្យទាន គាត់ត្រូវឆែកមើល តើនៅក្នុងអេធីអ៊ឹមមានលុយគ្រប់គ្រាន់អត់ ក្នុងមួយថ្ងៃគាត់អាចប្រតិបត្តិការ ព្រោះអីច្រើនណាស់នៅតាមផ្លូវ គឺគាត់អាចដកបានច្រើន អញ្ចឹងគាត់ត្រូវតែឆែកមើលហើយមុននឹងបុណ្យភ្ជុំ បុណ្យចូលឆ្នាំ និយាយទៅឲ្យតែបុណ្យ ប្រជាជនត្រូវការដកលុយច្រើន ប្រហែលជាមានការខ្វះខាតលុយ(ធនាគារខ្វះខាតលុយ)“។

អគ្គនាយកធនាគារអេស៊ីលីដាលោក អ៊ិន ចាន់នី អគ្គនាយករងធានាគារអេស៊ីលីដា អ្នកស្រី សូផុន ណារី និង លោក ព្រហ្ម វិសុទ្ធ លេខាធិការធនាគារអេស៊ីលីដា ដែលVOD បានព្យាយាមទាក់ទងតាមទូរសព្ទនៅថ្ងៃព្រហស្បតិ៍នេះ គឺទូរសព្ទចូលច្រើនដងមិនមានអ្នកទទួល។

ក្រោយពីរដ្ឋាភិបាលធ្វើកំណែទម្រង់ស៊ីជម្រៅឲ្យមន្ត្រីរាជការ កម្លាំងប្រដាប់អាវុធ ប្រើប្រាស់ប្រព័ន្ធផ្ទេរលុយតាមធនាគារអេស៊ីលីដា គេសង្កេតឃើញថាធ្វើឲ្យអតិថិជនរបស់ធនាគារមួយនេះមានការកើនឡើងជាបន្តបន្ទាប់ ទើបធ្វើឲ្យមានការរំាងស្ទះមុនថ្ងៃបុណ្យជាតិធំៗ ខណៈពួកគេទៅដកលុយ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ