ទិដ្ឋភាពខុសគ្នារបស់មេដឹកនាំបក្សប្រឆាំងនិងបក្សកាន់អំណាចក្នុងថ្ងៃភ្ជុំបិណ្ឌ

លោក កឹម សុខា និងក្រុមគ្រួសារ

មេដឹកនាំគណបក្សប្រឆាំង និងគណបក្សកាន់អំណាច ដែលមានបញ្ហាខ្វែងគំនិតគ្នា និងជម្លោះស្លាប៉ាកាស្ទើរពេញមួយអាណត្តិទី៥នេះ បានបង្ហាញរូបភាពខុសៗគ្នា ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិ។

បុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរនៅឆ្នាំនេះ ចាប់ផ្តើមពីថ្ងៃទី៣០ខែកញ្ញា ដល់ថ្ងៃ ទី២ខែតុលា។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបង្ហាញរូបភាពជាវីឌីអូ និងរូបសន្លឹកជាច្រើន នៅលើហ្វេប៊ុករបស់លោកពីសម្មភាពនានានៃការនាំភរិយាទៅធ្វើបុណ្យនៅវត្តវាំងចាស់ ស្ថិតនៅក្នុងស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ។ ក្នុងឱកាសដែលលោកទៅធ្វើបុណ្យនេះ មានការរៀបចំហែហមពីសិស្សានុសិស្ស ការរាក់ទាក់ពីមន្ត្រី ប្រជាពលរដ្ឋ និងព្រះសង្ឃនៅមូលដ្ឋាននោះ។

ចំណែកលោក សម រង្ស៊ី ដែលកំពុងនិរទេសខ្លួននៅក្រៅប្រទេស បានបង្ហាញរូបភាពលោក និង ភរិយាទៅធ្វើបុណ្យនៅវត្តធម្មរង្សី នៅទីក្រុងបាញ្ញើ ជាប់នឹងទីក្រុងប៉ារីស ប្រទេសបារាំង។ លោក សម រង្ស៊ី បានបង្ហាញពីទិដ្ឋភាពមានការស្វាគមន៍ពីពលរដ្ឋមួយចំនួន និងព្រះសង្ឃ ផងដែរ។

ចំណែកលោក កឹម សុខា ដែលកំពុងសំងុំខ្លួនរស់នៅទីស្នាក់ការគណបក្សសង្គ្រោះជាតិ បានបង្ហាញរូបភាពមួយសន្លឹកគត់ នៅក្នុងបន្ទប់មួយដែលមានប្រពន្ធលោក រួមទាំងកូនស្រីទាំងពីរនាក់។

លោក កឹម សុខា បានសរសេរនៅលើទំព័រហ្វេសប៊ុកថា ក្រោយពីប្រពន្ធនិងកូនស្រីទាំងពីរបានទៅធ្វើបុណ្យនៅវត្តហើយ ពួកគេបានស្នើឲ្យលោកធ្វើប្ហូម ដែលលោកធ្លាប់ធ្វើកាលពីលោករស់នៅវត្តជាង៤០ឆ្នាំមុន។

បើទោះបីជាអ្នកនយោបាយទាំងពីរក្រុម មានបញ្ហាខ្វែងគំនិតគ្នាស្ទើរពេញមួយអាណត្តិហើយក៏ដោយ តែមុនភ្ជុំបិណ្ឌពួកគេបានបង្ហាញឥរិយាបថទន់ភ្លន់ដាក់គ្នា គឺចាប់ផ្តើមពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលបានប្រកាស «បទឈប់បាញ់ផ្នែកនយោបាយ»។ ចំណែកលោកកឹម សុខា បានប្រកាសសុខចិត្តអង្វរ និងអំពាវនាវឲ្យដោះលែងមន្ត្រីបក្សរបស់ខ្លួន មន្ត្រីអង្គការសង្គមស៊ីវិល រួមទាំងសកម្មជនការពារសិទ្ធិដីធ្លី។

ជាការវិវឌ្ឍស្ថានការណ៍នយោបាយមួយទៀត ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ លោក កឹម សុខា កាលពីថ្ងៃទី១ ខែតុលា ម្សិលមិញ បានប្រកាសថាលោកនឹងទៅចុះឈ្មោះបោះឆ្នោតនៅសប្តាហ៍ក្រោយ។

ចំពោះអ្នកស្រាជ្រាវនិងវិភាគបញ្ហាសង្គមមួយចំនួន ក៏បានជម្រុញឲ្យមេដឹកនាំបក្សនយោបាយទាំងពីរដែលមានអាសនៈនៅក្នុងសភា ត្រូវរូវគ្នា ធ្វើការរួមគ្នាដោះស្រាយបញ្ហា ដែលពលរដ្ឋកំពុងជួបប្រទះ គឺកសិករមិនមានទីផ្សារលក់កសិផល ពលរដ្ឋមិនមានការងារ ធ្វើគ្រប់គ្រាន់ ភាពអយុត្តិធម៌នៅក្នុងសង្គម ជម្លោះដីធ្លី និងការបំផ្លាញធនធានធម្មជាតិជាដើម៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ