បទយកការណ៍៖ អតីតជនរងគ្រោះពីការជួញដូរ ស្នើឲ្យរដ្ឋាភិបាលចាត់វិធានការ​ក្រុមហ៊ុនរើសពលករខុសច្បាប់

ជនរងគ្រោះពីការជួញដូរ (រូបថតដោយ បូ សាវី)

នៅក្នុងវេទិកាសំឡេងអតីតជនរងគ្រោះ នៃអំពើជួញដូរមនុស្សដែលរៀបចំដោយអង្គការក្រៅរដ្ឋាភិបាល កាលពីថ្ងៃទី២៧ខែកញ្ញានេះ អតីតជនរងគ្រោះពីការជួញដូរចំនួន២៩នាក់ បានលើកឡើងពីទុក្ខលំបាក នៅពេលចំណាកស្រុកខុសច្បាប់ទៅក្រៅប្រទេស។ ពួកគេនិយាយថា ដោយសារ ជីវភាពគ្រួសារក្រីក្រ ធ្វើកសិកម្មគ្មានទីផ្សារ និងចំណេះដឹងនៅមានកម្រិតផងនោះ បានជម្រុញឲ្យពួកគេទៅរកការងារធ្វើនៅក្រៅប្រទេសប្រឈមនឹងគ្រោះថ្នាក់។

អតីតជនរងគ្រោះពីការជួញដូរទាំង២៩នាក់នោះ មានឯកសណ្ឋាណអាវពណ៌ស ដែលមានសញ្ញាឡូហ្គូរបស់អង្គការយូសេដ និងទទួលបានការអប់រំពីការគ្រោះថ្នាក់នៃការចំណាកស្រុកដោយខុសច្បាប់ ពីអង្គការអន្ដរជាតិ វីរ៉ុក។

ស្ដ្រីវ័យជាង២០ឆ្នាំម្នាក់ ក្នុងចំណោម២៩នាក់ ដែលធ្លាប់ជាជនរងគ្រោះពីការជួញដូរ ដែលគេដាក់ឈ្មោះឲ្យថា ឌី សុភា មកពីខេត្ដស្វាយរៀង បានរៀបរាប់ពីការលំបាករបស់នាងថា នាងបានទៅធ្វើការនៅប្រទេសថៃខុសច្បាប់កាលពីឆ្នាំ២០១២ អស់រយៈពេលពីរខែ ប៉ុន្ដែការងាររបស់នាងមិនត្រូវបានមេខ្យល់ជាជនជាតិថៃផ្ដល់ប្រាក់កម្លាំងពលកម្មនោះទេ។

ស្ដ្រីវ័យជាង២០ឆ្នាំរូបនេះបន្ដថា ការធ្វើចំណាកស្រុកនេះ ដោយសារចាញ់ការឃោសនាពីមេខ្យល់ពីស្រុកខ្មែរ ដោយប្រាប់ថាបានទទួលកម្រៃពលកម្មច្រើនជាងនៅប្រទេសកម្ពុជា ខណៈដែលក្រុមគ្រួសារមានជីវភាពក្រីក្រ។នាងបន្ថែមថា នាងរស់នៅប្រទេសថៃនោះ ប្រឈមនឹងការចាប់ខ្លួនពីសមត្ថកិច្ចថៃជាញឹកញាប់។

ស្ដ្រីរូបនោះបន្ថែមថា៖ “ពេលយើងខូចខិលអីតិច ត្រូវវាខឹងយើង គេបាញ់យើងចោលគ្នាយើងឈ្លោះគ្នា។ ចឹង វាគម្រាមយើងបាញ់យើងចោលខ្ញុំទៅខ្លួនឯងតាមមេខ្យល់គេយកលុយ “

ឌី សុភា និយាយថា បន្ទាប់ពីនាងបានត្រឡប់មកវិញ នាងត្រូវបានអង្គការក្រៅរដ្ឋាភិបាលជួយឲ្យមានមុខរបរតូចមួយដើម្បីចិញ្ចឹមជីវភាពគ្រួសារ ប៉ុន្ដែភាពអយុត្ដិធម៌ដែលនាងចាញ់បោកមេខ្យល់នោះមិនត្រូវបានរដ្ឋាភិបាលចាត់វិធានការនៅឡើយទេ។

នាងបន្ដថា៖ “ខ្ញុំអង្គការគេជួយឲ្យប្ដីខ្ញុំធ្វើម៉ូតូខ្ញុំចិញ្ចឹមជ្រូកអង្គការហ្នឹងខ្ញុំភ្លេចហើយជីវភាពខ្ញុំធូរធារជាងមុន “។

កាលពីខែសីហាកន្លងមក កម្ពុជាស្នើឲ្យភាគីថៃជួយបង្កើតយន្តការថ្មីបន្ថែមក្នុងការជួយការពារសិទ្ធិនិងផលប្រយោជន៍ផ្សេងៗរបស់ពលរដ្ឋខ្មែរ ដែលទៅបម្រើការងារជាកម្មករនេសាទនៅលើទូកនេសាទថៃ ហើយកំពុងប្រឈមមុខនឹងបញ្ហាជាច្រើន។

ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាជាស្ថាប័នរបស់រដ្ឋាភិបាល លោក កែវ រ៉េមី បានផ្ញើលិខិតមួយច្បាប់ទៅកាន់គណៈកម្មាធិការសិទ្ធិមនុស្សថៃ ដោយក្នុងលិខិតនោះលើកឡើងថា ពលរដ្ឋខ្មែរដែលកំពុងធ្វើការជាអ្នកនេសាទនៅថៃរងការបង្ខំឲ្យធ្វើការនិងបង្ខំឲ្យប្រើប្រាស់គ្រឿងញៀន ដើម្បីឲ្យធ្វើការងារដោយ មិនមានពេលសម្រាក។គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាក៏បានស្នើឲ្យភាគីថៃចុះបញ្ជីកម្មករនេសាទខ្មែរនិងបង្កើតយន្តការ ដើម្បីតាមដានបញ្ហាសិទ្ធិមនុស្សក្នុងវិស័យឧស្សាហកម្មនេសាទ។

អតីតជនរងគ្រោះក្នុងដែនសមុទ្រ មកពីខេត្ដកំពត លោក ជ័យ វាសនា  បានរំលឹកពីទុក្ខលំបាកដែលលោកត្រូវបានគេជួញដូរនៅលើទូកនេសាទដែលលោកមិនដែលស្គាល់នៅដែនសមុទ្រនៃប្រទេសណានោះទេ។

លោកបន្ដថា ការធ្វើការនៅលើទូក ត្រូវបានគេបង្ខំឲ្យធ្វើគ្មានពេលសម្រាក ដោយលោកថា អ្នកមើលការខុសត្រូវលើទូកនោះគម្រាមវាយទម្លាក់ទឹកសមុទ្រ បើសិនមិនធ្វើការតាមតម្រូវការថៅកែទេនោះ។

បុរសវ័យ៣០ឆ្នាំរូបនោះ ឲ្យដឹងទៀតថារូបគាត់និងមនុស្សចំនួន១៣នាក់ទៀត ត្រូវបានជនជាតិថៃបញ្ជូនឲ្យទៅធ្វើការផ្នែកវិចខ្ចប់ផ្សិត ដោយប្រាប់ថា ទទួលប្រាក់កម្រៃពលកម្មពី៣០០ដុល្លារឡើងទៅក្នុងមួយខែ ប៉ុន្ដែពួកគេត្រូវបានគេឲ្យជិះទូកទៅធ្វើការនៅកណ្ដាលសមុទ្រទៅវិញ។ លោកថា ពេលទៅប្រទេសថៃនោះ ជនជាតិថៃដកហូតលិខិតឆ្លងដែនពីពួកគេ។

លោកបន្ដថា៖ “ធ្វើការក្នុងរយៈពេលមួយយប់មួយថ្ងៃខ្ញុំសំរាកតែ២ទៅ៣ម៉ោងទេ ក្រៅពីនោះខ្ញុំធ្វើការរហូតអង្គុយចុះអ៊ួនដេរអ៊ួន។ បើយើងមិនធ្វើតាយចន្លុះហ្នឹង វាបង្ខំយើងហើយយើងអត់ចេះភាសារវា និយាយតស្ដីវាត្រូវធ្វើហើយយើងទៅធ្វើការនៅកណ្ដាលសមុទ្រ។ យើងខ្លាច!គេធ្វើបាបទៅវ៉ៃយើងទម្លាក់ទឹក។មានប្អូនខ្ញុំ វាធ្វើការមិនកើតវាឈឺមួយអាទិត្យ ពីរអាទិត្យ ថៅកែគេខឹង អត់ធ្វើការ គេជះទឹក ទះតប់ ខ្ញុំអត់ជួបប្រទះទេ ខ្ញុំខំធ្វើការខ្ញុំខ្លាចគេវ៉ៃ “។

អតីតជនរងគ្រោះពីការជួញដូររូបនោះ និយាយបន្ដទៀតថា រូបគេបានទៅជាចំណាកស្រុកតាមរយៈក្រុមហ៊ុនឯកជនមួយដែលមិនចាំឈ្មោះនៅឆ្នាំ២០១២ ប៉ុន្ដែលោកត្រូវលួចរត់រួចមកវិញ និងបានជួយសង្គ្រោះ ដោយអង្គការក្រៅរដ្ឋាភិបាល បន្ទាប់មេខ្យល់ថៃជួញដូររូបគេឲ្យធ្វើការលើទូកនៅកណ្ដាលសមុទ្រនៃប្រទេសថៃរយៈពេល៨ខែ។ បុរសវ័យ៣០ឆ្នាំរូបនោះថា ខ្លួនសល់ត្រឡប់មកផ្ទះវិញមានលុយត្រឹម ៥ ០០០បាត ប៉ុណ្ណោះ។

លោកបន្ដថា៖ “មុនដំបូងទៅហ្នឹងគេកុហកខ្ញុំ! បើដឹងទៅចុះទូក ក៍ខ្ញុំមិនចាញ់បោកគេទៅដែរ គេថាទៅធ្វើការខ្ចប់ផ្សិតធ្វើការខ្ចប់ផ្សិតនៅលើគោកមួយថ្ងៃបាន ៣០០ ទៅ ៣៥០បាត។ ចឹងហើយ! មួយខែបាន ៣០០ដុល្លាចឹង ហើយខេត្ដខ្ញុំទាំង ១៤នាក់ក៍នាំគ្នា ទៅចាញ់បោកគេទាំងអស់ហ្នឹង ខាងមេខ្យល់នៅថៃគេឲ្យមកខ្ញុំបាន៥០០បាត មកផ្ទះ “។

តាមរបាយការណ៍របស់ក្រសួងការងារថៃ និងមន្ត្រីសង្គមស៊ីវិលនៅកម្ពុជា គឺពលរដ្ឋខ្មែរកំពុងបម្រើការងារនៅក្នុងប្រទេសថៃមានជាង១លាននាក់ ក្នុងនោះជាង ៨០ម៉ឺនាក់ជាពលករខុសច្បាប់។

រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានគណៈកម្មការធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សលោកស្រី ជូ ប៊ុនអេង មានប្រសាសន៍ដោយទទួលស្គាល់ថា ប្រជាពលរដ្ឋធ្វើចំណាកស្រុកជួបការលំបាក ដោយខ្លះឈានដល់ប្រើប្រាស់គ្រឿងញៀនផងដែរ។ ប៉ុន្ដែលោកស្រីថា ការធ្វើចំណាកស្រុកនេះពួកគេមិនបានទំនាក់ទំងជាមួយអាជ្ញាធរមូលដ្ឋាននោះទេ។

លោកស្រីជំរុញឲ្យកសិករងាកមកធ្វើកសិកម្ម ជាលក្ខណៈគ្រួសារនៅក្នុងស្រុក ប្រសើរជាងទៅធ្វើនៅក្រៅប្រទេសដោយខុសច្បាប់។ លោកស្រីថ្លៃងថា ការមើលឃើញតែលុយអាចងាយរងគ្រោះចាញ់បោកគេ។

លោកស្រីបន្ថែមថា៖ សំឡឹងទៅមើលឃើញតែលុយឧទាហរណ៍ជាក់ស្ដែង ចង់ទៅធ្វើការនៅថៃ ដើម្បីចង់បានអីអូនចង់លុយហើយយើងធ្វើការប្រៀបធៀបថា ធ្វើការនៅស្រុកខ្មែរអត់បានលុយច្រើនដូចថៃទេ មានខុសគ្នាប៉ុន្មានយើងអាចថានៅតិចជាងគេតិចប៉ុន្ដែប្អូនកំភ្លេចដែលចាប់ផ្ដើមនៅឆ្នាំ២០១៤ គឺជាថៃលិចទឹកធ្ងន់ណាស់ ត្រូវការស្ដារសេដ្ឋកិច្ចប្រទេសថៃឡើងវិញ។ ចឹង គេត្រូវការតម្លើងប្រាក់ចំណូលដើម្បីទាក់ទាញកម្មករដល់ប្រទេសជាតិក្នុងប្រទេសបីមានឡាវ ថៃ និងភូមា “

មន្ដ្រីជាន់ខ្ពស់រូបនោះ បានថ្លៃងការពារមន្ដ្រីរដ្ឋភិបាលថា ពលរដ្ឋដែលួចឆ្លងដែនទៅធ្វើការដោយខុសច្បាប់នេះជារឿងបុគ្គល មិនមែនកំហុសលើមន្ដ្រីរដ្ឋាភិបាលទាំងស្រុងនោះទេ។

លោកស្រីបន្ដថា៖ “ខ្ញុំមិនជឿងថា មន្ដ្រីរដ្ឋាភិបាលមិនអាក្រក់ទាំងអស់នោះទេបើសិនអាក្រក់ទាំងអស់មិនធ្វើឲ្យប្រទេសជាតិបានប៉ុណ្ណោះទេចា៎! ពីព្រោះវាមានភាពប្រទាញប្រទុងគ្នាមួយទាញថយក្រោយមួយទាញទៅមុខ។ បើសិនកម្លាំងទាយថយក្រោយច្រើនជាងប្រទេសជាតិអត់អាចទៅមុខបានទេ។ ចឹងខ្ញុំគិតថា ក្នុងចំណោមហ្នឹង មានមនុស្សដែលល្អមនុស្ សដែលយកចិត្ដទុកដាក់មនុស្សដែលទទួលខុសត្រូវចឹងស្វែងល់ទៅថាជាអ្នកណា “។

តំណាងអង្គការវីនរ៉ុកអន្ដរជាតិ លោកស្រី សារ៉ា ភីយ៉ាសាណូ បានឲ្យដឹងថា ចាប់ពីឆ្នាំ២០១១ ដល់ឆ្នាំ២០១៥ អង្គការនេះ បានជួយសង្រ្គោះពលករដែលត្រូវបានជួញដូរទៅក្រៅប្រទេសបានប្រមាណ ១ ៥០០នាក់ ដែលក្នុងនោះត្រូវបានគេជួញដូរជាបុរសទៅប្រទេសឥណ្ឌូណេស៊ី ស្រ្ដីជួញដូរទៅប្រទេសចិន និងប្រទេសថៃ។

អង្គការដដែលនេះឲ្យដឹងថា នៅក្នុងឆ្នាំ២០១៦ អង្គការនេះសហការជាមួយអង្គការជាដៃគូបានជួយសង្គ្រោះជនចំណាកស្រុកដែលអាជ្ញាធរថៃបញ្ជូនមកកម្ពុជាវិញ បានចំនួន៣០០នាក់ក្នុងមួយថ្ងៃ។ លោកស្រីបញ្ជាក់ថា កត្ដាដែលនាំឲ្យពួកគេធ្វើចំណាកស្រុកដោយគ្រោះថ្នាក់នេះដោយសារពួកគេមានជីវភាពក្រីក្រ ខ្វះការងារនៅក្នុងស្រុក កង្វះព័ត៌មាន និងការប្រកបរបរកសិកម្មគ្មានទីផ្សារជាដើម។

លោកស្រីបន្ដថា៖ “កត្ដាចំបងដែលបងមានប្រសាសន៍ហ្នឹងគឺជាការត្រូវ។ ហើយកត្ដាទាំងអស់ វាតែងពាក់ព័ន្ធគ្នាមានន័យថាគាត់ចំណាកស្រុកដោយសារកត្ដាមួយទេជួនទៅគាត់មានសមាជិកគ្រួសារឈឺជំពាក់លុយទេ កង្វះព័ត៌មានស្ដីពីការងារនៅក្នុងស្រុក “។

អតីតជនរងគ្រោះ២៩នាក់ បានលើកឡើងថា បន្ទាប់ពួកគាត់ចូលរួមវគ្គបណ្ដុះបណ្ដាលដល់ពួកគេចំនួនពីរថ្ងៃចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី២៦ខែកញ្ញានេះ ពីអង្គការអន្ដរជាតិវីនរ៉ុក ពួកគេបានយល់ដឹងពីការធ្វើចំណាកស្រុកដោយគ្រោះថ្នាក់នេះ និងសម្រចមិនឲ្យជួបបញ្ហាធ្វើចំណាកស្រុកខុសច្បាប់ម្ដងទៀតនោះទេ។ ទោះជាយ៉ាងណា អតីតជនរងគ្រោះពីការជួញដូរនេះ ជំរុញឲ្យរដ្ឋាភិបាលចាត់វិធានការចំពោះក្រុមហ៊ុនជ្រើសរើសពលករខុសច្បាប់និងរកយុត្ដិធម៌ដល់ពួកគេ ។

ពួកគេស្នើថា៖ សូមឲ្យក្រសួងការងារពិនិត្យឲ្យបានច្បាស់មុនផ្ដល់អាជ្ញាប័ណ្ណឲ្យក្រុមហ៊ុននិមួយៗ រើសពលករទៅការនៅប្រទេសក្រៅ។ ក្រសួងការងារ និងតុលាការគួរតែសហការគ្នាបន្ថែមទៀតទាក់ទងការកើតមានបទល្មើសជួញដូរនៅពេលមានបញ្ហា។ ផ្តន្ទាទោសជនណាដែលធ្វើខុសតាមច្បាប់ ” 

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ