លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បញ្ជាក់ថាកិច្ចព្រមព្រៀងនិងពីធីសារប្រមាណជិត៣០ នឹងត្រូវចុះហត្ថលេខាជាមួយប្រធានាធិបតីចិនលោក ស៊ី ជីនពីង ខណៈមេដឹកនាំនៃប្រទេសមហាអំណាចសេដ្ឋកិច្ចនៅអាស៊ីរូបនេះគ្រោងមកទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជាចាប់ថ្ងៃទី១៣-១៤ ខែតុលា។
ថ្លែងក្នុងពិធីចែកសញ្ញាបត្រនៅព្រឹកថ្ងៃទី០៦ ខែតុលានេះលោក ហ៊ុន សែន ឲ្យដឹងទៀតថាក្នុងដំណើរទស្សនកិច្ចរបស់លោក ស៊ី ជីនពីង មកកម្ពុជា គឺនឹងនាំឲ្យមានការចុះលត្ថលេខាលើកិច្ចព្រមព្រៀងនិងពិធីសារជាច្រើន។
លោកថា៖ “តាមការគ្រោងទុក បើគ្មានការប្រែប្រួលទេ កិច្ចព្រមព្រៀងនិងពិធីសារមិនតិចជាង២៨ នឹងត្រូវចុះហត្ថលេខា។ នេះគឺជាកិច្ចព្រមព្រៀងដែលច្រើនបំផុត បន្ទាប់ពីទស្សនកិច្ចរបស់ខ្ញុំទៅប្រទេសចិននៅឆ្នាំ២០០៤ [… ]”។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ឲ្យដឹងបន្តថាដំណើរទស្សនកិច្ចលោក ស៊ី ជីនពីង គឺដើម្បីពង្រីកទំហំពាណិជ្ជកម្ម ការវិនិយោគ ការផ្តល់ជំនួយ និងការទាក់ទាញកំណើនភ្លៀវទេសចរចិន។
លោកថា៖ “ […] គឺខិតខំបើកទីផ្សារប្រទេសចិនដែលទីផ្សារដ៏ធំមួយសម្រាប់វិស័យកសិកផលរបស់កម្ពុជា […] ការវិនិយោគ ការផ្តល់ជំនួយនានានឹងត្រូវបានធ្វើឡើងក្នុងទំនាក់ទំនងកម្ពុជា–ចិន និងការតភ្ជាប់ យើងខិតខំរកទេសចរចិនឲ្យបាន […]” ។
ដំណើរទស្សនកិច្ចប្រធានាធិបតីចិនមកកម្ពុជា ត្រូវបានប្រកាសឲ្យដឹងដំបូងដោយមន្ត្រីជាន់ខ្ពស់របស់អគ្គស្នងការនរបាលជាតិនៅដើមខែតុលា និងក្រោយមានការប្រជុំជាមួយលោក វ៉ាង ស៊ីហុង អនុរដ្ឋមន្ត្រីសន្តិសុខសាធារណៈនិងភាគីកម្ពុជា ដោយពេលនោះភាគីចិនក៏បានសន្យាជួយកម្ពុជាលើកំណែទម្រង់វិស័យយុត្តិធម៌។
នេះគឺជាដំណើរទស្សនកិច្ចលើកទី២របស់លោក ស៊ី ជីនពីង មកកាន់កម្ពុជាបន្ទាប់ពីលើកទី១ត្រូវបានធ្វើឡើងនៅក្នុងឆ្នាំ២០០៩ នៅពេលដែលលោកកាន់ដំណែងជាអនុប្រធានាធិបតីចិននៅឡើយ។
ដំណើរទស្សនកិច្ចរបស់លោក ស៊ី ជីនពីង ក៏ត្រូវបានមជ្ឈដ្ឋានទូទៅមើលឃើញថាធ្វើឡើងបន្ទាប់ប្រទេសចិនបានសន្យាផ្តល់ជំនួយជិត៦០០លានដុល្លារដល់ប្រទេសកម្ពុជារួចហើយនៅក្នុងឆ្នាំ២០១៦ ហើយកើតឡើងនៅពេលកម្ពុជាបានស្នើសុំកញ្ចប់មូលនិធីបន្ទាន់ពីចិនមានទំហំទឹកប្រាក់៣០០លានដុល្លារ ដើម្បីទប់ស្កាត់បញ្ហាស្រូវធ្លាក់ថ្លៃខ្លាំង។
ជាការដឹងគុណចំពោះការគាំទ្រផ្នែកហិរញ្ញវត្ថុ ទាំងអ្នកវិភាគសង្គមនិងបញ្ញាវន្តនានាយល់ថា កម្ពុជាបានដើរតួជារបាំងការទូតរារាំងប្រទេសសមាជិកអាស៊ានកុំឲ្យរួបរួមសាមគ្គីគ្នាប្រឆាំងរដ្ឋាភិបាលក្រុងប៉េកាំងពាក់ព័ន្ធជម្លោះនៅសមុទ្រចិនខាងត្បូង៕