លោក ហ៊ុន សែន៖ កម្តៅនយោបាយស្ថិតលើមាត់អ្នកថា

លោក ហ៊ុន សែន (រូបភាពពីហ្វេសប៊ុកលោក ហ៊ុន សែន)

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ហាក់នៅតែបន្តប្រើវោហាសាសន៍ បញ្ឆិតបញ្ឆៀងទៅបក្សប្រឆាំងថា កម្ពុជាគ្មានកម្តៅនយោបាយកើតឡើង ដូចការលើកឡើយនោះទេ ដោយថាអ្វីដែលបានកើតឡើង លោកថាគ្រាន់តែជាស្រែកតគ្នាតាមអ្នកនយោបាយមួយចំនួនប៉ុណ្ណោះ។

ក្នុងពិធីចែកសញ្ញាបត្រដល់និស្សិត ដែលធ្វើឡើងក្នុងរាជធានីភ្នំពេញ នាថ្ងៃទី៦ខែតុលានេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងដោយមិនចំឈ្មោះថា សេកមួយចំនួនបានខំប្រឹងស្រែកតាម អ្នកនយោនយោយថា កម្ពុជាមានកម្តៅនយោបាយ។

លោក ហ៊ុន សែន អះអាងថា ស្ថាននយោបាយនៅកម្ពុជាស្ថិតក្នុងស្ថានភាពធម្មតា ចំណែកឯជំហរបស់បក្សកាន់អំណាចបែបណាពីមុន ពេលនេះក៏នៅដដែល។

ការថ្លែងរបស់លោក ហ៊ុន សែន នេះបើទោះបីលោកមិនបញ្ចេញឈ្មោះក៏ដោយ ប៉ុន្តែគេដឹងថា ទំនងជាសំដៅដល់មេដឹកនាំបក្សប្រឆាំង លោក កឹម សុខា ដែលបានចេញទៅចុះឈ្មោះបោះឆ្នោត ដោយមានអ្នកគាំទ្ររាប់សិបនាក់អមដំណើរ និងចំពេលដែលបក្សប្រឆាំងគ្រោងចូលប្រជុំសភាពេញអង្គឡើងវិញនៅថ្ងៃសុក្រស្អែកនេះ។

លោកថា៖ “អាគេថាតឹងយើងក៏នៅតែបណ្ណឹង អាគេថាធូយើងក៏នៅតែប៉ុណ្ណឹង អាគេចូលសភា យើងក៏នៅតែប៉ុណ្តឹង អាមិនចូលសភាក៏នៅតែប៉ុណ្ណឹង អាចុះមិនដឹងធ្វើម៉េច ស្រេចនឹងតាមមាត់គេទៅ ឯយើងក៏ស្រែកតែយើងអញ្ចឹងដែរ អ្នកថាគឺអ្នកថាទៅ អ្នកធ្វើគឺធ្វើទៅ រឿងតែប៉ុណ្ណឹងទេ ខ្ញុំករុណាខ្ញុំមិនឆ្លើយឆ្លងអីទេ។ ប៉ុន្តែរឿងវាអញ្ចឹងហេសអ្នកខ្លះខំថា ខ្ញុំធ្វើទុក បុកម្នេញ ដាក់គុកហើយ ស្រាប់ដល់រួចហើយចេញឆ្កុយមក”

នៅលើទំព័រហ្វេសប៊ុកផ្លូវការនៅថ្ងៃទី៦ខែតុលានេះ ប្រធានស្តីទីគណបក្សសង្រ្គោះជាតិលោក កឹម សុខា លើកឡើងថា “កុំបង្កាត់ភ្លើងជម្លោះ និងកុំចាក់សាំងលើភ្លើងជម្លោះ”។

លោក កឹម សុខា បន្តថា៖ «បើយើងនៅតែបន្ដឈ្លោះ បែកបាក់គ្នា ប្រទេសជាតិ និងប្រជាពលរដ្ឋខ្មែរនឹងគ្មានថ្ងៃចៀសផុតពីរណបប្រទេសណាមួយ ឬឲ្យផលប្រយោជន៍ទៅប្រទសណាមួយនោះទេ»។ បើតាមលោក កឹម សុខា «ដើម្បីឲ្យខ្មែរបានសេចក្តីសុខ រស់នៅដោយសុខដុមរមនា និងមានការរីកចម្រើនឋិតថេរ លុះត្រាតែ ឈប់យកខ្មែរគ្នាឯងធើ្វជាសត្រូវ ឈប់គុំគួនសងសឹកគ្នា និង កាត់បន្ថយជម្លោះឲ្យបានច្រើនជាទីបំផុត»។

អ្នកតាមដានស្ថានការណ៍នយោបាយ លោកបណ្ឌិត មាស នី លើកឡើងថា ដំណាក់កាលនេះ អ្នកនយោបាយត្រូវតែយកបញ្ហាដាក់លើតុ ជជែកគ្នារកដំណោះស្រាយ។លោកថា បើអ្នកនយោបាយនៅតែប្រើពាក្យសម្តីវាយប្រហារគ្នា លោកថានឹងធ្វើឲ្យប្រជាពលរដ្ឋនិងប្រទេសជាតិរងគ្រោះធំ។

លោកថា៖ “ត្រូវតែរកមធ្យោបាយ រកច្រកចេញទៅបើនៅបែបនេះវាអត់មានឯកភាពជាតិទេ ហើយអ្នកដែលខំឈ្លោះគ្នា ក៏អត់បានប្រជាប្រិយភាព ក្រៅពីរិះគន់កាន់តែច្រើនឡើងៗពីសំណាក់ពលរដ្ឋទូទៅ ខ្ញុំគិតថាអ្វីដែលគេកំពុងធ្វើរាល់ថ្ងៃនេះ គឺមិនបានចំណេញទៅដល់ប្រជាប្រិយភាពរបស់ខ្លួនទេ”។

កាលពីថ្ងៃទី១៤ខែកញ្ញា ប្រទេសចំនួន៣៦ មានសហរដ្ឋអាមេរិក ជប៉ុន ស្វីស អ៊ុយក្រែន រួមទាំងសមាជិកសហភាពអឺរុប ចំនួន២៨និងប្រទេសមួយចំនួនទៀត បានអះអាងរួមគ្នាថា ស្ថានការណ៍នយោបាយនៅកម្ពុជា បានគំរាមកំហែងសកម្មភាពស្របច្បាប់ របស់គណបក្សប្រឆាំង និងអង្គការមិនមែនរដ្ឋាភិបាល ដែលធ្វើការផ្នែកសិទ្ធិមនុស្ស។

ប្រទេសទាំងនោះ បានអំពាវនាវឲ្យរដ្ឋាភិបាលកម្ពុជា ខិតខំជាអតិប្បរិមា បង្កើតឲ្យមានបរិយាកាសនយោបាយមួយ ដោយថាឲ្យគណបក្សប្រឆាំង និងអង្គការសង្គមស៊ីវិល អាចធ្វើសកម្មភាពបានដោយសេរី ដោយគ្មានការភ័យខ្លាច ធានាដល់ដំណើការបោះឆ្នោត ឲ្យប្រព្រឹត្តិទៅដោយសេរី និងយុត្តិធម៌ និងធានាភាពស្របច្បាប់ ដល់រដ្ឋាភិបាលកើតក្រោយការបោះឆ្នោត ។

នៅថ្ងៃនេះដែរ លោក ជក អេកហ្កា (George Edgar) ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំនៅកម្ពុជា បានទៅជួបពិភាក្សាជាមួយលោក កឹម សុខា នៅទីស្នាក់ការកណ្ដាលគណបក្សសង្គ្រោះជាតិ។

បើតាម លោក កឹម សុខា ក្នុងជំនួបនេះ ភាគីទាំងពីរបានពិភាក្សាគ្នាអំពី ដំណើរការចុះឈ្មោះបោះឆ្នោតជាពិសេសភាពមិនប្រក្រតីដែលនៅតែមាននិងការវិវត្ដយោបាយចុងក្រោយនេះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ