រដ្ឋាភិបាលគ្រោងបិទដេប៉ូឈើណាដែលរកស៊ីខុសច្បាប់ ដើម្បីការពារបរិស្ថាន

សកម្មភាពសហគមន៍​ចុះ​​បង្ក្រាប​បទល្មើសព្រៃឈើ នាពេលកន្លងមក (រូបផ្ដល់​ឲ្យ​ដោយសហគមន៍​)

រដ្ឋមន្រ្តីក្រសួងបរិស្ថាន លោក សាយ សំអាល់ ឲ្យដឹងថាក្រសួងនឹងមានវិធានការបិទដេប៉ូឈើទាំងឡាយណាដែលមិនមានច្បាប់និងបានទិញឈើខុសច្បាប់ ដើម្បីជាការទប់ស្កាត់ការកាប់ឈើខុសច្បាប់។

ថ្លែងក្នុង «វេទិកានិពន្ធនាយកស្តីការពីការចូលរួមលើកកម្ពស់បរិស្ថាន» នៅរាជធានីភ្នំពេញនាព្រឹកថ្ងៃទី៦ ខែតុលានេះ រដ្ឋមន្រ្តីក្រសួងបរិស្ថាន លោក សាយ សំអាល់ មានប្រសាសន៍ថា ក្រសួងកំពុងស្រាវជ្រាវនិងកំពុងរៀបចំពាក្យបណ្តឹង ដើម្បីប្តឹងអ្នករកស៊ីឈើមួយចំនួនដែលនៅតែបន្តរកស៊ីឈើខុសច្បាប់។

លោក សាយ សំអាល់ ឲ្យដឹងថា ក្រោយពីមានការជជែកគ្នាជាមួយអ្នករកស៊ីឈើ ពីផលប៉ះពាល់បរិស្ថាន លោកថាមានអ្នករកស៊ីឈើមួយចំនួនបានប្តូរមុខរបរនេះ និងមួយចំនួនទៀតនៅតែបន្តរកស៊ីខុសច្បាប់ដដែល ប៉ុន្តែលោកមិនបានប្រាប់ឈ្មោះដេប៉ូ ឬអ្នករកស៊ីឈើដែលគ្រោងចាត់វិធានការផ្លូវច្បាប់នោះទេ។

លោកថា៖ យើងបានជួបប្រាស្រ័យទាក់ទងជាមួយអ្នករកស៊ីឈើ (ឈ្មួញ) នោះ អ្នកខ្លះគឺបានដូរមុខរបរ អ្នកខ្លះមិនទាន់ច្បាស់ ប៉ុន្តែពេលនោះ យើងបានរៀបចំគណៈកម្មការមួយដើម្បីបង្ក្រាបតែម្តង។ ចំពោះតង់ទី២នេះ នៅមានឈ្មួញជាច្រើនកំពុងជ្រកក្រោមឆ័ត្រ (ស្លាក) ជាដេប៉ូឈើ ហើយឥលូវនេះ យើងកសាងសុំនុំរឿងទៅតុលាការ

វីរៈជនការពាបរិស្ថានលោក អ៊ួច ឡេង មានប្រសាសន៍ថា លោកមិនមានជំនឿទៅលើវិធានការរបស់ក្រសួងដែលគ្រោងបិទដេប៉ូឈើខុសច្បាប់ពេលនេះទេ ដោយលោកថារដ្ឋាភិបាលបានប្រកាសជាច្រើនដងហើយពីយន្តការទប់ស្កាត់កាប់ឈើខុសច្បាប់ ប៉ុន្តែបច្ចុប្បន្ននេះ ការកាប់ឈើខុសច្បាប់នៅតែកើតមាន ជាពិសេសព្រៃក្នុងតំបន់ការពារ។

លោកថ្លែងថា៖ ខ្ញុំមិនសង្ឃឹមថា ឯកឧត្តម សាយ សំអាល់ និងលោកនាយករដ្ឋមន្រ្តីគាត់ដោះ ស្រាយបញ្ហានេះទេ ដោយសារម្ចាស់រោងចក្រអារឈើទាំងនោះ សុទ្ធតែជាសាច់ញាត្តិឬក៏ជាមន្រ្តីដែលស្និទ្ធស្នាលជាមួយលោកនាយករដ្ឋមន្រ្តី។ បន្ទាប់ពី [រដ្ឋាភិបាលប្រកាស] ការបំបាត់ការនាំឈើចេញទៅប្រទេសវៀតណាម ឬក៏មិនឲ្យមានការកាប់ឈើតទៅទៀត ខ្ញុំរកឃើញយ៉ាងហោចណាស់ ក៏៥ទៅ៦រោងចក្រដែរ នៅក្នុងតំបន់ការពារដែលរដ្ឋាភិបាលកំណត់ឲ្យការពារ 

កាលពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០១៦ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានក្រើនរំឭកក្រសួងពាក់ព័ន្ធបង្កើនកិច្ចសហការណ៍ល្អជាមួយអង្គការសង្គមស៊ីវិល ប្រជាសហគមន៍ និងដៃគូអភិវឌ្ឍន៍ ដែលលោកគិតថាទើបអាចទប់ស្កាប់បទល្មើសនានាហើយការពារបានធនធានធម្មជាតិប្រកបដោយប្រសិទ្ធភាព។

លោកនាយករដ្ឋមន្ត្រីថ្លែងទៀតថា កន្លងទៅក្រសួងពាក់ព័ន្ធ អង្គការសង្គមស៊ីវិល និងប្រជាសហគមន៍មានគោលបំណងទប់ស្កាត់បទល្មើសទាំងនេះដូចគ្នា ប៉ុន្តែលោកថាពួកគេហាក់ធ្វើការមិនចុះសម្រុងគ្នា។

លោក ហ៊ុន សែន ក៏រំឭកឲ្យមន្ត្រីរដ្ឋាភិបាលបង្កើតកិច្ចសហការណ៍ជាមួយដៃគូទាំងនោះដើម្បីទប់ស្កាត់បទល្មើសនានាឲ្យមានប្រសិទ្ធភាព។ ទោះបីមានការក្រើនរំឭកនេះ ទាំងអង្គការសង្គមស៊ីវិល និងអ្នកការពារបរិស្ថានអះអាងថាការកាប់ឈើខុសច្បាប់នៅតែបន្តកើតឡើងខ្លាំងដដែល៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ