រដ្ឋាភិបាលប្រកាសមិនយកពន្ធលើប្រាក់បៀរវត្សរ៍ក្រោម១លានរៀលនៅឆ្នាំក្រោយ

រដ្ឋាភិបាលកម្ពុជាបានប្រកាសកែប្រែទម្លាក់ការយកពន្ធលើប្រាក់បៀរវត្សរ៍ជាថ្មី ខណៈអ្នកវិភាគយល់ថាចំណាត់ការនេះអាចទទួលលទ្ធផលគាប់ប្រសើរ បើរដ្ឋាភិបាលកែលម្អប្រព័ន្ធពន្ធមិនចាំបាច់មួយចំនួន។

ថ្លែងក្នុងពិធីចែកសញ្ញាបត្រជូននិស្សិតសកលវិទ្យាល័យភូមិន្ទនីតិសាស្ដ្រ និងវិទ្យាសាស្ដ្រសេដ្ឋកិច្ច កាលពីព្រហស្បត្តិ៍ម្សិលមិញលោក ហ៊ុន សែន បានបញ្ជាក់ថាការកំណត់ចំនួនប្រាក់ខែដែលត្រូវជាប់កាតព្វកិច្ចបង់ពន្ធជូនរដ្ឋចាប់ពី១លានរៀល គឺមានគោលបំណងដើម្បីសម្រួលទុក្ខលំបាកមន្ដ្រីរាជការ កម្លាំងប្រដាប់អាវុធ គ្រូពេទ្យ និងក្រុមគ្រូបង្រៀនដែលលោកថាមានប្រមាណជា១៤ម៉ឺននាក់។

លោកមានប្រសាសន៍ថា៖ «យើងបានរំកិលពី៨០ម៉ឺនទៅ១លាន អញ្ចឹងចាប់ពីមួយលានទៅ អាហ្នឹងបានជាប់ពន្ធ ប៉ុន្តែក៏មានដែរមួយលានដល់ប៉ុន្មានអាហ្នឹងបានជាប់ប៉ុន្មានភាគរយ មួយលានដល់ប៉ុន្មានជាប់ប៉ុន្មានភាគរយ ប៉ុន្តែមិនមែនយកអាមួយលានហ្នឹងទៅបូកទាំងអស់ទេ ដូចថា មួយលានម្ភៃម៉ឺន អញ្ចឹងគេយកតែម្ភៃម៉ឺនទេមកគិតប៉ុន្មានភាគរយ អញ្ចឹងបង់ទៅវាតែប៉ុន្មានពាន់រៀលតែប៉ុណ្ណឹងទេ»។

ការប្រកាសនេះធ្វើឡើងបន្ទាប់ពីប្រាក់ឈ្នួលកម្មករ-កម្មការិនីនឹងត្រូវតម្លើងដល់ជាង៦០ម៉ឺនរៀល និង ប្រាក់ខែគ្រូបង្រៀនជាង៩០ម៉ឺនរៀលនៅឆ្នាំ២០១៧ ខាងមុខ។ ទោះជាយ៉ាងនេះក្ដី ក្រុមគ្រូបង្រៀននៅតែទាមទារតម្លើងប្រាក់ខែគោលយ៉ាងតិច ១,៥លានរៀល ដោយថាទើបអាចសម្រួលជីវភាពសមរម្យសម្រាប់ពួកគេ។

អ្នកវិភាគបានសាទរចំពោះការលើកឡើងរបស់លោកនាយករដ្ឋមន្ដ្រី ប៉ុន្តែបានទទូចឲ្យរដ្ឋាភិបាលធ្វើការកែទម្រង់លើប្រព័ន្ធបង់ពន្ធមិនចាំបាច់មួយចំនួន ដើម្បីសម្រួលដល់ពលរដ្ឋដែលជាប់កាតត្វកិច្ចបង់ពន្ធ ជាពិសេសដើម្បីឲ្យចំណាត់ការនោះប្រើចំគោលដៅ អាចទទួលបានប្រាក់ចំណូលច្រើនចូលរដ្ឋ។

លោក សន ជ័យ នាយកប្រតិបត្តិនៃអង្គការសម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជា បានបា្រប់ឲ្យ VOD ដឹងថា៖ «ខ្ញុំមើលឃើញថាសព្វថ្ងៃនេះ រដ្ឋាភិបាល ជាពិសេសខាងពន្ធដារ គេហាក់បីដូចជាការកំណត់ចំនួនពន្ធច្រើនមុខពេក។ ដល់ពេលពន្ធច្រើនមុខពេក ពន្ធខ្លះវាប្រមូលទៅបានតិចដូចជា ពន្ធលើប្រាក់បៀរវត្សរ៍ សម្រាប់អ្នកដែលប្រាក់បៀរវត្សរ៍១លានរៀល បើនិយាយពីកម្រិតការជាប់ពន្ធវាតិចតួចទេ។

លោកបន្ថែមទៀតថា៖ «អ្នកដែលមានប្រាក់ខែ១លាន បើសិនជាមូលដ្ឋាននៃការគិតពន្ធ គេកាត់ចោល៨០ម៉ឺនហើយ គេគិតពន្ធលើ២០ម៉ឺនទៀត សម្រាប់មូលដ្ឋានជាប់ពន្ធ ហើយវាស្ថិតនៅអត្រា៥% វាជាចំនួនដែលតិច ហើយវាអាចបង្កភាពស្មុគស្មាញអីច្រើនដែរសម្រាប់ការប្រមូលពន្ធ មាននីតិវិធីអីច្រើន តែការប្រមូលពន្ធបានតិច »

គួរបញ្ជាក់ថាតាមច្បាប់សារពើពន្ធឆ្នាំ២០១៦ បានតម្រូវឲ្យបុគ្គលិកមន្ដ្រីរាជការ និងគ្រូបង្រៀនដែលមានប្រាក់ខែយ៉ាងតិច៨០ម៉ឺនរៀលឡើង ត្រូវជាប់កាតព្វកិច្ចបង់ពន្ធចូលរដ្ឋ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ