ភរិយាសពលោកបណ្ឌិត កែម ឡី  អំពាវនាវពលរដ្ឋចូលរួមបុណ្យខួប ១០០ថ្ងៃ

អ្នកស្រី ប៊ូ រចនា ភរិយាសពលោកបណ្ឌិត កែម ឡី កាលពីពេល​កន្លង​មក

ភរិយាសពលោកបណ្ឌិត កែម ឡី  អំពាវនាវឲ្យប្រជាពលរដ្ឋក្នុងប្រទេសនិងក្រៅប្រទេសចូលរួមក្នុងពិធីបុណ្យគម្រប់១០០ថ្ងៃរបស់ស្វាមីអ្នកស្រីដែលប្រព្រឹត្តទៅចាប់ថ្ងៃទី១៤ ដល់ទី ១៧ខែតុលា ខាងមុខនេះ ខណៈដែលអាជ្ញាធររាជធានីភ្នំពេញ មិនអនុញ្ញាតឲ្យមានការរៀបចំពិធីបុណ្យខួប ១០០ថ្ងៃ នៅរាជធានីភ្នំពេញ។

 

នៅក្នុងវីដេអូឃ្លើបដែលបង្ហោះតាមបណ្ដាញសង្គមហ្វេសប៊ុករបស់អ្នកស្រី ប៊ូ រចនា សម្ដែងការសោកស្ដាយដែលមិនបានមកធ្វើបុណ្យស្វាមីរបស់អ្នកស្រី ដោយសារ អ្នកស្រីទើបសម្រាកបុត្ររួច មិនអាចធ្វើដំណើរឆ្ងាយបាន ប៉ុន្តែអ្នកស្រីអំពាវនាវឲ្យពលរដ្ឋទាំងក្នុងនិងក្រៅប្រទេសឲ្យចូលរួមក្នុងពិធីបុណ្យគម្រប់ខួប ១០០ ថ្ងៃនាពេលខាងមុខនេះ។

 

អ្នកស្រី៖”ជម្រាបសួរបងប្អូន នាងខ្ញុំឈ្មោះ ប៊ូ រចនា គឺភរិយាលោក កែម ឡី នាងខ្ញុំសូមអំពាវនាវ ពុកម៉ែបងប្អូន យុវជនយុវតិទាំងអស់ ជនរួមជាតិទាំងអស់ គ្រប់មជ្ឈដ្ឋាន គ្រប់ទីកន្លែងអស់ ទាំងក្នុងនិងក្រៅប្រទេស ទាំងអស់ មេត្តា អញ្ចើញចូលរួម ពិធីបុណ្យ គម្របខួប ១០០ ថ្ងៃ របស់ប្ដីនាងខ្ញុំ ដែលប្រព្រឹត្តទៅរយៈពេល៤ ថ្ងៃ ចាប់ពីថ្ងៃទី ១៤ ដល់ថ្ងៃទី ១៧ ខែតុលា ឆ្នាំ២០១៦ ខាងមុខនេះ ។ ថ្ងៃទី ១៤ និង ១៥ ធ្វើនៅវត្តចាស់ត្រើយខាងកើតស្ពានជ្រោយចង្វារ កន្លែង ដែលពីពេលធ្វើបុណ្យសពប្ដីរបស់នាងខ្ញុំ កម្មវិធីបុណ្យធ្វើចំនួន ២ ថ្ងៃនៅវត្តចាស់…

 

ទាក់ទងនឹងការអំពាវនាវអ្នកស្រី ប៊ូ រចនា ភរិយាសពលោកបណ្ឌិត កែម ឡី ដែរនេះ  នាយកប្រតិបត្តិនៃមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារនិងសិទ្ធិមនុស្ស លោក មឿន តុលា មានប្រសាសន៍ថា  រដ្ឋាភិបាលគួរតែជួយសម្រួលឲ្យក្រុមគ្រួសារនិងគណៈកម្មការរៀបចំពិធីបុណ្យ១០០ថ្ងៃ លោក កែម ឡី នេះ ឲ្យបានរលូន ជាងធ្វើការហាមឃាត ។ លោកថា ប្រសិនបើអាជ្ញាធរនៅតែបន្តហាមឃាតនោះ វាមិនបានសម្រេចអ្វីឡើយ មានតែធ្វើឲ្យសាធារណជនកាន់តែសង្ស័យថែមទៀត ចំពោះឃាតកម្មលោកលើក កែម ឡី   ហើយក៏គ្មានច្បាប់ណាចែងថាគ្រប់ពិធីបុណ្យត្រូវតែធ្វើនៅផ្ទះ និងផ្នូរដែរ ។

 

មានប្រសាសន៍ថា៖”សាលារាជធានីភ្នំពេញអនុញ្ញាតឬ មិនអនុញ្ញាត វាអត់មានច្បាប់ណាហាមឃាត មិនឲ្យធ្វើបុណ្យទេ ព្រោះបាវចនាយើងជាតិ សាសនា ព្រះមហាក្សត្រ ហេតុដូច្នេះ កាលណាបើយើងឃាតមនុស្សមិនឲ្យធ្វើបុណ្យ វាហាក់ដូចជាផ្ទុយនិងជំនឿហ្នឹងបាវចនា ពាក់ព័ន្ធហ្នឹងសាសនាហើយ កំពុងរំលោភសិទ្ធិប្រជាពលរដ្ឋក្នុងការបារព្ធសាសនាហើយ”។

 

កាលពីថ្ងៃទី២៣ ខែកញ្ញា កន្លងមក គណៈកម្មការបុណ្យសពលោកបណ្ឌិត កែម ឡី ក៏បានស្នើសុំការអនុញ្ញាតពីសាលារាជធានីភ្នំពេញ ដើម្បីរៀបចំពិធីបុណ្យគម្រប់ខួប ១០០ថ្ងៃផងដែរ ប៉ុន្តែក៏ត្រូវបានអាជ្ញាធររាជធានីភ្នំពេញ បដិសេធ ។ សាលារាជធានីភ្នំពេញ បានតម្រូវឲ្យក្រុមគ្រួសារសពរៀបចំពិធីបុណ្យតាមបែបព្រះពុទ្ធសាសនានៅគេហដ្ឋាន ឬទីកន្លែងបញ្ចុះសពនៅក្នុងស្រុកកំណើតវិញ។ ទោះជាយ៉ាងណា គណៈកម្មការរៀបចំបុណ្យខួប១០០ថ្ងៃ បុណ្យលើកឡើងថា បើទោះបីជាសាលារាជធានីមិនអនុញ្ញាក៏ដោយក៏ពិធីបុណ្យ នៅតែធ្វើនៅវត្តចាស់តាមការគ្រោងទុក។

 

លោក កែម ឡី អាយុ៤៦ឆ្នាំ ជាអ្នកស្រាវជ្រាវពីការអភិវឌ្ឍសង្គមនិងជាអ្នកវិភាគនៅកម្ពុជា ត្រូវបានខ្មាន់កាំភ្លើងបាញ់សម្លាប់នៅក្នុងម៉ាតមួយកន្លែង ម្ដុំស្តុបបូកគោ ក្នុងរាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៦។

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ