ពលករចំណាកស្រុកទៅថៃមួយចំនួនមិនអាចចុះឈ្មោះបោះឆ្នោត

គ.ជ.ប

ពលករខ្មែរចំណាកស្រុកមួយចំនួនបានឲ្យដឹងថា មន្ត្រី គ.ជ.ប នៅខេត្តជាប់ព្រំដែនកម្ពុជា/ថៃមិនព្រមចុះឈ្មោះបោះឆ្នោតឲ្យពួកគេនោះទេ ដោយថាបើទោះបីជាមានអត្តសញ្ញាណប័ណ្ណនិងអ្នកធានា(សាក្សី)ក៏ដោយ។

កាលពីថ្ងៃទី៩ខែតុលា ពលករចំណាកស្រុកប្រមាណ៥០នាក់បានធ្វើដំណើរពីប្រទេសថៃឆ្លងដែនមកទឹកដីកម្ពុជា ដើម្បីទៅសុំចុះឈ្មោះបោះឆ្នោតនៅមណ្ឌមួយស្ថិតក្នុងវត្តត្រាច ភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

មានស្រុកកំណើតនៅខេត្តបាត់តំបងនិងជាតំណាងពលករចំណាកស្រុកនៅប្រទេសថៃអ្នកស្រី សុខ រស្មី បានប្រាប់VODនៅថ្ងៃអង្គារនេះថា កាលពីថ្ងៃអាទិត្យសប្តាហ៍មុនពួកគេមានការខកចិត្តនឹងមន្ត្រី គ.ជ.ប នៅសង្កាត់ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដោយថាមិនព្រមចុះឈ្មោះឲ្យពួកគេទេ បើទោះជាច្បាប់ គ.ជ.ប ថ្មីតម្រូវឲ្យពលរដ្ឋខ្មែរចុះឈ្មោះនៅទីណាក៏បាន ពោលនៅក្នុងទឹកដីកម្ពុជា។ លើសពីនេះទៀត អ្នកស្រីថាមន្ត្រី គ.ជ.ប ប្រាប់ឲ្យពួកគេទៅចុះឈ្មោះនៅស្រុកកំណើតរបស់ខ្លួនទៅវិញ។

គ្រូបង្គោលផ្នែកកុំព្យូទ័រនៅ គ.ជ.ប ប្រចំាក្រុងប៉ោយប៉ែតលោក ឆាត វិជ្ជា ពន្យល់ថា ករណីពលករខ្មែរនៅប្រទេសថៃ ហើយមានបំណងមកចុះឈ្មោះបោះឆ្នោតនៅជាយដែនជាប់ប្រទេសនោះ ពោលពលករទំាងនោះមិនមានលំនៅ ជួល ឬទីសំណាក់ចុងក្រោយនៅក្នុងទឹកដីនៃមណ្ឌលចុះឈ្មោះបោះឆ្នោតទេ លោកថា គជប ចេញទម្រង់បដិសេធ១០.០៩ ដោយឲ្យពលករនោះយកទៅជួបអាជ្ញាធរមូលដ្ឋាន ដើម្បីឲ្យអាជ្ញាធរ បំពេញយកទៅ ភ្ជាប់ជាមួយអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ រួមទំាងអ្នកធានា (សាក្សី១នាក់) ដែលបានចុះឈ្មោះបោះឆ្នោតហើយទើប គ.ជ.ប ចុះឈ្មោះឲ្យ។

លោក ឆាត វិជ្ជា បញ្ជាក់ថា ចំពោះពលករដែលមិនមានទីលំនៅច្បាស់លាស់ឬហៅថាទីសំណាក់ចុងក្រោយ  ហើយមានបំណងចង់ទៅចុះឈ្មោះបោះឆ្នោតដែលមិនមែននៅក្នុងទីសំណាក់ចុងក្រោយនោះ លោកថា គជប មិនទាន់ចេញគោលការណ៍ច្បាស់លាស់ សម្រាប់បម្រើឲ្យការចុះឈ្មោះបោះឆ្នោតនៅឡើយ។

អ្នកធានា (សាក្សី) លោក ញ៉ែត លាង រស់នៅសង្កាត់ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានអះអាងប្រាប់   វីអូឌីថា គាត់ជាអ្នកធានាឲ្យពលករខ្មែរចំណាកស្រុកមកពីប្រទេសថៃ។ លោកថា នៅពេលពលករទៅសុំបញ្ជាក់ទីលំនៅចុងក្រោយនៅសង្កាត់ប៉ោយប៉ែតនោះ លោកថា សាលាសង្កាត់មិនព្រមធ្វើឲ្យនោះទេ ដោយថា ពួកគេមិនមានទីលំនៅចុងក្រោយក្នុងសង្កាត់នោះ។

VOD បានទាក់ទងទៅចៅសង្កាត់រងទី១ មកពីគណបក្សប្រជាជនកម្ពុជា គឺលោក វ៉ា ជឹមណារ៉េត សុំការបំភ្លឺជុំវិញករណីនេះដែរ តែលោកថា ជាប់រវល់ចុះឈ្មោះឲ្យប្រជាពលរដ្ឋបោះឆ្នោត។

កាលពីពេលថ្មីៗនេះ លោកស្រី មួរ សុខហួរ សមាជិកសភាខាងគណបក្សសង្គ្រោះជាតិប្រចាំខេត្តបាត់ដំបង បានស្នើឲ្យពលករខ្មែរទាំងអស់ដែលកំពុងបម្រើការងារនៅថៃប្រមាណ១លាន១សែននាក់ អាចមកចុះឈ្មោះបោះឆ្នោតសម្រាប់ការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ ថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៧។ ឆ្លើយតបករណីនេះ ក្រសួងការងារថៃបានចេញសេចក្ដីថ្លែងការណ៍អនុញ្ញាតឲ្យពលករខ្មែរដែលកំពុងធ្វើការក្នុងប្រទេសនេះ អាចវិលត្រឡប់មកកម្ពុជាវិញ ដើម្បីចុះឈ្មោះនិងចូលរួមបោះឆ្នោតនៅក្នុងការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ផងដែរ។

គួរបញ្ជាក់ផងដែរថាកាលបរិច្ឆេទនៃដំណើរការចុះឈ្មោះបោះឆ្នោត ចាប់ផ្ដើមពីថ្ងៃទី១កញ្ញារហូតដល់ថ្ងៃទី២៩វិច្ឆិកាឆ្នាំ២០១៦៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ