អគ្គនាយកដ្ឋាន​ពន្ធ​នាគារ​ដាក់​ការ​សង្ស័យ​ទៅ​លើមន្ត្រីខ្លួនករណីអ្នកទោសរត់

អគ្គនាយកដ្ឋានពន្ធនាគារថាកំពុងធ្វើការស៊ើបអង្កេតលើមន្ត្រីរបស់ខ្លួន ករណីអ្នកទោសម្នាក់រត់គេចខ្លួនខណៈចូលសំរាកនៅមន្ទីរពេទ្យរុស្ស៊ីកាលពីយប់ថ្ងៃទី៨តុលាកន្លងទៅ។

ប្រធានចលនារណសិរ្សរួបរួមជាតិ លោក សោម ឯក ត្រូវបានតុលាការសម្រេចដាក់ពន្ធនាគារ៤៦ឆ្នាំ៦ខែ ទាក់ទងនឹងបទសមគំនិតភេរវកម្មនិងប្រើគ្រឿងផ្ទុះនិងគ្រាប់រំសេវខុសច្បាប់ និងការកេណ្ណបណ្តុះបណ្តាលភេរវកម្ម។

ក្នុងដីកាបង្គាប់ឲ្យចាប់ខ្លួនចុះថ្ងៃទី១០ តុលា ដែលបានបញ្ជាដោយព្រះរាជអជ្ញារង សុំ វណ្ណនី បានបង្គាប់ឲ្យកងកម្លាំងសាធារណៈទាំងអស់តាមរកចាប់ខ្លួនឈ្មោះ សោម ឯក អាយុ៤៤ឆ្នាំ ដែលបានរត់គេចខ្លួនពេលបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យរុស្ស៊ីកាលពីថ្ងៃទី៨តុលា បន្ទាប់ពីបានអនុវត្តន៍ទោសបានចំនួន៧ឆ្នាំ ៨ខែ និង២៥ថ្ងៃ។

អ្នកនាំពាក្យអគ្គនាយកដ្ឋានពន្ធនាគារលោក នុត សាវនា បានឲ្យវីអូឌីដឹងថា លោក សោម ឯក ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យរុស្ស៊ីទាំងយប់ក្រោយពេលដែលបានទទួលព័ត៌មានថាលោកមានជំងឺលើសឈាម និងបានរអិលដួល។ លោកបន្ថែមថា លោក សោម ឯក បានរត់គេចពីមន្ទីរពេទ្យនៅម៉ោងប្រមាណ១១យប់ថ្ងៃ៨ តុលា។ លោកបន្ថែមទៀតថា បច្ចុប្បន្នអគ្គនាយកដ្ឋានពន្ធនាគារកំពុងតែស៊ើបអង្កេតលើករណីនេះ និងបានដាក់ការសង្ស័យទៅលើមន្ត្រីពន្ធនាគារពីររូបដែលបានបញ្ជូនសោម ឯក ទៅមន្ទីរពេទ្យ។

លោកថា៖ “រឿងនេះមន្ត្រីក៏ស្ថិតនៅក្រោមការស៊ើបអង្កេតរបស់សមត្ថកិច្ចដែរ មន្ត្រីដែលនាំគាត់ទៅពេទ្យនោះ អញ្ចឹងទេជំនាញកំពុងស្រាវជ្រាវរឿងហ្នឹង ដូច្នេះខ្ញុំអត់អាចអធិប្បាយបានលើសពីហ្នឹងទេ។ … តាមពិតទៅយើងក៏អត់ទាន់អាចសនិដ្ឋានបានថាជាការធ្វេសប្រហែស ឬក៏ជាការចូលរួមឬក៏សមគំនិតអីយ៉ាងមិញទេ តែរឿងនេះយើងកំពុងតែយកចិត្តទុកដាក់ខ្លាំងព្រោះបទល្មើសនេះធ្ងន់ធ្ងរណាស់។ បច្ចុប្បន្នគឺមន្ត្រីពីរនាក់ គាត់ប្រឈមច្រើនគឹគាត់អាចនឹងជាប់គុកខ្លូនឯងក៏មាន”។

បើតាមលោក សាវនា លោក សោម ឯក ក្រៅពីបានកាត់ទោសរួចហើយនូវបទល្មើសពីរខាងលើ។ សោម ឯក ក៏នៅជាប់បទល្មើសប្លន់មួយករណីទៀត ហើយនៅពេលនេះលោកប្រព្រឹត្តិបទល្មើសរត់គេចពីការអនុវត្តន៍ទោសមួយករណីបន្ថែមទៀត៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ