រដ្ឋាភិបាលថានឹងលើកយកបញ្ហាព្រំដែនទៅពិភាក្សាជាមួយវៀតណាមនៅសប្តាហ៍ក្រោយ

លោក ហ៊ុន សែន (រូបភាពពីហ្វេសប៊ុកលោក ហ៊ុន សែន)

 

មន្ត្រីរដ្ឋាភិបាលអះអាងថា   កម្ពុជានឹងលើកយកបញ្ហាព្រំដែនទៅពិភាក្សាជាមួយភាគីវៀតណាមនៅទីក្រុង ហូជីមិញ សប្ដាហ៍ក្រោយ  ដើម្បីស្វែងរកដំណោះស្រាយ ពីភាពចម្រូងចម្រាសនៃការបោះបង្គោលព្រំដែនដែលនៅសេសសល់។

កាលពីចុងខែសីហា គណៈកម្មការជំនាញព្រំដែនកម្ពុជា-វៀតណាមបានពិភាក្សាចំនួនពីរថ្ងៃ ដោយនៅក្នុងកិច្ចប្រជុំនោះ កម្ពុជាស្នើឲ្យភាគីវៀតណាមបញ្ឈប់សកម្មភាពធ្វើផ្លូវ ជីកស្រះ និងធ្វើប៉ុស្ដិ៍យាមនៅតំបន់ហាមឃាត់ឬតំបន់សរវាងប្រទេសទាំងពីរ ។  ក៏ប៉ុន្តែភាគីវៀតណាមនៅតែបន្តសង់ប៉ុស្ដិ៍យាមនៅក្នុងខេត្តរតនគិរី បើទោះបីជាមានការហាមឃាត់ពីកម្ពុជា ។

ប្រធានគណៈកម្មាធិការព្រំដែនកម្ពុជា លោក វ៉ា គឹមហុង អះអាងថា នៅសប្ដាហ៍ក្រោយ កម្ពុជានឹងយកបញ្ហានេះទៅជជែងជាមួយភាគីវៀតណាមនៅទីក្រុងហូជីមិញ។

លោកមានប្រសាសន៍ថា៖”មានចម្លើយអីក្រៅពីរង់ចាំ ខាងយើងវីអូឌី មានចម្លើយអីក្រៅពីរង់ចាំសួរមើលៗជួយប្រាប់ផង ជួយប្រាប់មកថាម៉េចៗ រង់ចាំលូវយើងប្រាប់គេ យើងតវ៉ា យើងធ្វើអីគ្រប់សព្វហើយណាស់ យើងបានឲ្យអាជ្ញាធរវីរៈព្រំដែនទៅហាមឃាត់គេ ហើយគេនៅតែធ្វើ………ប្រទេសយើងវាជាប់គ្នា ។ ធម្មតាទេ ជូនកាលយើងធ្វើចូលទៅគេ ជូនគេចូលមកយើង ជូនកាលយើងធ្វើរំលោភទៅគេក៏ឃាត យើងក៏មិនឈប់ ហើយជូនកាលយើងឃាត ទៅគេមិនឈប់ចឹងដែរ អាហ្នឹងមានចឹង ប៉ុន្តែយើងនូវតែបន្តការចរចា ហើយអាទិត្យក្រោយយើងនិងចរចានៅទីក្រុងហូជីមិញ”។

អ្នកនាំពាក្យសាលាខេត្តរតនគិរី លោក ញ៉ែម សំអឿន ប្រាប់វីអូឌីនៅថ្ងៃអង្គារនេះថា វៀតណាមនៅតែបន្តសង់បានជាង៨០% បើទោះជាមានការស្នើសុំឲ្យផ្អាកពីភាគីកម្ពុជា។

លោកមានប្រសាសន៍ថា៖”ខេត្តយើងមិនមានសមត្ថភាពរាំងខ្ទប់អីទេ យើគ្រាន់តែជួបក្នុងនាមភាគី រវាងខេត្តយើង និងខេត្តយ៉ាឡាយ គឺចរចារកុំឲ្យមានការសាងសង់ និងបញ្ឈប់អីចឹង ព្រោះយើងមានអនុស្សារណរវាងប្រទេសទាំងពី និងរាជរដ្ឋាភិបាលប្រទេសទាំងពីរ គឺត្រូវរក្សាស្ថានភាពដើមនៅតាមព្រំដែន ។ គេថាយើងចឹង មិនមែនអំណាចរបស់ខេត្តទៀតទេ ………….វាទាល់តែរដ្ឋាភិបាលគេហាមឃាតទើបបានគេឈប់”។

អ្នកស្រាវជ្រាវពីការអភិវឌ្ឍសង្គមលោកបណ្ឌិត មាស នី មានប្រសាសន៍ថា រដ្ឋាភិបាលកម្ពុជាតែងចាត់ទុកថាភាគីទាំងជាដៃគួរមួយ មានស្មើភាពគ្នា  ដោយមិនមានអ្នកណានៅក្រោមអ្នកណា ប៉ុន្តែវៀតណាមមិនបានចាត់ទុកដូចនោះឡើយ ខណៈកម្ពុជាបានផ្ញើកំណត់តវ៉ាជាច្រើនលើក ករណីវៀតណាមធ្វើសកម្មភាពរំលោភតាមព្រំដែននេះ តែភាគីវៀតណាមនៅតែមិនព្រមឆ្លើយ ។

លោកមានប្រសាសន៍ថា៖”វៀតណាមនៅតែដាក់ខ្មែរឲ្យនៅទាបជាងគេ បានន័យថាគេមិនខ្វល់ស្ដាប់យើង ហើយចំណាត់ការទូតយើងទៅក៏គេមិនឆ្លើយ មកវិញ លូវនេះ យើងទៅដល់ផ្ទះគេទៀត។ ខ្ញុំមិនទាន់ហានប៉ានប្រមាណថា ម៉េចទេ ប៉ុន្តែក្នុងអារម្មណ៍ របស់ខ្ញុំជាខ្មែរ ទាក់ទងករណីព្រំដែននេះខ្ញុំមានការខលចិត្តណាស់ ដែលរដ្ឋាភិបាលប្រទេសពីរនេះ មិនបានចាត់ទុកគ្នាថាជាដៃគួរ គេហាក់ដូចជាចាត់ទុកថាយើងជាអ្នកជំពាក់គុណគេ ។ ចឹងគេមិនចង់និយាយរក ហើយរឿងព្រំដែន ជារឿងរបស់គេត្រូវគ្រប់គ្រងចឹងយើងមិនមានសិទ្ធិតវ៉ា ក្នុងនាមខ្ញុំជាខ្មែរ ។ ប៉ុន្តែយើងចាំមើលៗ ថាតើរដ្ឋាភិបាលខ្មែរយើងហ្នឹងមានសមត្ថភាពគ្រប់គ្រាន់ក្នុងការធ្វើការជាមួយរដ្ឋាភិបាលវៀតណាម ដែលតែអះអងថា ជាសាមីភាគីដែលមានភាពស្មើភាពគ្នានោះ ចឹងយើងចាំមើលទៀតចឹងខ្ញុំមិនទាន់ហានថាយ៉ាងម៉េចទេ យើងចាំមើលលទ្ធនៃការប្រជុំហ្នឹងប្រព្រឹត្តទៅក្នុងពេលខាងមុខឆាប់ៗ”។

គួរបញ្ជាក់ថា ចាប់តាំងពីឆ្នាំ២០១១រហូតពាក់កណ្តាលខែសីហាឆ្នាំ២០១៦នេះ កម្ពុជាបានធ្វើកំណត់ទូតសរុប២៣ហើយ ដោយស្នើឲ្យវៀតណាមបញ្ឈប់សាងសង់ឬធ្វើផ្លូវនៅតំបន់ហាមឃាត់ជាប់ព្រំប្រទល់នៃប្រទេសទាំងពីរ។ បើទោះបីជាកម្ពុជាស្នើឲ្យបញ្ឈប់ក្ដី ប៉ុន្តែភាគីវៀតណាមនៅតែបន្តធ្វើ ពិសេសនៅខែសីហានេះ ភាគីវៀតណាមបានសាងសង់ប៉ុស្តិ៍យោធាចំនួនពីរទៀតនៅស្រុកអូយាដាវ ខេត្តរតនគិរី៕

 

 

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ