បក្សប្រឆំាងស្នើទៅតំណាង UN ជួយឲ្យស្ថានភាពនយោបាយនៅកម្ពុជាវិលទៅរកប្រក្រតីវិញ

អតីតតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិលោក អេង ឆៃអ៊ាង

គណបក្សប្រឆំាងស្នើទៅអ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា ជួយដោះស្រាយវិបត្តិនយោបាយនៅម្ពុជា ដោយថាដើម្បីឲ្យការបោះឆ្នោតទទួលបានសេរី ត្រឹមត្រូវ និងយុត្តិធម៌។

ក្រោយពីជំនួបបិទទ្វារប្រហែល១ម៉ោងនៅថ្ងៃពុធនេះ តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិលោក អេង ឆៃអ៊ាង បានថ្លែងប្រាប់អ្នកសារព័ត៌មាននៅទីស្នាក់ការកណ្តាលគណបក្សថា អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិទទួលលោកស្រី រ៉ូណា ស្មីត មកជួបថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ ដើម្បីស្តាប់ពីស្ថានភាពនយោបាយនៅកម្ពុជា អភ័យឯកសិទ្ធិតំណាងរាស្ត្រ ស្ថានភាពច្បាប់ទាក់ទងនឹងសកម្មជន ថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ ជាពិសេសរឿងបណ្តឹងប្រឆាំងលោក កឹម សុខា នៅតុលាការជាដើម។

លោក អេង ឆៃអ៊ាង ថ្លែងទៀតថា គណបក្សសង្គ្រោះបានស្នើទៅ លោកស្រី រ៉ូណា ស្មីត ជួយអន្តរាគមន៍ទៅរដ្ឋាភិបាលកម្ពុជា ដោយលោកថា ដើម្បីឲ្យស្ថានការណ៍នយោបាយនៅកម្ពុជាវិលទៅរកប្រក្រតីភាពឡើងវីញ៖ «យើងស្នើសុំឲ្យគាត់ជួយធ្វើម៉េចឲ្យស្ថានភាពទប់ស្កាត់នូវរាល់ស្ថានភាពនៃការរំលោភសិទ្ធិមនុស្ស សិទ្ធិនយោបាយ ធ្វើម៉េចឲ្យបរិយាកាសនយោបាយឲ្យវិលទៅរកភាពប្រក្រតីឡើងវិញ ហើយដើម្បីធានាឲ្យមានការបោះឆ្នោតដោយសេរី ត្រឹមត្រូវ និងស្មើភាព»។

ទាក់ទងនឹងករណីនេះ លោកស្រី រ៉ូណា ស្មីត បានថ្លែងប្រាប់អ្នកសារព័ត៌មានយ៉ាងខ្លីថា កម្ពុជានៅមានការងារច្រើនដែលត្រូវជជែកគ្នា ដើម្បីឲ្យការអនុវត្តច្បាប់ស្របតាមរដ្ឋធម្មនុញ្ញកម្ពុជា៖ «ខ្ញុំគិតថា (វាឬកម្ពុជា) មានបញ្ហាជាច្រើនដែលត្រូវបានពិភាក្សាគ្នា ដើម្បីធ្វើឱ្យប្រាកដរដ្ឋធម្មនុញ្ញអនុវត្តឱ្យបានត្រឹមត្រូវ»។

កំដៅនយោបាយនៅកម្ពុជាបានកើនឡើងខ្លាំងនៅពេលដែលតុលាការកាត់ទោស លោក កឹម សុខា ឲ្យជាប់ទោស៥ខែនិងពិន័យជាប្រាក់៨សែនរៀលពីបទបដិសេធមិនចូលខ្លួនពាក់ព័ន្ធសំណុំរឿងស្នេហា។

ក្រោយពីមានការសម្រេចនេះ គណបក្សប្រឆាំងបានប្រកាសឲ្យអ្នកគាំទ្រខ្លួនត្រៀមធ្វើបាតុកម្មដោយទាមទារឲ្យមានការពារសិទ្ធិសេរីភាពបញ្ចេញមតិ របបប្រជាធិបតេយ្យសេរីពហុបក្ស និងអភ័យឯកសិទ្ធិសភា ដែលចែងនៅក្នុងរដ្ឋធម្មនុញ្ញ តែលោក ហ៊ុន សែន បានព្រមានប្រើកម្លាំងប្រដាប់អាវុធបង្ក្រាបបាតុកម្មនេះ។

អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាលោក សុខ ឥសាន មានប្រសាសន៍ថា ដើម្បីកុំឲ្យស្ថានភាពនយោបាយនៅកម្ពុជាឡើងកម្តៅ លោកថា ថ្នាក់ដឹកនាំ មន្ត្រី និងអ្នកគំាទ្របក្សប្រឆំាង ឈប់ប្រព្រឹត្តបទល្មើសបន្តទៀត ដោយលោកថា អ្នកប្រព្រឹត្តបទល្មើសពីមុន ទុកឲ្យតុលាការចាត់វិធានការតាមនីតិវិធីច្បាប់។ ផ្ទុយទៅវិញលោកថា បើតំណាងUN ជួយអន្តរាគមន៍លើរឿងអ្នកប្រព្រឹត្តល្មើសនៅកម្ពុជា លោកថារំលោភលើនីតិរដ្ឋនៅកម្ពុជា៖ «បើគាត់ចូលអន្តរាគមន៍លូកដៃចូលទៅក្នុងបញ្ហានេះ(លូកដៃលើអ្នកប្រព្រឹត្តបទល្មើសព្រហ្មទណ្ឌ)បានសេចក្តីថាគាត់យកវប្បធម៌និទណ្ឌភាពមកជំនួសឲ្យនីតិរដ្ឋ ដែលជាស្មារតីនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងបារីស»។

គួរបញ្ជាក់ថា លោកស្រី រ៉ូណា ស្មីត ត្រូវបំពេញទស្សនកិច្ចរយៈពេល១០ថ្ងៃនៅកម្ពុជា ចាប់ពីថ្ងៃទី១០ រហូតដល់ ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៦។ អ្នកស្រីនឹងផ្តោតដំណើរបេសកកម្មនេះលើស្ថានភាពបច្ចុប្បន្ននៃសិទ្ធិមនុស្ស និងតាមដានការអនុវត្តអនុសាសន៍នានាដែលបានផ្តល់ជូនរដ្ឋាភិបាលកម្ពុជា៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ